រដ្ឋមន្ត្រី​បរិស្ថាន ​ប្ដេជ្ញា​ថា​នឹង​ព្យាយាម​ប្រើប្រាស់​ធនធានធម្មជាតិ​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិឧស្សា​ហកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ

រដ្ឋមន្ត្រី​បរិស្ថាន ​ប្ដេជ្ញា​ថា​នឹង​ព្យាយាម​ប្រើប្រាស់​ធនធានធម្មជាតិ​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិឧស្សា​ហកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ



ភ្នំពេញ​ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ​«ធនធាន​ដីធ្លី​ដ៏​មាន​ជីជាតិ​របស់​ប្រទេស​កម្ពុជា​ គឺ​មាន​ច្រើន​ណាស់ ដូច្នេះ​ក្រសួងបរិស្ថាន​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ជំរុញ​បង្កើន​នូវ​ដំណាំ​កសិឧស្សាហកម្ម​ឲ្យ​កាន់​តែ​ច្រើន​ ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ពី​បរទេស​»។
លោក​ សាយ ​សំ​អាល់​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​លើ​វិស័យ​កសិឧស្សាហកម្ម​ជា​ការ​រក្សា​នៅ​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា និង​ជា​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​ធម្មជាតិ​បៃតង​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បុគ្គលិក សាស្ត្រា សិស្ស​-​និស្សិត និង​ប្រកាស​ទទួលស្គាល់​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​សាខា​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។​

យោង​តាម​របាយការណ៍​របស់​លោក គា បូរ៉ា​ត នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត បាន​កកើត​ឡើង​ចេញពី​អង្គការ​អភិវឌ្ឍន៍​ធនធាន​និស្សិត នៅ​២០០៧ ដែលមាន​ការអនុញ្ញាត​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​។

លោកនាយក​បាន​បន្ត​ថា មកដល់​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​បានសម្រេច​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​សិស្ស​-​និស្សិត ថ្នាក់​វិញ្ញាបនបត្រ​សិក្សា​វគ្គ​ខ្លី វគ្គ​វិញ្ញាបន បត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បរិញ្ញា​បត្ររង សរុប​ចំនួន​១៥,៥៦២​នាក់ និង​មាន​សិស្ស​-​និស្សិត​កំពុង​សិក្សា​ចំនួន​៦,៩៧១​នាក់។ ដោយឡែក​ សមាជិក​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​សាខា​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​ដែល​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​នា​ពេលនេះ​មាន​ចំនួន​៤០៧​នាក់។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ប្អូនៗ​សិស្ស​-​និស្សិត ឲ្យ​ខិតខំ​រៀន​ដើម្បី​យកចំណេះ​ជំនាញ​ទៅ​ជួយ​សង្គមជាតិ​។​

លោក​ថា ជោគជ័យ​នៅ​ក្នុង​សាលា​ជា​ជោគជ័យ​៥០%​នៃ​ជីវិត ដែល​៥០%​ទៀត ​គឺ​ប្អូនៗ​នឹង​ទទួល​បាន​ពី​ការងារ​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​។ ប្អូនៗ​ នឹង​ត្រូវ​ជួប​បញ្ហា​ក្នុង​ជីវិត​ជាច្រើន ប៉ុន្តែ​ត្រូវ​ចេះ​កែប្រែ​បញ្ហា​ឲ្យ​ទៅ​ជា​ឱកាស ជា​កត្តា​ជោគជ័យ​សម្រាប់​សង្គមជាតិ និង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង​។

ជា​ចុងក្រោយ​ លោក​ សាយ​ សំ​អាល់​ ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្អូន​សិស្ស​-​និស្សិត​ឲ្យ​ចេះ​ធ្វើការ​ជា​ក្រុម និង​ចេះ​ស្រលាញ់​រាប់អាន​គ្នា​ដោយ​កុំ​រើសអើង​ឋានៈ​តួនាទី ពោល​គឺ​យើង​ធ្វើការ​ក្នុង​ស្មារតី​ជោគជ័យ​រួម​តែមួយ៕

រដ្ឋមន្ត្រី​បរិស្ថាន ​ប្ដេជ្ញា​ថា​នឹង​ព្យាយាម​ប្រើប្រាស់​ធនធានធម្មជាតិ​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិឧស្សា​ហកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ