ករណី​ផ្ទុះ​អាវុធ​ និង​កាប់​ចាក់​គ្នា​នៅ​ឃ្មួញ, ​ប៉ូលិស​ ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​មនុស្ស​៣​នាក់

ករណី​ផ្ទុះ​អាវុធ​ និង​កាប់​ចាក់​គ្នា​នៅ​ឃ្មួញ, ​ប៉ូលិស​ ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​មនុស្ស​៣​នាក់



ភ្នំពេញ ​៖ ​បុរស​ក្មេងៗ​ចំនួន​៣​នាក់ ​ត្រូវ​បាន​​ កម្លាំង​សមត្ថកិច្ច​នគរបាល ខណ្ឌ​សែន​សុខ ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បាន​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មីនា ​ម្សិលមិញ​នេះ ​បន្ទាប់ពី​ពួកគេ​បាន​កេណ្ឌ​បក្ខពួក​មក​បង្ក​ជម្លោះ​កាប់​ចាក់​គ្នា​រហូត​ឈាន​ដល់​ផ្ទុះ​អាវុធ​ បង្ក​​ឲ្យ​មាន​របួស​ស្នាម​កាល​ពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២៣ ​ខែ​មីនា ឆ្នាំ​២០១៦ ​នៅ​ក្នុង​ភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ។

ប៉ូលិស​និយាយ​ថា ​នៅ​ក្នុង​ហេតុការណ៍​នោះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​សង្គ្រោះ​ទាន់​ពេល​វេលា​ភ្លាមៗ​ និង​បាន​រឹបអូស​យក​ម៉ូតូ​របស់​ក្រុម​ជន​ល្មើស​បាន​ចំនួន​២​គ្រឿង​ បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ​ ដោយសារ​ពួកគេ​ភ័យ​រត់​គេច​ខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន។

ដោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ និង​ការ​សហការ​គ្នា​ រវាង​កម្លាំង​នគរបាល​អធិការ​ខណ្ឌ និង​នគរបាល រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​ឃ្មួញ​ បាន​ឈាន​ទៅ​ឃាត់ខ្លួន​បក្ខ​ពួកគេ​ចំនួន​៣​នាក់ ​កាល​​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​ និង​កំពុង​តាម​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​ជាពិសេស​ ជន​ដែល​បាន​ផ្ទុះ​អាវុធ​ខ្លី​ បាញ់​បោះ​នៅ​ក្នុង​ហេតុការណ៍​នោះ។

ជន ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​៣​នាក់​ខាងលើ​ ១/ ​ឈ្មោះ ឈឺ​ន រ៉ា​ឆាន់ អាយុ​២០​ឆ្នាំ មុខរបរ​ជាង​
​ឈើ មាន​ទីលំនៅ​ក្នុង​ភូមិ​សែន​សុខ សង្កាត់​ឃ្មួញ។ ២/ ​ឈ្មោះ​ចាន់ មករា ​ហៅ​ឆាង អាយុ​១៨​ឆ្នាំ មុខរបរ​អ៊ុត ​និង​បិទ​តែម​ម៉ូតូ​ មាន​ទីលំនៅ​ភូមិ អន្លង់​ក្ងាន សង្កាត់​ឃ្មួញ។ ៣/ ឈ្មោះ​ម៉ៅ រ៉ាវី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ។

តាម​ចម្លើយ​សាកសួរ​ជន​ទាំង​៣​នាក់ ​និង​ជនរងគ្រោះ​២​នាក់ ​១/​ឈ្មោះ សៀក សយ អាយុ​១៨​ឆ្នាំ​(​របួស​ក្បាល​ដេរ​១២​ថ្នេរ​) ២/​ឈ្មោះ​ហេង រតនា​អាយុ​២៤​ឆ្នាំ​(​របួស​ខ្នង​ប្រអប់​លើ​ជើង​ឆ្វេង​), ប៉ូលិស​បាន​ប្រាប់​ពី​ដំណើរ​រឿង​ហេតុ​នេះ​ថា​ នៅ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​ឈ្មោះ​សៀក​ សយ បាន​មក​អង្គុយ​ហូប​បង្អែម​ មើល​ចំ​មុខ​ឈ្មោះ​ឈឺ​ន រ៉ា​ឆាន់។ ពេលនោះ​ឈឺ​ន រ៉ា​ឆាន់​ខឹង​ ក៏​មក​រក​រឿង​ ជជែក​គ្នា​ចុះ​ឡើងៗ មក​នាំ​បក្ខពួក​កាប់​លើ​ឈ្មោះ​សៀក សយ។ ពេលនោះ​ឈ្មោះ សៀក សយ បាន​ហៅ បក្ខពួក​ឈ្មោះ ចាន់​មករា ហៅ​ឆាង មក​ជួយ ហើយ​ចាន់ មករា​ក៏បាន​ជិះ​ម៉ូតូ​ជាមួយ​គូកន មកកាន់​កន្លែង​កើត​ហេតុ​ដើរ​ស្រែក​ឡូឡា​សួរ​រក​អ្នកណា​ហ៊ាន​មក​កាប់​បក្ខ​ពួក​ខ្លួន?​នៅ​ពេល​នោះ​ឈ្មោះ ឈឺ​ន រ៉ា​ឆាន់ មាន​ផ្ទះ​នៅ​ក្បែរ​នោះ​ស្រាប់​ក៏​ស្រែក​ ដោយ​គោះ​ទ្រូង​ថា មិនចាំបាច់ដើររកមុខ​ទេ គឺ​អញ ថា​ជា​អ្នក​កាប់​… ភ្លាមនោះ​ឈ្មោះ ចាន់ មករា និយាយ​តប​ថា មិន​អី​ទេ​យើង​នៅ​ភូមិ​ជាមួយគ្នា​ទេ ចង់​យ៉ាងម៉េច​ក៏បាន​ដែរ រួច​ជិះ​ម៉ូតូ​ត្រឡប់មក​ក្រោយ​វិញ ក៏​ស្រាប់តែ មាន​មនុស្ស មួយ​ហ្វូង ជិះ​ម៉ូតូ​ប្រមាណ​ជា​៦​ទៅ​៧​គ្រឿង​កាន់​ដាវ ដំបង​មក​ឡោមព័ទ្ធ វាយ​កាប់​ចាក់​គ្នា​រហូត​មាន​ផ្ទុះ​អាវុធ​ខ្លី បណ្ដាល​ឲ្យ​រង​របួស​ ហើយ​នៅ​ពេល​នោះ​ដែរ​កម្លាំង​ប្រជា​ការពារ ភូមិ បាន​ស្រែក​តាម​វិទ្យុ​ទាក់ទង​បោះដៃ​ឲ្យ​មេ​ប៉ូលិស​ប៉ុស្តិ៍​ឃ្មួញ​ដឹង​ក៏​សុំ​កេណ្ឌ​កម្លាំង​ប៉ូលិស​ខ្លា​ហោះ​របស់​ខណ្ឌ​មួយ​ក្រុម​មកជួយ​អន្តរាគមន៍​ភ្លាមៗ តែ​ម្តង​ដើម្បី​បំបែកហ្វូង​ពួកគេ​ទាន់​វេលា ​និង​ឡោមព័ទ្ធ​តំបន់​នោះ​ស្ទើរ១​យប់​ទល់​ភ្លឺ។

ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​គ្មាន​កម្លាំង​ប៉ូលិស​មក​អន្តរាគមន៍​ទាន់​ពេល ​វេលា​ទេ វា​អាច​នឹង​មាន​អ្នក​ស្លាប់ ​និង​របួស​ច្រើន​​ ​ពីព្រោះ​ស្ថានភាព​នៅ​ពេល​នោះ​ច្របូកច្របល់​ហាក់​ដូចជា​សង្គ្រាម​មួយ​កើត​ឡើង ​ដែល​ម្នាក់ៗ​មាន​ដាវ​ និង​ដំបង​គ្រប់​ដៃ៕