ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ដើរ​ចេញ​ពី​កិច្ច​សម្របសម្រួល​គម្រោង​ស្រាវជ្រាវ​រ៉ែ

ប្រជាពលរដ្ឋ​ពីរ​ភូមិ នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាង ១០០​នាក់ បាន​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ចប្រជុំ​ស្វែង​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​របស់​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold)។ អ្នក ភូមិ​ប្រកាន់​ជំហរ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចូល​ទៅ​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​នៅ​ក្នុង​តំបន់​អ្នក​ភូមិ​រស់​នៅ និង​តំបន់​សហគមន៍​អភិរក្ស។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​គងធំ និង​ភូមិ​ប្លង់ សំដែង​ការ​សោកស្ដាយ និង​ចាត់​ទុក​ទង្វើ​សហគមន៍​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ថា​ជា​ចេតនា​មិន​ល្អ មិន​ស្ដាប់​ហេតុផល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​ល្អ​នៃ​ជនជាតិ​ដើម​ភាគតិច។

​អង្គការ​ទាំង​៤ ដែល​សំដែង​ការ​សោកស្ដាយ​នេះ​មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី រួម​មាន​សមាគម​ខ្មែរ​លើ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​បណ្ដាញ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)

ប្រធាន​សមាគម​ខ្មែរ​លើ អ្នកស្រី ដាំ ចន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា គោលបំណង​របស់​អ្នកស្រី​គឺ​ចូល​រួម​កិច្ចប្រជុំ​ដើម្បី​ស្ដាប់​ពី​ហេតុផល​របស់​សហគមន៍​ដែល​ជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​ទៅ​ស្រាវជ្រាវ​រ៉ែ​ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ ក៏ប៉ុន្តែ​អ្នកស្រី​ខក​ចិត្ត​ដោយសារ​អ្នក​ភូមិ​មិន​ព្រម​ចូល​រួម​ពិភាក្សា​ដោយ​សន្តិវិធី។

អ្នកស្រី​បន្ត​ថា នេះ​ជា​ទង្វើ​ថ្មី​មួយ​ទៀត​ដែល​អ្នកភូមិ​ប្រកាន់​ជំហរ​ដូច​គ្នា គឺ​មិន​ទទួល​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សមាគម​ខ្មែរ​លើ​កន្លង​ទៅ៖ «សង្ឃឹម​ថា មក​អង្គុយ​នៅ​ពេល​នេះ​យើង​នឹង​បាន​ដឹង​ពី​ហេតុផល​ជាក់លាក់​ជាមួយ​សហគមន៍​ថា គាត់​មាន​ការ​លំបាក​អ្វី​ខ្លះ បារម្ភ​អ្វី​ខ្លះ? ស្រាប់​តែ​ម្នាក់ៗ​យើង​អត់​ទាន់​បញ្ចេញ​គំនិត​យោបល់​អ្វី​ផង គាត់​នាំ​គ្នា​ចេញ​អស់ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ដែរ»

​ដូច​គ្នា​នេះ​ដែរ មន្ត្រី​អង្គការ​បណ្ដាញ​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី លោក វ៉ាត់ បូ កត់​សំគាល់​ថា អ្នក​ភូមិ​គួរ​តែ​ចូលរួម​ស្ដាប់​ហេតុផល​ពី​ភាគី​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​ដែល​ចូលរួម​សម្របសម្រួល​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន។

លោក​សំដែង​ការ​ខ្មាសអៀន​ដែល​លោក​ជា​ជនជាតិ​ដើម​មួយ​រូប​បាន​ឃើញ​ទង្វើ​ជនជាតិ​ដើម​ភាគតិច​ដូចគ្នា​ប្រកាន់​ជំហរ​មិន​សមរម្យ​ក្នុង​កិច្ច​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី៖ «ឃើញ​ស្ថានភាព​បែប​នេះ ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ទេ ហើយ​ក៏​មាន​ការ​ខ្មាសអៀន​ក្នុង​នាម​ជា​ជនជាតិ​ដើម​ភាគតិច​មួយ​រូប​ដែរ។ ទោះ​បី​ទទួល ឬ​មិន​ទទួល គួរ​តែ​គាត់​ស្ដាប់​ហេតុផល​សិន​ដើម្បី​មាន​ការ​ពិភាក្សា​គ្នា»

ក្រុមហ៊ុន​អង្គរ ហ្គោល នៃ​ប្រទេស​អូស្ត្រាលី បាន​រៀបចំ​វេទិកា​សម្របសម្រួល​មួយ​ដើម្បី​ពិភាក្សា​ជាមួយ​សហគមន៍​ស្ដីពី​ការ​ជំទាស់​របស់​អ្នក​ភូមិ​មិន​ឲ្យ​ក្រុម​ការងារ​ក្រុមហ៊ុន​ចុះ​ស្រាវជ្រាវ​រ៉ែ​លោហៈ​ក្នុង​តំបន់​ពួកគាត់​រស់​នៅ បើ​ទោះ​បី​ក្រសួង​រ៉ែ និង​ថាមពល​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​ក៏ដោយ។

អ្នក​ភូមិ​បាន​នាំ​គ្នា​ដើរ​ចេញ​បន្ទាប់​ពី​អ្នក​ភូមិ​បង្ហាញ​បដា​បី​ផ្ទាំង​មាន​ន័យ​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ការពារ​ដីធ្លី​ធនធាន​ធម្មជាតិ និង​ចាត់​ទុក​ធនធាន​ធម្មជាតិ​ជា​អាយុ​ជីវិត​សហគមន៍៖ «នេះ​ជា​អាយុ​ជីវិត​ជនជាតិ​ដើម​ភាគ​តិច។ ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ការពារ​ដីធ្លី និង​ធនធាន​​ធម្មជាតិ»

ទាក់ទិន​ការ​ជំទាស់​មិន​ចូល​រួម​ពិភាក្សា​គ្នា​នេះ មេ​ឃុំ​ប៉ាតេ លោក រម៉ាម យូត អះអាង​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​បាន​អញ្ជើញ​អ្នក​ភូមិ​មក​ប្រជុំ​ផ្សព្វផ្សាយ​ពី​គម្រោង​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ក៏ប៉ុន្តែ​អ្នក​ភូមិ​តែង​ជំទាស់ ហើយ​ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ថា ទទួល​សំណូក​ពី​ក្រុមហ៊ុន។

លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​អស់​លទ្ធភាព​ពន្យល់​អ្នក​ភូមិ ទើប​ធ្វើ​របាយការណ៍​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ៖ «គេ​និយាយ​ថា មិន​ព្រមៗ។ ខ្ញុំ​ថា ទេ! ឥឡូវ​គេ​មក​ទទួល​សំណូមពរ​សហគមន៍ មក​ទាំង​អស់​ទៅ។ ខ្ញុំ​ប្រាប់ ខ្ញុំ​ហៅ​ហ្នឹង គេ​ថា​ខ្ញុំ​ស៊ុមគ្រលុំ​ជាមួយ​ក្រុមហ៊ុន»

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​លើ​ផ្ទៃដី​ទំហំ ១៨៧​គីឡូ​ម៉ែត្រក្រឡា នៅ​តំបន់​បរខាំ ស្រុក​អណ្ដូងមាស ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ ចាប់​ពី​ថ្ងែ​ចេញ​អាជ្ញាប័ណ្ណ​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។ ក្នុង​នោះ​បាន​ហាម​ឃាត់​ដាច់ខាត​ការ​ស្រាវជ្រាវ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ដែល​កំណត់​ថា ជា​តំបន់​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​តំបន់​បេតិកភណ្ឌ​ជាតិ។ ដោយ​ឡែក​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​ផ្ទៃដី​ជា​កម្មសិទ្ធិ​ឯកជន ក្រុមហ៊ុន​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ស្ដីពី​មិន​ជ្រៀតជ្រែក និង​ប៉ះពាល់​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ធ្វើ​ការ​ទូទាត់​សំណង​ការ​ខូចខាត​ទាំង​ឡាយ​ដែល​បណ្ដាល​មក​ពី​សកម្មភាព​របស់​ក្រុមហ៊ុន។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន អង្គរ ហ្គោល លោក ម៉ាយ៍ខ វីកស័ (Mike Weeks) សំដែង​​ការ​សោកស្ដាយ​ដែរ ដែល​អ្នក​ភូមិ​មិន​ទាន់​បាន​ស្ដាប់​ហេតុផល​ក្រុមហ៊ុន មន្ត្រី​អាជ្ញាធរ និង​អង្គការ​​សង្គម​ស៊ីវិល​ដែល​ចូលរួម​សម្របសម្រួល​បញ្ហា ហើយ​នាំ​គ្នា​ដើរ​ចេញ។ លោក​ថា ក្រុមហ៊ុន​អនុវត្ត​​គោលការណ៍​គោរព​ច្បាប់ សិទ្ធិ​ដីធ្លី និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន បើ​ទោះបី​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​​ស្របច្បាប់​រួច​ហើយ​ក្តី។
លោក​ថ្លែង​ថា ក្រុមហ៊ុន​ប្រកាន់​ជំហរ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​រាល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​គឺ​មាន​ការ​ឯកភាព និង​ចូលរួម​ពី​សហគមន៍៖ «សិទ្ធិ​កាន់កាប់​ដីធ្លី​គឺ​ជា​សិទ្ធិ​បង​ប្អូន​ជនជាតិ​ដើម គេ​គោរព គ្មាន​ការ​រំលោភ​សិទ្ធិ​ទេ»

​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​សហគមន៍​ភូមិ​គងធំ និង​ភូមិ​ប្លង់ ប្រឆាំង​ទៅ​នឹង​គម្រោង​ស្រាវជ្រាវ​រ៉ែ។ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៥ សហគមន៍​ភូមិ​តាំម្លូ ឋិត​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស បាន​បដិសេធ​ដាច់ខាត​ទៅ​នឹង​ការ​សម្របសម្រួល​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន តំណាង​ក្រុមហ៊ុន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទាក់ទិន​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​មាស​របស់​ក្រុមហ៊ុន​អង្គរ ហ្គោល បើ​ទោះបី​ការ​សម្របសម្រួល​ឈរ​លើ​គោលការណ៍​បី​ចំណុច​ស្ដីពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​មុន​ក្ដី។

យ៉ាង​នេះ​ក្តី អភិបាល​រង​ស្រុក​អូរយ៉ាដាវ ដែល​បាន​ចូល​រួម​សម្របសម្រួល​កិច្ចពិភាក្សា​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា អំពាវ​សុំ​ឲ្យ​អាជ្ញាធរ ក្រុមហ៊ុន និង​សង្គម​ស៊ីវិល ពិភាក្សា​រក​ដំណោះស្រាយ​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​បញ្ហា​នេះ​ជា​ថ្មី​ទៀត។ លោក​ថា អ្នក​ភូមិ​គួរ​ចូល​រួម​ផ្ដល់​មតិ​យោបល់​ពាក់ព័ន្ធ​អ្វី​ដែល​អ្នក​ភូមិ​តវ៉ា​ដើម្បី​ភាគី​ពាក់ព័ន្ធ​​ស្វែង​រក​ដំណោះស្រាយ៖ «ទង្វើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិន​ទាន់​បាន​បង្ហាញ​ពី​គោលបំណង​ជាក់លាក់​ផង គាត់​ធ្វើ​អ៊ីចឹង បាន​ន័យ​ថា ជា​ទង្វើ​អាក្រក់»

ទោះ​ជា​យ៉ាង​ណា តំណាង​អង្គការ​ទាំង​៤ សន្យា​ថា នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​រវាង​អង្គការ​ទាំង​៤ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ភូមិ​បន្ត​ចូលរួម​វេទិកា​ពិភាក្សា​នៅ​ពេល​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។