កម្ពុជា ​នឹង​រៀបចំ​ពិព័រណ៍​សុខភាព​​និង​សម្ផស្ស​ឆ្នាំ​២០១៦​ នៅ​ដើមខែ​មេសា​

កម្ពុជា ​នឹង​រៀបចំ​ពិព័រណ៍​សុខភាព​​និង​សម្ផស្ស​ឆ្នាំ​២០១៦​ នៅ​ដើមខែ​មេសា​



ភ្នំពេញ​ ៖​ ប្រទេស​កម្ពុជា​ គ្រោង​នឹង​រៀបចំ​ពិព័រណ៍​សុខភាព​ និង​សម្ផស្ស​ឆ្នាំ​២០១៦​ នៅ​ដើមខែ​មេសា​ឆ្នាំ​២០១៦​ខាងមុខនេះ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​ដោយមាន​ស្តង់​ដាក់​តាំង​លក់​ផលិតផល​ប្រមាណ​ជាង​១០០​ស្តង់។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​តាំង​ពិព័រណ៍​សុខភាព​ និង​សម្ផស្ស​ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ណា​ហ្កា​វើ​ល​ កាលពី​ថ្ងៃ​ទី​២៦​មីនា ​លោក​ ខៀវ​ ចាន់​ឌី​ អគ្គនាយក​ភី​ផល​អ៊ី​វិ​ន​ ដែល​ជា​អ្នក​រៀបចំ​តាំង​ពិព័រណ៍​បាន​មានប្រសាសន៍ថា​ នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល ​ភី​ផល​អ៊ី​វិ​ន​ បាន​រៀបចំ​ពិព័រណ៍​សុខភាព ​និង​សម្ផស្ស​ហើយ​លើក​នេះ​ យើង​នឹង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​រយៈពេល​បី​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ​ដល់​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៦ ​ដោយមាន​ក្រុមហ៊ុន​ចូលរួម​ប្រមាណ​ពី​៧០​ ទៅ​៨០​ក្រុមហ៊ុន​ ដោយមាន​ស្តង់​ចូលរួម​ដាក់​តាំង​ផលិតផល​ប្រមាណ​ជាង​១០០​ស្តង់​។​

លោក​ ខៀវ​ ចាន់​ឌី​ បាន​បន្ត​ថា​ ពិព័រណ៍​សុខភាព​ និង​សម្ផស្ស​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទិញ​នូវ​ផលិតផល​នានា​ជួន​ដល់​ឪពុកម្ដាយ ញាតិមិត្ត​សាច់ញាតិ ឬ​សម្រាប់​ដំណើរ​កម្សាន្ត​តាម​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​យើង​ ដែល​នឹង​ខិតចូល​មកដល់​នៅ​ពេល​ខាងមុខនេះ។

លោក​បាន​បន្ថែម​ថា​ ចំពោះ​ផលិតផល​ដែល​ត្រូវ​ដាក់​តាំង​លក់​នៅ​ក្នុង​ពិធី​ពិព័រណ៍​រួមមាន​គ្រឿង​ឧបភោគបរិភោគ គ្រឿង​សំអាង​សំលៀកបំពាក់ គ្រឿង​អគ្គិសនី ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​មួយចំនួនទៀត​។​ ផលិតផល​ទាំងនោះ​ខ្លះ​នាំចូល​មកពី​ប្រទេស​មួយ​ចំនួន​ដូចជា​អាមេរិក កូរ៉េ បារាំង អ៊ីតាលី​ និង​នាំចូល​ពី​ប្រទេសជិតខាង​។ ​ក្រៅពីនោះ​ក៏​មាន​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ស្រុក​ចូលរួម​តាំង​ពិព័រណ៍​ផង​ដែរ។

បើ​តាម​កញ្ញា ​ឃួន​ លក្ខិណា ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ខ្មែរ​ ហៅ​ហូល​ និង​ហ៊ែ​ល​ឃែ​រ ​ហៅ​កាត់​ថា ​KHH​ ដែល​ចូលរួម​នៅក្នុង​សន្និសីទ​កាសែត​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ការដែល​ក្រុមហ៊ុន​សម្រេច​ចិត្ត​ចូលរួម​តាំង​ពិព័រណ៍​ ដោយសារ​វា​ជា​ពេលវេលា​មួយ​ស័ក្ដិសម ​និង​ផលិតផល​សាប៊ូ​ក្លិន​នេះ​ ដែល​ជា​ផលិតផល​ផលិត​នៅ​ក្នុង​ស្រុក​។

កញ្ញា​បន្ត​ថា​ នៅ​ក្នុង​ពិធី​នោះ ​យើង​នឹង​មាន​ដាក់​តាំង​ផលិតផល​របស់​យើង ​គឺ​សាប៊ូ​ក្លិន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់​ពី​ផលិតផល​ខ្មែរ​ ហើយក៏​មានការ​រៀប​ចំ​កម្មវិធី​កម្សាន្ត​សប្បាយ ​ដើម្បី​ទាក់ទាញ​អតិថិជន​ចាប់អារម្មណ៍​ពី​ផលិតផល​យើង​ផង​ដែរ​។

កញ្ញា​ ឃួន​ លក្ខិណា​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​លើកស្ទួយ​ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ​យើង​ ដើម្បី​ជំរុញ​ និង​លើកទឹកចិត្ត​អ្នក​រកស៊ី​នៅ​ក្នុង​ស្រុក​បោះ​ទុន​វិនិយោគ​បន្ថែម​ទៀត​ ដើម្បី​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ។​

លោក ​ខៀវ​ ចាន់​ឌី​ បញ្ជាក់​ថា​ សម្រាប់​ឆ្នាំនេះ​មាន​ក្រុមហ៊ុន​ចូលរួម​កើន​ឡើង​ជាង​ឆ្នាំមុន​ប្រមាណ​២០​ភាគរយ​ហើយ​សង្ឃឹមថា​នេះ​នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំមុន​ដែល​ឆ្នាំមុន​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​។​ ដូចនេះ​ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ពិព័រណ៍​សុខភាព ​និង​សម្ផស្ស​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ ដើម្បី​ជាវ​នូវ​ផលិតផល​នានា​ទៅតាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន​ ពិសេស​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ស្រុក​យើង​៕