សមាគម ​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​ការងារ​របស់​ខ្លួន

សមាគម ​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​ការងារ​របស់​ខ្លួន



ស្ទឹងត្រែង ​៖ ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥​ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦ ​របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ​ស្រុក ​ឃុំ​ សង្កាត់​ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី​២៦​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ សមាគម​ក្រុម​ក្រុមប្រឹក្សា​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ជួបជុំគ្នា​នៅ​សាលាខេត្ត​ផ្តល់​នូវ​បទពិសោធន៍​​​ឲ្យ​គ្នា​ទៅវិញទៅមក​ ដើម្បី​លើក​កម្ពស់​គុណភាព​ការងារ​សមាគម​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​រួមគ្នា​ទប់ស្កាត់​អំពើ​ហិង្សា ​ដែល​ទាក់ទង​ទៅលើ​ស្ត្រី​ និង​កុមារ​ផង​ដែរ។

លោក​លឺ​ ទិ​ត​ ប្រធាន​សមាគម​ក្រុមប្រឹក្សា ​ខេត្តស្ទឹងត្រែង​បាន​ទទួល​ស្គាល់ថា ​៖​ មួយ​រយៈ​កន្លង​មកនេះ​ការងារ​មួយ​ចំនួន​បាន​ដំណើរ​ល្អប្រសើរ តែ​ខ្លះ​ទៀត​មាន​ភាពយឺតយ៉ាវ​ ដូចជា​ការពង្រឹង​សមាគម ការ​អភិវឌ្ឍ​​​សមត្ថភាព​-​ការ​តស៊ូ​មតិ​ ​និង​កិច្ចការ​ហិរញ្ញវត្ថុ​ជាដើម​។​

លោក​ប្រធាន​សមាគម​បាន​អះអាង​ថា ​៖​ នៅ​ឆ្នាំ​២០១៦​នេះ ​ប្ដេជ្ញា​សហការ​គ្នា​បំពេញ​តួនាទី​និង​កែសម្រួល​នូវ​ភាព​អសកម្ម​ដែល​កើតមាន​កន្លងមក ខិតខំ​រក​គ្រប់​វិធី​ធ្វើ​យ៉ាង​ណា​អនុវត្ត​ឲ្យ​បាន​ទៅតាម​ផែនការ ដែល​យើង​លើក​ឡើង​ក្នុង​ទិសដៅ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ ដែល​កើតមានឡើង​ សំខាន់​ យកចិត្តទុកដាក់​បម្រើ​សេវា​ជូន​ប្រជាជន។

លោ​ក​ញែម​ សាម៉ន ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មាន​ប្រសាសន៍​គាំទ្រ​ដល់​ការ​ប្តេជ្ញា​ចិត្ត​នេះ​ពីព្រោះ​វា​ជា​ជា​កត្តា​ចាំបាច់​ ដែល​ថ្នាក់ដឹកនាំ​ក្រុម​ប្រឹក្សាឃុំ ​សង្កាត់​ ត្រូវតែ​បំពេញ​ឲ្យ​មាន​តម្លាភាព​ចៀសវាង​កុំ​ឲ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ គិតតែ​ពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។

លោក​ប្រធាន​ក្រុមប្រឹក្សា​ស្នើ​ឲ្យ​សមាជិក​សមាគម​ក្រុមប្រឹក្សា​ទាំងអស់​ត្រូវ​ចងក្រង​បណ្ដុំ​បទពិសោធន៍​​ ​គ្នា​បំពេញ​កាតព្វកិច្ច ឲ្យ​បាន​ឆ្លើយតប​ទៅ​ហ្នឹង​តម្រូវការ​ចាំបាច់​ របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​មូលដ្ឋាន​មានការ​អភិវឌ្ឍ​​​រីកចម្រើន​​​គ្រប់​ហេដ្ឋារចនាសម្ពន្ធ។

លោក​សិទ្ធ​ គឹម​តេង ​សមាជិក​សមាគម​​ ​ក្រុមប្រឹក្សា​នៅ​សង្កាត់​ព្រះបាទ​ទទួល​ស្គាល់​ថា ​៖ បទពិសោធន៍​​​ការងារ​ជា​ត្រីវិស័យ​ នាំ​ផ្លូវ​ធ្វើ​ឲ្យ​សមាគម​ក្រុមប្រឹក្សា សម្រេច​បាន​នូវ​ផែនការ​របស់​ខ្លួន ក្នុងនាម​ជា​សមាជិក​ សមាគម​ និង​ចូលរួម ធ្វើការ​ប្រឹក្សា​គ្នា​ចែករំលែក​បទពិសោធន៍​​ ឲ្យ​គ្នា​ទៅវិញទៅមក​ដើម្បី ធ្វើ​ឲ្យ​ការងារ​រីកចម្រើន។

លោក​ប្ដេជ្ញា ថា​នឹង​ខិតខំ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់ ចំនួន​៧​ចំណុច ដែល​សមាគម​បាន​អនុម័ត ទុកជា​យុទ្ធសាស្ត្រ​សំខាន់ ដល់​ការ​ពង្រឹង​សមត្ថភាព និង​គុណភាព​ការងារ​ក្នុង​សមាគម​ឲ្យ​មាន​ប្រសិទ្ធភាព​ ពិសេស​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​សម្រេច​បាន​តាម​ទិសដៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។

សូម​បញ្ជាក់​ថា ​៖​ សម្ពន្ធភាព​ជាតិ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៦​ហើយ​ខេត្តស្ទឹងត្រែង​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​សរុប​ចំនួន​៥៩​នាក់​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៥​នាក់៕
សមាគម ​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​ការងារ​របស់​ខ្លួន

សមាគម ​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​ការងារ​របស់​ខ្លួន