ប្រជាកសិករ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ភ្ជួរ​ត្រាក់ទ័រ​ធ្វើស្រែ​លើដី​ថ្មី​ប៉ះ​គ្រាប់ DK.82 ចំនួន​៤​គ្រាប់

​ខេត្តកំពង់ឆ្នាំង​៖ គ្រាប់​កាំ​ផ្លើ​ង​ធំ​ដេ​កា​៨២ (DK.82) ចំនួន​៤​គ្រាប់ ត្រូវបាន​ប្រជាកសិករ​ប្រើ​ត្រាក់ទ័រ​ភ្ជួរស្រែ ប៉ះ​ឃើញ​នៅ​រសៀល ថ្ងៃ ទី​២៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច ត្អួរ ស ស្ថិតក្នុង​ភូមិ​ច្រ​ណូ​ក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ហើយ​បាន​សំណូមពរ​ដល់​មន្ត្រី​ស៊ីម៉ាក់ មេត្តា​មក​ទទួល​យកទៅ​ទុក ឬ​បំផ្លាញចោល អោយបាន​ឆាប់ៗ​ផង ដើម្បី​កុំ​អោយមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ។​

លោក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង បានអោយដឹងថា​៖ មុនពេល​រកឃើញ​គ្រាប់​​គ្រាប់​កាំ​ផ្លើ​ង​ធំ​ដេ​កា​៨២ (DK.82) មិនទាន់​ផ្ទុះ​ទាំង​៤​នេះ គឺមាន​ប្រជាពលរដ្ឋ​ប្រើ​ត្រាក់ទ័រ​ទៅ​ភ្ជួរ ស្រែ​ដែល ទើប​គាស់​រាន​ដី​ថ្មី នៅ​ចំណុច ត្អួរ ស ដែលមាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ ពី​ភូមិ​ច្រ​ណូ​ក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ក៏បាន​ប្រទះឃើញ​គ្រាប់​ទាំងនោះ​នៅ​កប់​ក្នុង​ដី ហើយ​ពួកគាត់​ក៏បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ ច្រ​ណូ​ក​អោយទៅ​ពិនិត្យមើល ។​

​ក្រោយពេល​សមត្ថកិច្ច​បា​ន​ទៅដល់​បានឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ​មាន​ចំនួន​៤​គ្រាប់ ដែល​គេ​ភ្ជួរ​របើក​ចេញពី​ដី ហើយ​ក៏បាន​ប្រមូល​មក​ទុក​ក្រោម​ដើម​រាំង ១​ដើម​នៅក្បែរនោះ ដើម្បី​រាយ​ការ​ទៅ​អង្គភាព​កំចាត់មីន​ស៊ីម៉ាក់ មក​ទទួលយក រក្សាទុក​ឬ​កំទេចចោល​ទៅតាម​ជំនាញ​បច្ចេកទេស ។

​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា​៖ គ្រាប់ DK.82 ទាំងនោះ នៅមាន​គុណភាព​ប្រមាណ ៧០​ភាគរយ និង​សំណាង​ណាស់​ដែល​ប្រជាពលរដ្ឋ​ភ្ជួរ​ប៉ះ​គ្រាប់​ទាំងនោះ​មិន​ផ្ទុះ បើសិនជា​ផ្ទុះ​វិញ​ពិត​ជាមាន​គ្រោះ ថ្នាក់​ដល់​មនុស្ស​ធ្ងន់ធ្ងរ ឬ​ស្លាប់​ជាពុំខាន ព្រោះ​គ្រាប់​ប្រភេទ​នេះ​មាន​កម្លាំង​ផ្ទុះ​ខ្លាំងណាស់ និង​ជា​គ្រាប់ ដែល​សេសសល់​ពី​សង្គ្រាម​ខ្មែរក្រហម មិនទាន់​ធ្វើ​សមា​ហរ​ន្ត​កម្ម ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​តំបន់ នោះ​គឺ​សុទ្ធតែជា​សមរភូមិ​ប្រយុទ្ធ​គ្នា ៕ រិ​ទ្ធិ ជ័យ​

KA-26-03-2016-11 KA-26-03-2016-14