ពិព័រណ៍​ស្នាដៃ​និង​អនាគត​បង្ហាញអំពី​​ទម្រង់​សិល្បៈ​ខ្មែរ

ក្រុម​យុវជន​និយម​សិល្បៈ ឈ្មោះ​ក្រុម​រីកសាយ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ រៀបចំ​ការ​តាំង​ពិព័រណ៍​សិល្បៈ​ខ្មែរ​លើក​ទី​៤ ជា​ច្រើន​ទម្រង់ ក្រោម​ប្រធានបទ "ស្នាដៃ​និង​អនាគត"។ ពិព័រណ៍​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា នា​សាលសន្និសីទ​ចតុមុខ ដោយ​ពាំនាំ​ស្នាដៃ​សិល្បៈ​បង្កើត​ថ្មី​របស់​យុវជន និង​មរកត​សិល្បៈ ទាំង​ទម្រង់​ប្រជាប្រិយ និង​បុរាណ មក​បង្ហាញ​ជូន​ជា​សាធារណៈ។

ពិព័រណ៍​នេះ ចាប់​បើក​ទ្វារ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៨​យប់។ ការ​តាំង​ពិព័រណ៍​លើក​ទី​៤ មាន​ពិធី​សំពះ​គ្រូ​ទ្រង់ទ្រាយ​ធំ ពិធី​សូត្រ​មន្ត​រាប់បាត្រ ការ​សម្ដែង​ល្ខោនខោល ស្បែក​ធំ ល្ខោន​យីកេ ការ​លេង​ភ្លេង​ពិណ ការ​តាំង​ស្នាដៃ​សិល្បៈ​គំនូរ សិប្បកម្ម​ខ្សែដៃ ការ​លេង​ល្បែង​ចោល​ឈូង បោះ​អង្គញ់ ដណ្ដើម​ស្លឹក​ឈើ លាក់​កន្សែង ច្រៀង​រាំ ការ​សម្ដែង​របាំ​ឆៃយ៉ាំ របាំ​ត្រុដិ របាំ​សហ​សម័យ របាំ​ឆ្មា ការ​បញ្ចាំង​កុន​ខ្លី ការ​ប្រកួតប្រជែង​គូរ​គំនូរ ផាត់​ពណ៌ និង​សិក្ខាសាលា បង្ហាញ​ពី​គុណ​តម្លៃ​នៃ​សិល្បៈ។

ប្រធាន​ក្រុម​រីកសាយ និង​ជា​ប្រធាន​អ្នក​រៀបចំ​ពិព័រណ៍ "ស្នាដៃ និង​អនាគត" លោក ឡោ វុឌ្ឍី បញ្ជាក់​ថា ការ​រៀបចំ​ឆ្នាំ​នេះ មាន​ភាព​ខុស​ប្លែក​ពី​បណ្ដា​ឆ្នាំ​មុនៗ ពិសេស​ការ​សម្ដែង​ល្ខោន​ខោល៖ «គឺ​យើង​បាន​លើក​ល្ខោនខោល លេង​លាយ​ជាមួយ​ល្ខោន​ស្បែក​ធំ ដែល​ជា​ស្នាដៃ​បង្កើត​ថ្មី ហើយ​យើង​ក៏​បាន​លើក​ល្ខោន​យីកេ​ផង​ដែរ ព្រោះ​ជា​ទម្រង់​ដែល​ស្ទើរតែ​នឹង​បាត់បង់​ហើយ»

អ្នក​រៀបចំ​ដែល​សុទ្ធសឹងតែ​ជា​យុវជន យក​ស្បូវ រចនា​តុបតែង​ច្រក​ទ្វារ​ចូល។ មនុស្ស​ដើរ​ចុះ​ឡើង​ដើម្បី​ទស្សនា​រោង​ពិព័រណ៍​ជាប់​មិន​ដាច់។ ចំណែក​ភ្លេង​បុរាណ​សម័យ ប្រគំ​ឡើង​អឺងកង កំដរ​បរិយាកាស​ក្នុង​ទីធ្លា​ពិព័រណ៍។

លោក វុឌ្ឍី ឲ្យ​ដឹង​ថា គោលបំណង​នៃ​ពិព័រណ៍​នេះ គឺ​ធ្វើ​ឡើង​ជាពិសេស​សម្រាប់​យុវជន ដោយ​លោក​សង្កេត​ឃើញ​ថា ពេល​បច្ចុប្បន្ន យុវជន​មួយ​ចំនួន​មិន​សូវ​ស្គាល់ និង​មិន​ទាន់​យល់​ច្បាស់​ពី​ទម្រង់​នៃ​សិល្បៈ​ខ្មែរ៖ «យើង​មើល​ទៅ យុវជន​មិន​សូវ​បាន​យល់​ដឹង​ច្រើន​ពី​សិល្បៈ​ខ្មែរ គាត់​ខ្វះខាត​ចំណេះ​ដឹង​ផ្នែក​ហ្នឹង។ ដោយ​ឡែក ពេល​ពួក​ខ្ញុំ​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត ខ្ញុំ​បាន​សួរ​ថា តើ​ទម្រង់​សិល្បៈ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ? សឹង​តែ ៥០​ភាគរយ ឆ្លើយ​មិន​ចេញ​នឹង​សំណួរ​ហ្នឹង»

លោក ឡោ វុឌ្ឍី បន្ថែម​ថា ការ​យល់​ដឹង​ពី​តម្លៃ​សិល្បៈ​ខ្មែរ មាន​សារសំខាន់​សម្រាប់​យុវជន ដោយ​លោក វុឌ្ឍី គូស​បញ្ជាក់​ថា ការ​យល់​ដឹង​ច្បាស់​ពី​វប្បធម៌​សិល្បៈ​ជាតិ នឹង​ជំរុញ​ឲ្យ​យុវជន​រួម​គ្នា​ថែរក្សា​មរកត​វប្បធម៌​បាន​គង់វង្ស៖ «គោលបំណង​របស់​ខ្ញុំ ធ្វើ​ម៉េច​ឲ្យ​យុវជន​គាត់​យល់​ដឹង​ពី​តម្លៃ​នៃ​សិល្បៈ​វប្បធម៌ យល់​ដឹង​ពី​ទម្រង់​សិល្បៈ​ខ្មែរ ឲ្យ​គាត់​ស្គាល់​ពី​ទម្រង់​ហ្នឹង​កាន់​តែ​ច្បាស់»

អ្នក​ដឹកនាំ​ការ​តាំង​ពិព័រណ៍​រូប​នេះ​ថ្លែង​ថា ការ​ចូល​រួម​របស់​យុវជន ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​វ័យ​ក្មេង​ឲ្យ​បង្កើត​ស្នាដៃ​ថ្មីៗ បន្ថែម​ទៀត។

កាល​ពី​លើក​មុន មាន​មនុស្ស​ប្រមាណ​ជាង ៣​ពាន់​នាក់ បាន​ចូលរួម​ការ​តាំង​ពិព័រណ៍​សិល្បៈ​ខ្មែរ "ស្នាដៃ​និង​អនាគត" ហើយ​លោក វុឌ្ឍី មាន​សុទិដ្ឋិនិយម​ថា ចំនួន​មនុស្ស​នឹង​កើន​ឡើង​នៅ​ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។