បើក​ការដ្ឋាន​ស្ថាបនា ​ជួសជុល​ផ្លូវ​ក្រាល​ថ្ម​មិច ​១​ខ្សែ នៅ​ឃុំ​ជើង​កើប ស្រុក​កណ្តាល​ស្ទឹង

បើក​ការដ្ឋាន​ស្ថាបនា ​ជួសជុល​ផ្លូវ​ក្រាល​ថ្ម​មិច ​១​ខ្សែ នៅ​ឃុំ​ជើង​កើប ស្រុក​កណ្តាល​ស្ទឹង



កណ្ដាល​​ ៖ ​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១៥០០​ម៉ែត្រ ចាប់ពី​ភូមិ​អន្លង់​គង រហូតដល់​ផ្លូវ​ចូល​វត្ត​អង្គ ស្ថិតនៅ​ភូមិ​អង្គ ឃុំ​ជើង​កើប ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្ដាល​ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ជួសជុល​ក្រាល​ថ្ម​មិច​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។

ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ខាង​លើ​នេះ ដោយ​ក្រុមហ៊ុន សៅ ពន្លក ចំណាយ​ទឹកប្រាក់​សរុប​ចំនួន​១៤៨៥០​ដុល្លារ​ សហរដ្ឋអាមេរិក។

លោក​សៅ ពន្លក បាន​ប្រាប់​ឲ្យដឹងថា ផ្លូវ​មួយ​ខ្សែនេះ កន្លងមក​មាន​លក្ខណៈ​តូច ហើយ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក ក៏មាន​ការស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ផង​នោះ ​ទើប​ក្រុមហ៊ុន​បានសម្រេច​ស្ថាបនា​ផ្លូវ​ប្រវែង​១៥០​ម៉ែត្រ ដោយ​ក្រាល​ថ្ម​មិច និង​ចាក់​ពង្រីក​ទំហំ​ទទឹងផ្លូវ​ថែមទៀត ចំណាយ​ទឹកប្រាក់​សរុប ១៤៨៥០​ដុល្លារ ដើម្បី​សម្រួលការ​ធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ទូទៅ។

លោក​អ៊ួ​ច សាវឿន អភិបាលរង​ស្រុក​កណ្តាល​ស្ទឹង​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ជួយ​ស្ថាបនា​ជួសជុល​ផ្លូវ ដោយ​ខាង​ក្រុមហ៊ុន សៅ ពន្លក ចំណាយ​ទឹកប្រាក់​យ៉ាងច្រើន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ជើង​កើប​ មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​មាន​ផ្លូវ​ស្អាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់។

លោក​អភិបាលរង​ស្រុក​មានប្រសាសន៍​បន្តទៀត​ថា ការស្ថាបនា​ផ្លូវ​ក្រាល​ថ្ម​មិច​ខាងលើនេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន សៅ ពន្លក ចំណាយ​ទឹកប្រាក់​ដោយផ្ទាល់ ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មានការ​គាំទ្រ​សប្បាយចិត្ត​គ្រប់គ្នា​ទាំងអស់ នេះ​ជា​ស្នាដៃ​ដ៏​ល្អ​ចូល​រួមចំណែក​កសាង​អភិវឌ្ឍន៍​ជាតិមួយ​ផ្នែក​ដែរ។

ជា​ចុងក្រោយ​លោក​ក៏បាន​ផ្ដាំផ្ញើ​ជូន​ទៅ​ប្រជាពលរដ្ឋ​ថា នៅ​គ្រប់​ទីកន្លែង​មានការ​រីក​ដុះដាល​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង​នេះ​ ដោយសារ​ការ​ខិតខំ​របស់​ប្រមុខ​ដឹកនាំ​របស់​យើង​សព្វ​ថ្ងៃនេះ៕