បញ្ជូន​ក្រុម​ចោរ​ឆក់​កាបូប​លុយ​តាម​ផ្លូវ​សាធារណៈ​៣​នាក់ ​ទៅ​តុលាការ​

បញ្ជូន​ក្រុម​ចោរ​ឆក់​កាបូប​លុយ​តាម​ផ្លូវ​សាធារណៈ​៣​នាក់ ​ទៅ​តុលាការ​



ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ក្រុម​ជនជាប់ចោទ​ជា​ចោរឆក់​កាបូប​លុយ​គេ​នៅ​តាម​ផ្លូវ​សាធារណៈ​ចំនួន​៣​នាក់​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ បន្ទាប់ពី​ចាប់​ខ្លួន​ពួកគេ​ពេល​កំពុង​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ជាក់ស្ដែង​ កាលពី​វេលា​ម៉ោង​២៤​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែ​មីនា នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី។

ប៉ូលិស​និយាយថា ក្រុមចោរ​ទាំង​៣​នាក់​នោះបាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​នៅ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ម្តុំ​មុខ​ធនាគារ​អេ​ស៊ីលីដា នៅ​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​គេចខ្លួន​ចូល​មក​ក្នុង​ទឹកដី​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ឃាត់​ចាប់​បាន​ភ្លាមៗ​៣​នាក់ រួម​ទាំង​ដកហូត​បាន​នូវ​វត្ថុតាង​(​កាបូប​ជនរងគ្រោះ​)​ និង​រឹបអូស​ម៉ូតូ​របស់​ពួកគេ​បាន​២​គ្រឿង​ផង។
ក្រុម​ជនជាប់ចោទ​ជា​ចោរ​ទាំង​៣​នាក់​នោះ ១/​ឈ្មោះ មាស សុ​ភ័​ក្ត អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​មាន​ទីលំនៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។ ២/ឈ្មោះ អ៊ុក រ៉ា​ដា ហៅ អា​រ៉ា​ក់ អាយុ​២១​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រ​ពាំង​ល្វា ជាមួយគ្នា។ ៣/ឈ្មោះ ឡុង វិសាល ហៅ​អា​តោ អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា។

តាម​ចម្លើយ​សារភាព​របស់​ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​គេ​បាន​ចំនួន​២​ដង​មក​ហើយ ​កន្លងមក​ឆក់​កាបូប​លុយ​គេ​នៅ​ភូមិ​ព្រៃទារ​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។ ហើយ​ម្តងនេះ​ឆក់​លើក​ទី​២​បានសម្រេច​ តែ​ចៃដន្យ​មក​ជួប​សមត្ថកិច្ច​កំពុង​យាមល្បាត​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន​តែម្ដង។

នៅ​ក្នុង​កាបូប​លុយ​របស់​ជនរងគ្រោះ មាន​លុយ​ចំនួន​៥០​ដុល្លារ និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ីច​ផ្លើស​១​គ្រឿង អាយ​ផេ​ត​១​គ្រឿង និង​ឯកសារ​ផ្សេងៗ​មាន​ដូចជា អត្តសញ្ញាណប័ណ្ណ​១​សន្លឹក ប៉ាសស្ព័រ​១​ច្បាប់។ ក្រោយ​ឃុំខ្លួន​សួរនាំ​បាន​ចម្លើយ​សារភាព​គ្រប់គ្រាន់​ហើយ សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​ទាំង​៣​នាក់​ទៅ​តុលាការ រួម​នឹង​វត្ថុតាង មាន​ម៉ូតូ​២​គ្រឿង​ម៉ាក​លែ​ត​១​គ្រឿង និង​អ៊ែរ​១៥( R15)១​គ្រឿង​តាម​បណ្ដឹង​របស់​ជនរងគ្រោះ​ជា​ម្ចាស់​កាបូប​លុយ​ឈ្មោះ អ៊ឹម ចិន​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន ឯកជន​មួយ៕