ស្ត្រី​មេម៉ាយ​ និង​ពិការ​ បាន​ទទួល​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​មានជ័យ​

ស្ត្រី​មេម៉ាយ​ និង​ពិការ​ បាន​ទទួល​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​មានជ័យ​



ភ្នំពេញ ៖ ស្ត្រី​ពិការ​មួយ​ចំហៀង​ខ្លួន​ និង​ថែមទាំង​ចិញ្ចឹម​កូនស្រី​តូច​២​នាក់​ក្នុងបន្ទុក​ផង​នោះ​ បាន​ទទួល​អំណោយ​ពី​លោក ឌី រ​ត្ន័​ខេ​ម​រុណ ​អភិបាលរង​ខណ្ឌ​មានជ័យ​ និង​ជា​ប្រ​ធាន​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា ​ស្ត្រី​ខាងលើ​មាន​ជំងឺ​ជា​ទម្ងន់​។

​លោក ឌី រ​ត្ន័​ខេ​ម​រុណ បាន​មានប្រសាសន៍ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៥ ​ខែ​មីនា ឆ្នាំ​២០១៦​នេះ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សាលាសង្កាត់​បឹងទំពុន​ថា​ មាន​ស្ត្រី​ម្នាក់​ឈ្មោះ សោម រស្មី បច្ចុប្បន្ន​រស់នៅ​ផ្ទះជួល​ក្នុង​ក្រុម​ទី​៣ ភូមិ​ចំរើន​ផល ​កំពុង​រស់នៅ​យ៉ាង​លំបាក​វេទនា ​ក្នុងនាម​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ស្រី​២​នាក់​តូចៗ​រស់នៅក្នុង​បន្ទុក​ ហើយ​កំពុង​ធ្លាក់ខ្លួន​ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​មក​នោះ លោក​ក៏បាន​រៀបចំ​អំណោយ​សង្គ្រោះ​បន្ទាន់​របស់​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​យក​មក​ផ្តល់ជូន​ស្ត្រី​ឈ្មោះ សោម រស្មី ដល់​បន្ទប់​ជួល​ដែល​ស្ត្រី​រងគ្រោះ​ស្នាក់នៅ មិន​បង្អែបង្អង់​ឡើយ​។​

លោក ឌី រ​ត្ន័ ខេ​ម​រុណ បាន​មាន​ប្រសាសន៍​ថា ​អំណោយ​ដែល​នាំ​យក​មក​ផ្តល់​ជូន​ស្ត្រី សោម រស្មី គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​សម្ដេច​បាន​អនុញ្ញាត​ឲ្យ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​មក​ទទួលយក​អំណោយ​របស់​សម្ដេច​ទៅ​ផ្តល់​ដល់​ស្ត្រី​ ឈ្នោះ សោម រស្មី​ ភ្លាមៗ​តែម្តង​។​ អំណោយ​ដែល​យក​មក​ផ្តល់​ជូន​រួមមាន អង្ករ​ចំនួន​៣០​គីឡូក្រាម បំពង់​ទឹក​ក្តៅ​១ ចង្ក្រានហ្គាស​១ ទឹកត្រី​១​យួរ​ ទឹក​ស៊ីអ៊ីវ​១​យួរ​ទឹក​ផ្លែឈើ​១​កេស​ មី​យើង​១​កេស ចានដែក​១​ ស្ករស​១​គីឡូ មុង​១ ភួយ​១​ ក្រមា​១​ ធុង​ទឹកកក​១​ ត្រីខ​១​យួរ​ តែ​១​កញ្ចប់​ និង​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​។​

ក្នុង​ឱកាស​នោះ​ដែរ ​លោក​ ឌី​ រ​ត្ន័​ខេ​ម​រុណ បាន​ឧបត្ថម្ភ​ថវិកា​របស់​លោក​ផ្ទាល់​ចំនួន​១០​ម៉ឺន​រៀល​ដល់​កូនស្រី​តូចៗ​ទាំង​២​របស់​ស្ត្រី​ឈ្មោះ សោម រស្មី​ ជា​រៀងរាល់​ខែ​ ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត​ដល់​ក្មេង​ស្រី​ទាំង​២​អាយុ​១៨​ឆ្នាំ​៕