ចង់ឲ្យកូនឆ្លាត មាន IQ ខ្ពស់ ម្តាយគួរធ្វើអ្វីខ្លះ អំឡុងពេលមានផ្ទៃពោះ?

ស្រឡាញ់ខ្លួន ស្ងួនចំណី ស្រឡាញ់កូនប្រុសស្រី ត្រូវថែទាំសុខភាព!

ការថែទាំសុខភាពខ្លួនឯង អាចជួយឲ្យស្ត្រីជាម្តាយ ត្រៀមខ្លួនបានរួចរាល់ ដើម្បីស្វាគមន៍ សមាជិកថ្មី នៅក្នុងក្រុមគ្រួសារ។

អ្នកប្រហែលជាដឹងហើយថា របៀបរស់នៅ ដែលមានសុខភាពល្អ អាចជួយឲ្យកូនរបស់អ្នក កើតមកមានសុខភាពល្អ និងមាំមួន ប៉ុន្តែ អ្នកមានដឹងអត់ថា ធ្វើម៉េចទៅ ទើបកូនឆ្លាត ហើយមាន IQ ខ្ពស់នោះ?

ជាការពិត ជម្រើសនៃការទទួលទាន របបអាហារត្រឹមត្រូវ និងគ្រប់គ្រាន់ ព្រមទាំងការហាត់ប្រាណ អាចជួយដល់ខួរក្បាលកូនរបស់អ្នក។

កាត់បន្ថយការប្រឈម នឹងជំអឺអូទីស (Autism) និងបញ្ហាខួរក្បាលដ៏ទៃទៀត
ការញ៉ាំថ្នាំគ្រាប់វីតាមីនបន្ថែម ក្នុងអំឡុងពេលមានផ្ទៃពោះ (prenatal supplement) ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះសុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ។ អាស៊ីតហ្វូលិក មានតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើតកោសិកាខួរក្បាល។ ការសិក្សាថ្មីៗនេះ បានបង្ហាញថា ស្ត្រីមានផ្ទៃពោះ ដែលបានញ៉ាំអាស៊ីតហ្វូលិក មុនពេលមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃ អាចកាត់បន្ថយការប្រឈមមុខ នឹងជំងឺអូទីស បានដល់ទៅ ៤០ ភាគរយ។ ដើម្បីទទួលបានអាស៊ីតហ្វូលិក អ្នកអាចទទួលទាន បន្លែពណ៌បៃតង និងគ្រាប់ធញ្ញជាតិជាដើម។ អាស៊ីតខ្លាញ់អូមេហ្កាបី ដូចជា DHA ក៏ចាំបាច់ សម្រាប់ការលូតលាស់ខួរក្បាល ដូច្នេះ អ្នកគួរតែទទួលទានត្រីសាលម៉ុន គ្រាប់វ៉ាល់ណាត់ និងស៊ុត ដើម្បីបង្កើតសុខភាពខួរក្បាល។

បង្កើនភាពវ័យឆ្លាត
ការហាត់ប្រាណ អាចជួយឲ្យអ្នក សម្រាលកូនដោយងាយស្រួល និងមានសុវត្ថិភាព។ ក្រៅពីនេះ ការហាត់ប្រាណ ក៏អាចពង្រឹងដល់ សុខភាពខួរក្បាលកូនផងដែរ។ ការសិក្សាបានឲ្យដឹងថា ម្តាយដែលបានហាត់ប្រាណមុន និងអំឡុងពេលមានផ្ទៃពោះ ច្រើនតែសម្រាលកូនដោយសុវត្ថិភាព ហើយទារកទាំងនោះ មានភាពឆ្លាតវៃ រហ័សរហួន និងរៀនពូកែ ជាងក្មេងដែលមានម្តាយ មិនធ្លាប់ហាត់ប្រាណ។ ហេតុអ្វីទៅ?
វាប្រហែលជាបណ្តាលមកពី កម្រិតអ័រម៉ូនស្ត្រេសកូទីសូល (cortisol)។ វាត្រូវបានបញ្ចេញ អំឡុងពេលហាត់ប្រាណ ដូច្នេះហើយ ទើបធ្វើឲ្យ ខួរក្បាលទារកលូតលាស់ និងអភិវឌ្ឍបានល្អ ដូចគ្នា នឹងសរីរាង្គរបស់ម្តាយដែរ។ អ្នកជំនាញនិយាយថា ការហាត់ប្រាណក្នុងកម្រិតមធ្យម រយៈពេល ៣០ នាទីជាប្រចាំ ជាអ្វីដែលស្ត្រីមានផ្ទៃពោះ គួរតែអនុវត្ត។

ចង់ឲ្យកូនឆ្លាត មាន IQ ខ្ពស់ ម្តាយគួរធ្វើអ្វីខ្លះ អំឡុងពេលមានផ្ទៃពោះ?

ព្យាបាលជំងឺម្តាយ
ស្ត្រីមួយចំនួន ចាប់ផ្តើមមានជំងឺ លើក្រពេញទីរ៉ូអ៊ីត ពេលចាប់ផ្តើមពរពោះ ដូច្នេះ រឿងចម្បងដែលអ្នកគួរធ្វើ គឺដោះស្រាយបញ្ហានេះសិន។ ទោះបីជាស្រាលកម្រិតណាក្តី បញ្ហាក្រពេញទីរ៉ូអ៊ីត គឺជាហានិភ័យដ៏ធំបំផុត ទៅលើការលូតលាស់របស់ទារក។
កង្វះអ័រម៉ូនទីរ៉ូអ៊ីត អាចធ្វើឲ្យកុមារ ថមថយកម្រិត IQ ដែលមានន័យថា ក្មេងមិនសូវឆ្លាត។ អ្នកជំនាញបានណែនាំថា ស្ត្រីជាម្តាយ ដែលមានបំណងចង់មានផ្ទៃពោះ គួរតែទៅពិនិត្យសុខភាពជាមុន ដើម្បីធ្វើតេស្តនានា ពិសេស តេស្តអ័រម៉ូននេះ។ យ៉ាងណាមិញ ដើម្បីរក្សាតុល្យភាព និងតួនាទីរបស់ក្រពេញមួយនេះ អ្នកគួរតែញ៉ាំសារធាតុអ៊ីយ៉ូត ០.២២ មីលីក្រាមជាប្រចាំថ្ងៃ ដែលវាមាននៅក្នុង ទឹកដោះគោជូរ ទឹកដោះគោ និងអំបិលអ៊ីយ៉ូត។

ទាក់ទងជាមួយកូនក្នុងផ្ទៃ ឲ្យបានជិតស្និទ្ធ
ទាក់ទងយ៉ាងម៉េចទៅ បើកូននៅក្នុងពោះហ្នឹង ពោលគឺគេមិនចេះនិយាយ ហើយស្តាប់មិនបាន? នរណាថាស្តាប់មិនលឺ? ជាការពិត អ្នកអាចចាប់ផ្តើម បង្កើតទំនាក់ទំនងល្អ ជាមួយកូនបានភ្លាមៗ ក្រោយពេលអ្នកដឹងថា ខ្លួនឯងមានផ្ទៃពោះ។ អំឡុងពេលពាក់កណ្តាលផ្លូវ នៃការពរពោះ ទារកអាចចាប់ផ្តើមស្តាប់លឺ ហើយចេះឆ្លើយតប នឹងសម្លេងរបស់អ្នក។ ស្ត្រីជាម្តាយ និងបុរសជាឪពុក អាចទាក់ទងជាមួយកូនបាន តាមរយៈការនិយាយលេង ការស្ទាបពោះ ការម៉ាស្សាពោះ ឬការអានសៀវភៅ ឲ្យគេស្តាប់ជាដើម។ ការសិក្សាមួយចំនួន បានបង្ហាញថា ទារកក្នុងផ្ទៃ នឹងស្ងប់ស្ងាត់ ពេលអ្នកច្រៀង អានសៀវភៅ ឬស្តាប់លឺសម្លេង ដែលគេចំណាំបាន និងស្តាប់លឺ តាមរយៈស្បូន។

បង្កើនប្រាជ្ញា ឲ្យបានខ្ពស់បំផុត
កូនកាន់តែវិវត្តយូរ នៅក្នុងស្បូន គឺកាន់តែល្អ (ប៉ុន្តែ មិនមែនឲ្យលើសថ្ងៃ ដែលត្រូវកើតឡើយ)។ នៅសប្តាហ៍ទី ៣៥ ទំហំខួរក្បាលរបស់គេ គឺត្រឹមតែពីរភាគបី នៃទំហំខួរក្បាល នៅសប្តាហ៍ទី ៣៩ ឬ ៤០។ ដូច្នេះ ប្រសិនបើហេតុការណ៍ ឬកត្តាណាមួយ ដែលជំរុញឲ្យទារក កើតមុនរយៈពេលនេះ ប្រាកដណាស់ ទារក និងម្តាយច្បាស់ជាប្រឈម នឹងបញ្ហាសុខភាពផ្សេងៗ។ដូច្នេះ ស្ត្រីមានផ្ទៃពោះ កុំផឹកស្រា និងជក់បារី ជាដាច់ខាត ហើយត្រូវគ្រប់គ្រង និងព្យាបាលជំងឺ ដែលខ្លួនឯងកំពុងមាន។ ស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត ក៏មិនអាចកើតមានដែរ៕

ចង់ឲ្យកូនឆ្លាត មាន IQ ខ្ពស់ ម្តាយគួរធ្វើអ្វីខ្លះ អំឡុងពេលមានផ្ទៃពោះ?

ប្រភពពី៖http://www.health.com.kh/