រដ្ឋា​ភិបាល​ឧបត្ថម្ភ​ប្រាក់​៥​ម៉ឺន​រៀល​​ដល់​មន្ត្រី​រាជការ​​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី ២៥​មីនា បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៥​ម៉ឺន​រៀល​ក្នុង​ម្នាក់​ៗ​ ទៅ​ដល់​មន្ត្រី​រាជការ​ស៊ីវិល ដែល​កំពុង​បម្រើ​ការងារ ​បាន​ចូល​វិវត្តន៍ និង​មន្ត្រី​ជា​ជន​ពិការ សម្រាប់​អបអរ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​។​ រដ្ឋាភិបាល កំណត់​ឲ្យ​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ឲ្យ​ដល់​ដៃ​មន្ត្រី​រាជការ​ទាំង​នេះ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី ១១​ខែ​មេសា ឆ្នាំ​២០១៦​។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ដាក់​លិខិត​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន សុំ​ប្រាក់​ឧបត្ថម្ភ​ ១៥​ម៉ឺន​រៀល បាន​សាទរ​ចំពោះ​ការ​ផ្តល់​ជូន​នេះ​ ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​បន្ថែម​ប្រាក់​ឧបត្ថម្ភ សម្រាប់​ឱកាស​បុណ្យ​ជាតិ​ផ្សេង​ៗ​ទៀត​។

រដ្ឋា​ភិបាល​ឧបត្ថម្ភ​ប្រាក់​៥​ម៉ឺន​រៀល​​ដល់​មន្ត្រី​រាជការ​​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទិដ្ឋភាពនៅក្នុងវត្តឧណ្ណាលោមនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល​របស់​រដ្ឋាភិបាល​ក្នុង​ម្នាក់​ៗ សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ តម្រូវ​ឲ្យ​ផ្តល់​ជូន​ដល់​មន្ត្រី​រាជការ​ស៊ីវិល​នៃ​ក្រុម​និតិប្បញ្ញត្តិ នីតិ​ប្រតិបត្តិ តុលាការ មន្ត្រី​ក្រសួង​មហាផ្ទៃ យោធិន​ការពារ​ជាតិ សមាជិក​ក្រុម​ប្រឹក្សា​គ្រប់​ជាន់​ថ្នាក់​ មន្ត្រី​ជាប់​កិច្ច​សន្យា បុគ្គលិក​បណ្តែត​ដែល​កំពុង​ធ្វើ​ការ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី​ចូល​និវត្តន៍ ព្រម​ទាំង​ជន​ពិការ​ដែល​ជា​អតីត​មន្ត្រី​រាជការ​ស៊ីវិល​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​​ផ្តល់​ប្រាក់​ឧបត្ថម្ភ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​វក ព.ស ២៥៦០ គ.ស ២០១៦​។

តាម​មាត្រា​២ នៃ​អនុក្រឹត្យ ប្រាក់​ឧបត្ថម្ភ​នេះ ត្រូវ​ផ្តល់​ចូល​ទៅ​ក្នុង​គណនី​បៀវត្ស​របស់​សាមី​ជន​ម្នាក់​ៗ​ដោយ​ផ្ទាល់​។ ហើយ​ប្រសិន​បើ​មន្ត្រី​រាជការ​ណា មិន​ទាន់​បាន​បើក​គណនី​បៀវត្ស ក្រសួង ស្ថាប័ន ឬ​អង្គភាព​របស់​ពួកគេ​ ត្រូវ​បើក​ឲ្យ​ដល់​ដៃ​របស់​សាមី​ជន​ឲ្យ​គ្រប់​ចំនួន និង​ទាន់​ពេល​វេលា។ ក្នុង​នោះ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​សាមី តម្រូវ​ឲ្យ​សហការ​គ្នា បើក​ប្រាក់​ឧបត្ថម្ភ​នេះ​ដល់​សាមី​ជនម្នាក់​ៗ យ៉ាង​យូរ​បំផុត ត្រឹម​ថ្ងៃ​ទី ១១​ខែ​មេសា ឆ្នាំ​២០១៦​។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​បាន​ដាក់​លិខិត​ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ ១៥​ម៉ឺន​រៀល​ កាល​ពី​ថ្ងៃ​ទី ២៣​មីនា បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​ផ្តល់​ជូន​នេះ​។ ប៉ុន្តែ​ប្រធាន​ស្តី​ទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នក​ស្រី​អ៊ុក ឆា​យ៉ា​វី យល់​ថា​ប្រាក់ឧបត្ថម្ភ​នេះ វា​តិច​តួច​បន្តិច​ហើយ ដើម្បី​អាច​ឲ្យ​មន្ត្រី​រាជការ​ដែល​មាន​បៀវត្ស​ទាប អាច​សប្បាយ​រីករាយ ក្នុង​ការ​អបអរ​ឆ្នាំ​ថ្មី​។

យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី​ឆា​យ៉ា​វី ថា​ការ​ផ្តល់​តិច វា​ក៏​ប្រសើរ​ជាង​អត់​មាន​ផ្តល់​ឲ្យ​នោះ​ដែរ​។ សមាគម​គ្រូ​បង្រៀន នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឲ្យ​បាន​ច្រើន​ជាង​នេះ ដល់​គ្រូ​បង្រៀន មន្ត្រីរាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំ​ៗ​លើក​ក្រោយ​ៗ​ទៀត ដើម្បី​ឲ្យ​ឱកាសជួប​ជុំ​គ្រួសារ​របស់​ពួក​គេ កាន់​តែ​រីករាយ​។

សូម​បញ្ជាក់​ថា កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ ២០១៥ រាជរដ្ឋាភិបាល ក៏​បាន​ចេញ​អនុក្រឹត្យ ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤​ម៉ឺន​រៀល ដល់​គ្រូ​បង្រៀន​ មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕

ប្រភពៈ RFI