ពេលសម្រាលកូន តាមធម្មជាតិ ដឹងតែកាត់ ប៉េរីណេតែម្តង ឬយ៉ាងណា?

ពេលសម្រាលកូន តាមធម្មជាតិ ដឹងតែកាត់ ប៉េរីណេតែម្តង ឬយ៉ាងណា?

តាមពាក្យពីបុរាណខ្មែរ ដែលនិយាយតៗគ្នានោះគឺថា ការសម្រាលកូន គេហៅថា ការឆ្លងទន្លេ។ ចំពោះមូលហេតុដែលចាស់ៗ ប្រើពាក្យនេះដោយសារតែ ការសម្រាល កូនអាចនឹងជួបការលំបាកច្រើន ដូចការឆ្លងទឹកទន្លេអញ្ជឹង ព្រោះវាអាចនឹងប្រឈម ការលិចលង់បានគ្រប់ពេល។ ប៉ុន្តែ ន័យបែបនេះ គឺចង់សម្តៅទៅលើ តែការសម្រាលកូន តាមធម្មជាតិប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសម័យដ៏ទំនើបមួយនេះ ស្ត្រីមានផ្ទៃពោះ មិនមែនមានជម្រើសសម្រាលកូនតែមួយ ដូចកាលពីមុនទេ គឺមានពីរប្រភេទនោះគឺ សម្រាលដោយធម្មជាតិ និងសម្រាលដោយការវះកាត់។

ការសម្រាលកូនដោយការវះកាត់ ច្រើនតែត្រូវបានគេយល់ថា ជារឿងមានសុវត្ថិភាពបំផុត ទោះបីជាវាអាចនឹងមានផលរំខានតិចតួច ក្រោយពីសម្រាលហើយ និងពេលមានកូនលើកក្រោយក៏ដោយ។ យ៉ាងណាមិញ រឿងនេះ ទំនងជាមិនមានស្ត្រីយើងច្រើន ចង់សម្រាលកូនដោយវះកាត់ទេ ព្រោះតែខ្លាចឈឺតែម្តង ដូច្នេះ ពួកគេតែងជ្រើសរើស យកការសម្រាលដោយធម្មជាតិច្រើនជាង។

ស្ថិតត្រង់ករណីនេះដែរ នៅពេលសម្រាលកូនតាមបែបធម្មជាតិ គេតែងសង្កេតឃើញថា នៅពេលសម្រាលកូនក្នុងដំណាក់កាល ក្បាលកូនជិតចេញមកក្រៅហើយ ឆ្មបតែងតែប្រើវិធីមួយ ដែលគេហៅថា ការកាត់ប៉េរីណេ (Perineum) ដើម្បីផ្តល់ភាពងាយស្រួល ដល់ការចេញរបស់ក្បាលកូន។ ប៉េរីណេមានន័យថា ជាតំបន់ជុំវិញទ្វារមាសមាស និងរន្ធគូថ។ ដូច្នេះ តើវាត្រឹមត្រូវដែរឬទេ ដែលពេលសម្រាលកូនដោយធម្មជាតិបែបនេះ ត្រូវតែកាត់ ប៉េរីណេនេះតែម្តង?

បើយើងនិយាយតាមទ្រឹស្តីវេជ្ជសាស្ត្រវិញ ការកាត់ប៉េរីណេ នេះមិនមែនតែងតែធ្វើជានិច្ច គ្រប់ពេលសម្រាលកូនដោយធម្មជាតិឡើយ ព្រោះវានឹងមានផលវិបាកច្រើន ដល់ស្ត្រីជាម្តាយ។ បើសិនជាវាមិនចាំបាច់គឺ មិនបាច់ធ្វើឡើយ។

ករណីដែលត្រូវការកាត់ប៉េរីណេ ៖

    ទ្វាមាសរហែកខ្លាំង
    កូនត្រូវការសម្រាលឲ្យបានលឿន ជាពិសេស ករណីកូនថប់ដង្ហើម ឬសុករុំក ឬម្តាយមានជំងឺធ្ងន់ធ្ងរ
    កូនមានទម្រងសម្រាលខុសធម្មតា
    ក្បាលកូនធំពេក រហូតដល់ធ្វើឲ្យស្តើងប៉េរីណេ ដែលត្រូវការកាត់ ទើបអាចសម្រាលបាន។

ប៉ុន្តែ ឆ្មបមួយចំនួនធំ មិនបានគិតពីរឿងនេះឡើយ គឺពេលសម្រាលកូន ដឹងតែកាត់ប៉េរីណេនេះឲ្យ ហើយ ដើម្បីស្រួលសម្រាល។
ចំពោះផលវិបាក នៃការកាត់ប៉េរីណេនេះ មានដូចជា ៖

    ឈឺចាប់ខ្លាំង ដែលអាចរំខានដល់ការបំបៅដោះកូន
    ប្រឈមកាន់តែខ្លាំង នឹងការបាក់ទឹកចិត្ត ក្រោយសម្រាល
    អាចរងការឈឺចាប់យូរជាងធម្មតា
    មានការបង្ករោគនៅនឹងកន្លែង
    មានស្នាកស្នាម
    មានបញ្ហាដល់ការធ្វើចលនាពោះវៀន បើសិនជាកាត់ជ្រៅពេក៕

ប្រភព www.health.com.kh