ក្រសួង​វប្បធម៌ ណែនាំ​ឲ្យ​សិល្បករ សិល្បការិនី សម្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​

ភ្នំពេញ: បន្ទាប់ពី​សិល្បករ សិល្បការិនី មួយរយៈ​នេះ បាន​លែងខ្លួន​ស្ទើរតែ​អស់​ល្វែងលើ ល្វែង​ក្រោម នូវ​ភាព​សិច​ស៊ី​ហួស​ព្រំដែន ហើយ​សិល្បការិនី​មួយចំនួន​ស្លៀក​តែ​ឈុត​ក្នុង ចម្លង​តាម​វប្បធម៌​បរទេស​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​និង​ប្រពៃណី​ដ៏​ល្អ​ថ្លៃថ្លា​របស់​ខ្មែរ​នោះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ បានចេញ​សេចក្ដីណែនាំ​មួយ​ជាបន្ទាន់​ដល់​សិល្បករ សិល្បការិនី ដែល​លែងខ្លួន​ដើម្បី​ប្រយោជន៍​បុគ្គល និង​មិន​គិតពី​សេចក្ដីថ្លៃថ្នូរ​បស់​ជាតិ​។​

​នៅក្នុង​សេចក្ដីណែនាំ​បានលើកឡើង​ថា ក្រសួង​សង្កេតឃើញ​នៅលើ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​លើ​ទំព័រ​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម (​ហ្វេ​ស​ប៊ុ​ក​) តែងមាន​សិល្បករ សិល្បការិនី​មួយចំនួន កំពុង​ចាប់យក​វប្បធម៌​បរទេស​មក​ធ្វើជា​វប្បធម៌​របស់ខ្លួន តាមរយៈ​ការប្រើប្រាស់​សំលៀកបំពាក់​និង​ឥរិយាបថ ស្រើបស្រាល​នានា​ដែលមាន​លក្ខណៈ​ប្រាសចាក​ពី​វប្បធម៌ សីលធម៌ និង​ទំនៀមទម្លាប់ ប្រពៃណី​របស់​ជាតិ ក្នុង​គោលដៅ​អូសទាញ​នូវ​សមានចិត្ត​គាំទ្រ​ពី​ទស្សនិកជន​ដើម្បី​ភាពល្បីល្បាញ​របស់ខ្លួន​។​

​ក្នុង​បរិបទ​នេះ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​ថ្លៃថ្លា ដែលជា​មរតក​ដូនតា​នៃ​យើង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

-​សិល្បករ សិល្បការិនី​ទាំងអស់ សូម​ប្រើប្រាស់​សម្លៀកបំពាក់ ឲ្យ​បាន​សមស្រប​តាម​ទំនៀម​ទំលាប់​ប្រពៃណី​របស់​ជាតិ​មាន​ឥរិយាបថ ប្រកបដោយ​សីលធម៌ គុណធម៌ សុជីវធម៌ ដែលជា​មរតក​ដ៏​ល្អ​ផូរផង់​នៃ​ដូនតា​យើង​។​

-​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់ និង​បញ្ឈប់​នូវ​រាល់​ការចាក់ផ្សាយ​ទាំងឡាយណា​ដែលមាន​សកម្មភាព ឥរិយាបថ និង​ការ​ស្លៀកពាក់​បម្រើ​ដល់​ការសម្ដែង ដែលមាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​៕​
ក្រសួង​វប្បធម៌ ណែនាំ​ឲ្យ​សិល្បករ សិល្បការិនី សម្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​

ក្រសួង​វប្បធម៌ ណែនាំ​ឲ្យ​សិល្បករ សិល្បការិនី សម្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​

ប្រភពៈ CEN