អាជ្ញាធរ​​ខេត្ត​ពោធិ៍សាត់​ប្រកាស​ជំហរ​បន្ត​ដោះស្រាយ​រឿង​ដីធ្លី​របស់​ពលរដ្ឋ​២៣​គ្រួសារ

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ប្រកាស​ជំហរ​បន្ត​ដោះស្រាយ​រឿង​ដីធ្លី​របស់​ពលរដ្ឋ ២៣​គ្រួសារ នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង រហូត​ដល់​ចប់​ដោយ​មិន​ប្រើ​ហិង្សា ឬ​វិធានការ​ច្បាប់​ចាប់​ចង​ពលរដ្ឋ​ដាក់​គុក​នោះ​ទេ។ ការ​អះអាង​នេះ គឺ​នៅ​បន្ទាប់​ពី​អាជ្ញាធរ និង​មន្ត្រី​សង្គម​ស៊ីវិល ចុះ​បង្ហាញ​ទីតាំង​ដី​ដែល​ត្រូវ​ដោះដូរ​ជូន​ពលរដ្ឋ ២៣​គ្រួសារ ប៉ុន្តែ​មាន ៥​គ្រួសារ​ប៉ុណ្ណោះ​ដែល​ព្រម​ទទួល​យក។

អ្នក​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​បរិស្ថាន​តាំង​ពី​ឆ្នាំ​២០១០ នៅ​ស្រប​ពេល​ដែល​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព អភិវឌ្ឍ​ទី​នោះ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស។ ពួកគាត់​ដែល​នៅ​សល់​ជាង ១០​គ្រួសារ បាន​ប្រាប់​ពី​ហេតុផល​មិន​ទទួល​យក​ការ​ដោះដូរ​ថា ដី​នៅ​កន្លែង​ថ្មី​ជា​ដី​ព្រៃ ហើយ​ពលរដ្ឋ​មិន​ត្រូវ​ការ​ដី​សង្គម​កិច្ច​ក្រៅ​ពី​ដី​ដែល​ខ្លួន​មាន​ស្រាប់​នោះ​ទេ។

អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​ម្នាក់ គឺ​លោកស្រី យ៉ុង រ៉ាន់ ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ពលរដ្ឋ​ជាង ១០​នាក់ បាន​ជួប​ប្រជុំ​គ្នា​ពិភាក្សា​រឿង​ដីធ្លី​នេះ​នៅ​ក្នុង​ភូមិ​សង្គម​ថ្មី ហើយ​មាន​គំនិត​នាំ​គ្នា​ថត​ទីតាំង​ដី​របស់​ខ្លួន​ដែល​កំពុង​មាន​ជម្លោះ និង​ទីតាំង​ដី​ដែល​ត្រូវ​ដោះដូរ​ដើម្បី​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ដោះស្រាយ​ជូន​ពួកគាត់៖ «សូម​ឲ្យ​សម្ដេច​នាយក​ជួយ​អន្តរាគមន៍ ព្រោះ​ដី​ដែល​គេ​ឲ្យ​មក​ពួក​ខ្ញុំ​ហ្នឹង​ជា​ដី​ព្រៃ​មិន​ដែល​បាន​ប្រើ​ប្រាស់ ហើយ​ដី​ដែល​ខ្ញុំ​ប្ដឹង​តវ៉ា​ពី​មុន​ហ្នឹង​ជា​ដី​អាស្រ័យ​ផល​ស្របច្បាប់​របស់​ពួក​ខ្ញុំ។ សូម​ទាមទារ​សិទ្ធិ នៃ​ការ​រស់នៅ​លើ​ដី​របស់​ខ្លួន​ឯង​វិញ»

ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ទីតាំង​ដី​សង្គម​កិច្ច​នៅ​ចំណុច​អូរមីនតោន អូរកងឈ្លប និង​ចំណុច​ភ្លុកដំរី នៃ​ឃុំ​ថ្មដា ដែល​អាជ្ញាធរ​បង្ហាញ​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា នោះ​គឺ​ជា​ទីតាំង​លំបាក​រស់​នៅ និង​គ្មាន​ប្រភព​ទឹក។ ពួកគាត់​ថា ការ​ដោះស្រាយ​របស់​អាជ្ញាធរ​នេះ​មិន​សមស្រប​ឡើយ ហើយ​ថា អ្នក​ភូមិ​នៅ​ប្រកាន់​ជំហរ​តវ៉ា​ទាមទារ​ដី​នៅ​កន្លែង​ចាស់​របស់​គាត់​មក​វិញ បើ​ពុំ​មាន​ការ​ឆ្លើយ​តប​ពី​ប្រមុខ​រដ្ឋាភិបាល​ទេ​នោះ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា ថា​អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​រៀបចំ​ដី​ជូន​ពលរដ្ឋ​ចំនួន ៥​គ្រួសារ ដែល​ព្រមព្រៀង​ទទួល​យក​ការ​ដោះដូរ​ភ្លាម ចំណែក​អ្នក​ដែល​នៅ​សេសសល់​ទុក​ពេល​ឲ្យ​គាត់​ពិចារណា​សិន​ដោយ​មិន​បង្ខំ​ឲ្យ​ទទួល​យក ឬ​ប្រើ​វិធានការ​ច្បាប់​ចាប់​ចង​ពលរដ្ឋ​នោះ​ទេ។ ចំពោះ​ទំហំ​ដី​ដែល​ត្រូវ​ដោះដូរ និង​នៅ​ទីតាំង​ណា​នោះ​លោក​មិន​បាន​បញ្ជាក់​ទេ តែ​លោក​ថា ដី​កន្លែង​ថ្មី​នោះ​អាជ្ញាធរ​បាន​កំណត់​ទៅ​តាម​តម្រូវ​ការ​របស់​ពលរដ្ឋ​ទាំង​នោះ​ហើយ៖ «ពួកគាត់​នៅ​តែ​មាន​អារម្មណ៍​មិន​ទុក​ចិត្ត គាត់​និយាយ​របៀប​ថា​បាតដៃ​ខ្នង​ដៃ។ គាត់​និយាយ​ព្រម​ព្រៀង​គ្នា យើង​បាន​ធ្វើ​កំណត់​ហេតុ និង​ផ្ដិត​មេដៃ​អស់​ហើយ ស្រាប់​តែ​ដល់​ក្រោយ​មក​គាត់​ឆ្លើយ​ថា លែង​យក​វិញ​ហើយ»

មន្ត្រី​កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ដ ចង់​ឃើញ អាជ្ញាធរ​ខេត្ត​យក​យុទ្ធសាស្ត្រ​ឈ្នះ​ទាំង​អស់​គ្នា​មក​ដោះស្រាយ​បន្ត ប៉ុន្តែ​សង្គម​ស៊ីវិល​សូម​ដក​ខ្លួន​ចេញ​ពី​រឿង​នេះ​មួយ​រយៈ​សិន។

លោក​ថា បើ​អាជ្ញាធរ​ប្រើ​វិធានការ​ច្បាប់​ដោះស្រាយ​បញ្ហា នោះ​ភាគី​ពលរដ្ឋ​នឹង​មាន​បញ្ហា​ដោយសារ​លិខិត​កាន់​កាប់​ដី​របស់​គាត់​មាន​លក្ខណៈ​មិន​ស្របច្បាប់៖ «មិន​ស្របច្បាប់ គឺ​ថា លិខិត​ផ្ទេរ​សិទ្ធិ​ហ្នឹង​ជួន​កាល​ឃើញ​មាន​អាយុ​ជាង ១០​ឆ្នាំ គេ​ផ្ទេរ​សិទ្ធិ​ឲ្យ បើ​តាម​ផ្លូវ​ច្បាប់​វា​អត់​ត្រូវ​ទេ ទាល់​តែ​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ»

អ្នកភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា ចំនួន ២៣​គ្រួសារ​អះអាង​ថា ពួកគាត់​ទទួល​បាន​ដី​កាន់កាប់​តាម​រយៈ​អាជ្ញាធរ​បែងចែក​ឲ្យ និង​ខ្លះ​ទៀត​ទិញ​ត​ពី​គេ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ២០០​ហិកតារ​តាំង​ពី​អំឡុង​ឆ្នាំ​២០០០។ ប៉ុន្តែ​ក្រុមហ៊ុន អឹម.ឌី.អេស និង​មន្ត្រី​បរិស្ថាន បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​វិល​ជុំ​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ចោទ​ពួកគាត់​ថា បាន​កាន់កាប់ និង​អាស្រ័យផល​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។