អាជ្ញាធរ​ និង​ដង្ខៅ​ផ្សារ​ដំណាក់​ស្ដៅ​ កំពុង​រៀប​គម្រោង​ធ្វើ​នំ​អត់​ម្សៅ

អាជ្ញាធរ​ និង​ដង្ខៅ​ផ្សារ​ដំណាក់​ស្ដៅ​ កំពុង​រៀប​គម្រោង​ធ្វើ​នំ​អត់​ម្សៅ



បាត់ដំបង​ ៖​ ដំណាក់​ស្ដៅ ​គឺជា​ឈ្មោះ​ផ្សារ​មួយ​ស្ថិតក្នុង​ភូមិ​ស្ដៅ ​ឃុំ​ស្ដៅ​ ស្រុក​រតនៈមណ្ឌល​ ខេត្ត​បាត់ដំបង​ គឺ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ ពី​ខេត្ត​បាត់ដំបង​ទៅកាន់​ខេត្ត​ប៉ៃលិន​ ហើយក៏​ជា​ផ្សារ​មួយ​ដែល​មាន​ការ​សហការ​វិនិយោគ​រវាង​អាជ្ញាធរ​ស្រុក ជាមួយ​នឹង​ឯកជន​ ក្នុង​គោលបំណង​បញ្ចៀស​នូវ​ការ​កៀបសង្កត់​ទៅ​តាម​ទំនើងចិត្ត​ទៅ​លើ​អាជីវករ​ របស់​ភាគី​ ដង្ខៅ​ផ្សា​រណា​ម្នាក់។

ថ្មីៗ​នេះ​បាន​លេចឮ​ពាក្យ​មិន​ប្រក្រតី​មួយ​បាន​កើតឡើង​ពី​សំណាក់​ក្រុម​អាជីវករ​មួយ​ចំនួន ដែល​ពួកគាត់​បាន​ថ្ងួចថ្ងូរ​ថា ពួកគាត់​ក៏បាន​បង់​ប្រាក់​ទៅ​លើ​ថ្ងៃ​តូប​៥០​ភាគរយ​នឹង​គេ​ដែរ​ ចុះ​ហេតុអ្វី​បានជា​គ្មាន​តូប​លក់​នឹង​គេ​? គួរ​បញ្ជាក់​ដែរ​ថា​ ផ្សារ​ដំណាក់​ស្ដៅ​នេះ​មាន​តាំងពី​យូរណាស់​មកហើយ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៥ ផ្សារ​នេះ​ត្រូវ​បាន​រៀបចំ​សាជាថ្មី​ទៅតាម​កម្រិតស្តង់ដារ​មួយ​ដើម្បីឲ្យ​មាន​របៀបរៀបរយ​ក្នុងការ​ដាក់លក់​ទំនិញ ដោយ​អាជ្ញាធរ​ស្រុក​មិនបាន​អនុញ្ញាត​ប្រគល់​ការ​ម៉ៅការ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ​ឡើយ ដោយ​សុខចិត្ត​សហការ​ដាក់​ភាគហ៊ុន​ជាមួយ​នឹង​អាជ្ញាធរ​ស្រុក​​ ក្នុង​ការ​សាងសង់​ និង​បង្កើត​ជា​ផ្សារ​ដំណាក់​ស្ដៅ​ថ្មី​នេះ​ឡើង​រហូតដល់​មាន​ចំនួន​តូប​សរុប ៤៥៤​តូប។

នៅក្នុង​ដំណាក់កាល​នៃ​ការសាងសង់​នេះដែរ ខាង​អាជ្ញាធរ​ក៏ដូចជា​ខាង​បុគ្គល​ឯកជន​បាននាំគ្នា​ឃោសនា​ឲ្យ​អាជីវករ​ទាំងអស់​ចូលខ្លួន​ទៅ​សាលាស្រុក​ដើម្បី​បង់​ប្រាក់​ថ្លៃ​តូប​ក្នុង​រយៈពេល​៥​ឆ្នាំ​ ដែល​ក្នុង​តូប​នីមួយៗ​តម្លៃ​១​លាន​រៀល ប៉ុន្តែ​អាជីវករ​អាច​បង់​តែ​ចំនួន​៥០​ភាគរយ​សិន គឺ​ស្មើនឹង​ទឹកប្រាក់​៥០ម៉ឺន​រៀល​ប៉ុណ្ណោះ លុះ​នៅ​ពេលដែល​ទទួល​បាន​តូប​លក់​ត្រឹមត្រូវ​ហើយ​ទើប​តម្រូវឲ្យ​បង់​៥០​ភាគរយ​ទៀត។ ការ​ទទួល​ប្រាក់​នេះ​បាន​ចាប់​ដំណើរការ​តាំងពី​ថ្ងៃ​ទី​៥​ ខែ​មករា ឆ្នាំ​២០១៥​រហូត​មក ក្នុង​នោះ​អ្នកទទួល​ប្រាក់​គឺ​លោក​អភិបាលរង​ស្រុក​ជាមួយ​នឹង​អ្នកស្រី នី សុមាលី ដែល​ជា​គណនេយ្យ​ទូទាត់​របស់​ភាគី​ឯកជន។

ថ្មីៗ​នេះ​ក៏​ស្រាប់តែ​មានការ​ផ្ទុះ​តវ៉ា​ឡើង​នៅក្នុង​សាលាស្រុក​រតនៈមណ្ឌល​តែម្តង ដែល​ក្នុង​នោះ​ គេ​ឃើញ​មាន​វត្តមាន​របស់​ក្រុម​អាជីវករ​ប្រមាណ​ជិត​២០​នាក់​ ដែល​ពួកគាត់​សុទ្ធ​សឹង​តែ​មាន​បង្កាន់ដៃ​បង់​ប្រាក់​គ្រប់គ្នា ប៉ុន្តែ​ពួកគាត់​គ្មាន​តូប​លក់​នឹង​គេ ទើប​មានការ​ផ្ទុះ​តវ៉ា​បែបនេះ ​ ដោយ​ពួកគាត់​ចង់​ដឹង​ថា តើ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ឯកជន​មាន​ចំណាត់ការ​បែបណា​សម្រាប់​ពួកគាត់ ប៉ុន្តែ​នៅក្នុង​ឱកាស​នោះ​គឺ​មានតែ​លោក ហង់ ហេង ប្រធាន​ ការិយាល័យ​អន្តរ​វិស័យ ម្នាក់​គត់​ដែល​ចូលរួម​ដោះស្រាយ តែ​លោក​បានត្រឹមតែ​ចង្អុល​បង្ហាញ​អំពី​ប្លង់គោល​របស់​តួ​ផ្សារ​តែប៉ុណ្ណោះ។

អាជីវករ​មួយចំនួន​បាន​លើកឡើងថា បើ​ពេលនេះ​លោក​មិនមាន​តូប​លក់​នឹង​គេ ហើយបាន​បង់លុយ​៥០​ភាគរយ​រួចទៅហើយ​ក៏ដោយ ក៏​ធ្វើយ៉ាង​ណា​គួរតែ​ភាគី​ឯកជន និង​អាជ្ញាធរ​មេត្តា​ដោះស្រាយ​ថវិកា​នោះ​ត្រឡប់មកវិញ។ នៅពេល​នោះដែរ​តាមរយៈ​ទូរស័ព្ទ​ ដែល​កម្ពុ​ជាថ្មី​ទាក់ទង គឺ​លោក សើ សា​ម៉េ​ត អភិបាលស្រុក​រតនៈមណ្ឌល បាន​មានប្រសាសន៍ថា ថវិកា​ទាំងអស់​គឺ​បាន​ប្រគល់​ទៅឲ្យ​ខាង​ឯកជន​ជា​អ្នក​កាន់​អស់ហើយ ដូច្នេះ​បើ​អាជីវករ​ណាមួយ​ចង់បាន​វិញ​ត្រូវ​ទៅ​ទំនាក់ទំនង​ជាមួយ​អ្នកស្រី នី សុមាលី។

ដោយ​ចង់​ដឹង​ឲ្យ​កាន់តែច្បាស់ ក្រុម​អាជីវករ​បាន​ទៅ​អញ្ជើញ​អ្នកស្រី​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ ព្រមទាំង​បាន​សួរនាំ​អំពី​ថវិកា​ទាំងនេះ ដោយ​អ្នកស្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពេល​នេះ​លុយ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​ជាង​ ដែល​សាងសង់​ផ្សារ​អស់​ទៅ​ហើយ​ ថែមទាំង​មិន​គ្រប់​ផង ដូច្នេះ​គឺ​អ្នកណា​ដែល​ចង់បាន​លុយ​វិញ​ត្រូវ​រង់ចាំ​ឲ្យ​អ្នក​ដែល​ទទួលបាន​តូប គេ​បង់​៥០​ភាគរយ មកទៀត​សិន​ទើប​អាច​មាន​លុយ​បើក​ជូន​វិញ។

ពាក្យ​មួយ​ឃ្លា​នេះ​មិន​ខុស​អី​នឹង​ការធ្វើ​នំ​អត់​ម្សៅ​របស់​ក្រុមហ៊ុន​ឯកជន ជាមួយនឹង​អាជ្ញាធរ​ស្រុក​នោះឡើយ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏មាន​ការបំភ្លឺ និង​លើកឡើង​របស់លោក​អភិបាលស្រុក​ថា លោក​នឹងធ្វើ​ការកោះហៅ​ប្រជុំ​ពិភាក្សា​សាជាថ្មី​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​រក​ច្រកចេញ​ឲ្យបាន​ទៅលើ​ក្រុមអាជីវករ​ដែល​បង់លុយ​ហើយ​ តែ​គ្មាន តូប​លក់​នឹង​គេ។ ប៉ុន្តែ​ការអូសបន្លាយ​ពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ​មកនេះ សឹងតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ ក្នុង​ការ​បង្កើត​ផ្សារ​បែប​ធ្វើ​នំ​អត់​ម្សៅ​នេះ៕