ប្រណាំង​ទូកង​កម្ពុជា-​ឡាវ ​នៅ​កំពង់​ស្រ​ទ្បៅ​ ​កម្ពុជា​ទទួល​បាន​ជ័យជំនះ​

ប្រណាំង​ទូកង​កម្ពុជា-​ឡាវ ​នៅ​កំពង់​ស្រ​ទ្បៅ​ ​កម្ពុជា​ទទួល​បាន​ជ័យជំនះ​



ព្រះវិហារ​ ៖ ពិធីបុណ្យ​អុំ​ប្រណាំង​ទូកង​លក្ខណៈ​មិត្តភាព​កម្ពុជា​-ឡាវ នឹង​បង្កើន​កិច្ចសហការ​ទំនាក់​ទំនង​ក្នុង​វិស័យ​វប្បធម៌​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ត្រង់​ចំណុច​ទន្លេ​ល្ពៅ​(​ដៃ​ទន្លេ​មេគង្គ​លើ​)​ស្ថិតនៅ​ភូមិ​កំពង់​ស្រ​ទ្បៅ​ ឃុំ​កំពង់​ស្រ​ទ្បៅ​១ ​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​។ វា​នៅ​ជាប់​ព្រំប្រទល់​ឃុំ​កោះ​ស្មៅ​ ស្រុក​មឿង​ខូង​ ខេត្ត​ចំប៉ា​សាក់​ ប្រទេសឡា​វ​។​

កម្មវិធី​បុណ្យ​អាជ្ញាធរ​ខេត្ត​ទាំងពីរ​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៤ ​ដល់​២៦​ ខែ​មីនា​ឆ្នាំ​២០១៦ ​រួមមាន​តាំង​ពិព័រណ៍​ទំនិញ ​សម្ដែង​សិល្បៈ​រួមគ្នា​ ប្រកួត​កីឡា​ប៉េតង់​,​ប្រដាល់​,​បាល់ទះ​ និង​ប្រកួតប្រជែង​អុំ​ទូកង​ខ្នាត​ចំណុះ​២២​នាក់​។​

ព្រឹត្តិការណ៍​បុណ្យអុំទូក​ង​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ អ៊ុំ​ ម៉ា​រ៉ា ​អភិបាលខេត្ត​ព្រះ​វិហារ​ និង​លោក ​ស៊ុម ​សានិ​ត​វុ​ឌ្ឍី​វង្ស ​អភិបាលរង​ខេត្ត​ចំប៉ា​សាក់ ​ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​រាជការ​ ប្រជាពលរដ្ឋ​ និង​កី​ឡា​ករ​អុំ​ទូកង​រវាង​ប្រទេស​ទាំងពីរ​សរុប​យ៉ាង​ច្រើន​កុះករ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ។
គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​អុំ​ទូកង​លក្ខណៈ​មិត្តភាព​កម្ពុជា​ឡា​វ​បានឲ្យ​ដឹង​ថា ​ការ​ប្រកួត​អុំ​ទូកង​នេះ​រួមមាន ​ខេត្ត​ចំប៉ា​សាក់ ​ប្រទេស​ឡាវ​ មាន​ទូកង​ចំនួន​១០​ទូក ​និង​ខេត្ត​ព្រះវិហារ​ មាន​ទូកង​ចំនួន​១០​ទូក​ដូចគ្នា ​ដើម្បី​អុំ​ប្រណាំង​ជម្រុះ​ឈ្នះ​ចាញ់​រយៈពេល​៣​ថ្ងៃ។ រីឯ​ទូកង​ចំណុះ​កីឡាករ​២២​នាក់​ខាង​ឡាវ​រួមមាន ​ស្រុក​មឿង​ខូង​ចំនួន​០១​ទូកង​,​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ចំប៉ា​សាក់​០១,​នគរបាល​ខេត្ត​ចំប៉ា​សាក់​០១,​ស្រុក​ប៉ាក់​សេ​០១,​ស្រុក​សុ​ខុ​ម៉ា​០១,​ស្រុក​មឿង​មន្ត​០១,​ស្រុក​ចំប៉ា​សាក់​០១,​ស្រុក​ប៉ាក់​តុ​ផន​០១,​ស្រុក​សា​ណាក់​សំបូរ​០១ ​និង​ស្រុក​មឿង​ផូ​ន​ថន​០១។​

អ្នកគាំទ្រ​ចូលរួម​ទស្សនា​ពិធីបុណ្យ​អុំ​ប្រណាំង​ទូកង​បានឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មីនា​នេះ​ថា​ កម្មវិធី​បុណ្យអុំទូក​ង​ នឹង​បញ្ចប់​នៅថ្ងៃនេះ​ ហើយ​មាន​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​ល្អ​។​ ទាំង​លទ្ធផល​ប្រកួត​កី​ឡា ​និង​អុំ​ប្រណាំង​ទូកង​ខាង​កម្ពុជា​នៅតែ​រក្សា​បាន​ជ័យជំនះ​លើ​ដៃគូ​ឡា​វ​ដូច​ឆ្នាំ​មុនៗ​ដដែល​។​

ទោះបីយ៉ាងណា ​ក្នុង​ពិធីបុណ្យ​អុំ​ប្រណាំង​ទូកង​នោះ​ អាជ្ញាធរ​ខេត្ត​ទាំង​២​បាន​រក្សា​ទំនាក់​ទំនង​ជាមួយគ្នា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ​និង​កក់ក្ដៅ ​ដើម្បី​រួមគ្នា​ឈាន​ទៅ​អភិវឌ្ឍន៍​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​ឲ្យ​មាន​ការ​រីកចម្រើន​។​ ជា​មោទនភាព​នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ លោក​ សួស​ យ៉ា​រ៉ា​ តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​បាន​អញ្ជើញ​ចូលរួម​ធ្វើ​ពិធី​បិទ​បញ្ចប់​កម្មវិធី​បុណ្យ​នេះ​ផង​ដែរ​ ដោយមាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រជាពលរដ្ឋ​ក្រុម​កីឡា​ករ​ និង​អាជ្ញាធរ​ខេត្ត​ទាំង​២៕

ប្រណាំង​ទូកង​កម្ពុជា-​ឡាវ ​នៅ​កំពង់​ស្រ​ទ្បៅ​ ​កម្ពុជា​ទទួល​បាន​ជ័យជំនះ​