គ្រូបង្រៀន​ភាសា​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បង្ហាញ​ពី​វប្បធម៌​សិល្បៈ​តែ​

គ្រូបង្រៀន​ភាសា​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បង្ហាញ​ពី​វប្បធម៌​សិល្បៈ​តែ​



ភ្នំពេញ ៖ រុក្ខជាតិ «​តែ​» មិន​គ្រាន់តែ​សម្រាប់​យកមកប្រើ​ប្រាស់​ដើម្បី​លាយ​ទឹក​ក្តៅ​ផឹក​ជា​ភេសជ្ជៈ​ និង​ជា​ឱសថ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ចំណែក​មួយ​នៃ​សិល្បៈ​ និង​ជ្រុង​មួយ​នៃ​វប្បធម៌​របស់​ជនជាតិ​ចិន​។ វិធីសាស្ត្រ​ក្នុង​ការ​ឆុង​តែ បាន​ក្លាយ​ជា​បច្ចេកទេស​សិល្បៈ​ប្រកបដោយ​ភាព​រស់រវើក និង​គួរ​ជាទី​ចាប់អារម្មណ៍​។ ប្រជាជាតិ ចិន​មួយ​ផែនដី​បាន​យក​ប្រពៃណី​ឆុងតែ​នេះ​ផ្សព្វផ្សាយ​ពាសពេញ​សកល​លោក ហើយ​បាន​បន្ត​មរតក​នេះ​ក្លាយជា​វប្បធម៌​ដ៏​មហិមា​មួយ​របស់​ខ្លួន ហើយ​បាន​ចងក្រង​វប្បធម៌​នេះ​តម្កល់​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី។​

និយាយ​ពី​សិល្បៈ​តែ ឬ​វប្បធម៌​តែ យើង​ពិតជា​មិនអាច​មើល​រំលង​ពី​គំនិត ទស្សនៈ និង​ទស្សនវិជ្ជា របស់​ជនជាតិ​ចិន​នេះ​ឡើយ​។ សិល្បៈ​ តែ​ នេះ​ បាន​បង្រៀន​មនុស្សជាតិ​ឲ្យ​យល់ដឹង​ពី​ជីវិត​ពិត​របស់​មនុស្ស​ គឺ​មាន​ភាព​ល្វីង ការ​ផ្លាស់ប្ដូរ​ពី​ស្ថានភាព​ស្រស់​ត្រកាល​ នៃ​ធម្មជាតិ​ទៅ​ក្នុង​ស្ថានភាព​ថ្មី​ក្នុង​សង្គម ការ​ប្រែក្លាយ​ទ្រឹស្ដី​ទៅកាន់​ការអនុវត្ត និង​ការ​លត់​ដំ​ខ្លួនឲ្យ​ក្លាយ​ទៅជា​មនុស្ស​ដែល​មាន​ប្រយោជន៍ ជា​អ្នក​ដែល​សង្គម​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​ ទោះ​នាទី​ណាក៏ដោយ​។​

ក្នុង​ការ​សម្រេច​នូវ​គោលបំណង​ដ៏​សំខាន់​នេះ ចាប់ពី​ឆ្នាំ​២០១០​មក ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​ទាំងអស់​របស់​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានសម្រេច​ដាក់​ចេញ​នូវ​ឆន្ទៈ​រួម​ក្នុង​ការ​ពង្រីក​វិសាលភាព ​នៃ​សិល្បៈ​តែ ដើម្បី​រួមចំណែក​ចែករំលែក​ការ​យល់​ដឹង​នេះ​ដល់​មហាជន​កម្ពុជា​គ្រប់​ស្រទាប់។

ក្នុងន័យនេះ ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ លោកស្រី ចឹ​ង ហៃ​ឡាន (ZENG HAILAN) គ្រូ​បង្រៀន​ភាសា​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ពន្យល់ ​និង​បកស្រាយ​ចម្ងល់​ពី​សិល្បៈ​តែ​នេះ​ជូន​ដល់​មន្ត្រីរាជការ​ប្រចាំ​នៅ​ខុទ្ទកាល័យ​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ សុខ អាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​ចិន​នៅ​កម្ពុជា​ប្រកបដោយ​បទពិសោធន៍ វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ស្វាគមន៍​អ្នក​សិក្សា ស្រាវជ្រាវ និង​មហាជន​ទាំងអស់​មក​សិក្សា​ស្វែងយល់​ពី​ទម្រង់​ទាំងឡាយ ​នៃ​សិល្បៈ វប្ប​ធម៌​ចិន​ពី​វិទ្យាស្ថាន​ដ៏​មាន​សក្ដានុពល​នេះ​៕