រដ្ឋាភិបាល​សម្រេច​បន្ថែម​របប​សន្តិសុខ​សង្គម​​ដល់​អតីត​មន្ត្រី​រាជការ​និង​អតីត​យុទ្ធជន

រដ្ឋាភិបាល​សម្រេច​បន្ថែម​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ដល់​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីត​យុទ្ធជន ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ត​ទៅ។

អនុក្រឹត្យ​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​២៥ ខែ​មីនា ឲ្យ​ដឹង​ថា ការ​បន្ថែម​របប​សន្តិ​សុខ​សង្គម​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះតែ​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ីវិល និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន និង​ចំពោះ​របប​សន្តិសុខ​សង្គម​ប្រចាំខែ​លើ​តាវកាលិក​ការ​ចូល​និវត្តន៍ ការ​បាត់បង់​សម្បទា​វិជ្ជាជីវៈ ការ​បាត់បង់​សមត្ថភាព​ការងារ និង​ពិការភាព។ ទោះជា​យ៉ាង​ណា អនុក្រឹត្យ​នេះ មិន​អនុវត្ត​ទៅ​លើ​អតីត​មន្ត្រី​រាជការ​ដែល​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៦ នោះ​ឡើយ។

របប​សន្តិសុខ​សង្គម​ប្រចាំខែ​ត្រូវ​បាន​បន្ថែម​តាម​កម្រិត​ដូច​តទៅ៖ សម្រាប់​អតីត​មន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន​ដែល​មាន​របប​សន្តិសុខ​សង្គម​ប្រចាំខែ បច្ចុប្បន្ន​ក្នុង​ចន្លោះ​ចាប់​ពី ៣០​ម៉ឺន (៣០០.០០០) ដល់ ៣៣​ម៉ឺន​រៀល (៣៣០.០០០) ត្រូវ​បន្ថែម​ឲ្យ​ដល់ ៣៦​ម៉ឺន​រៀល (៣៦០.០០០) ក្នុង​១​ខែ។ ប្រាក់​ខែ​ចាប់​ពី ៣៣​ម៉ឺន​១​រៀល (៣៣០.០០១) ដល់ ៣៩​ម៉ឺន ៥​ពាន់​រៀល (៣៩៥.០០០)  ត្រូវ​ផ្ដល់​ជូន​បន្ថែម ៣​ម៉ឺន​រៀល​ក្នុង​១​ខែ ចាប់​ពី ៣៩​ម៉ឺន ៥​ពាន់ ១​រៀល (៣៩៥.០០១) ដល់ ៤០​ម៉ឺន​រៀល (៤០០.០០០) ត្រូវ​បន្ថែម​ឲ្យ​ដល់ ៤២​ម៉ឺន ៥​ពាន់​រៀល (៤២៥.០០០) ក្នុង​១​ខែ ចាប់​ពី ៤០​ម៉ឺន ១​រៀល (៤០០.០០១) ដល់ ៤៩​ម៉ឺន ៥​ពាន់​រៀល (៤៩៥.០០០) ត្រូវ​ផ្ដល់​ជូន​បន្ថែម ២​ម៉ឺន ៥​ពាន់​រៀល​ក្នុង​១​ខែ ចាប់​ពី ៤៩​ម៉ឺន ៥​ពាន់ ១​រៀល (៤៩៥.០០១) ដល់ ៥០​ម៉ឺន​រៀល (៥០០.០០០) ត្រូវ​បន្ថែម​ឲ្យ​ដល់ ៥២​ម៉ឺន​រៀល (៥២០.០០០) និង​ចាប់​ពី ៥០​ម៉ឺន ១​រៀល (៥០០.០០១) ឡើង​ទៅ ត្រូវ​ផ្ដល់​បន្ថែម​ចំនួន ២​ម៉ឺន​រៀល​ក្នុង​១​ខែ។

​អនុក្រឹត្យ​ដដែល​បញ្ជាក់​ថា អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន​ដែល​បាន​ទទួល​ការ​បន្ថែម​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ក្នុង​កម្រិត​ណាមួយ​ខាង​លើ​នេះ​រួច​មក​ហើយ មិន​អាច​ទទួល​បាន​កម្រិត​ផ្សេង​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។