ចរិត​បែប​​នេះ​​​ របស់​ប្រុសៗ​​ឬ​​​ហៅ​ថា​​ ដល់​ត្រើយ​សើយ​គូទ?

ធ្លាប់​ឮ​នារី​ៗ​​តែង​តែ​​និយាយ​ថា​ ពេល​ស្រលាញ់​​​ដំបូង​​បុរសៗ​​ល្អ​ណាស់​​ អ្វី​ៗ​ក៏​ហ៊ាន​ធ្វើ​ និង ​លះ​បង់​ដែរ​ តែ​ដ៏​​ពេល​​ខាងនារីៗ​ស្រលាញ់​ស៊ប់​វិញ​ ​ ​បែរ​ជា​​ចូល​ចិត្ត​ធ្វើ​ចរិតប្រុស​ស្អាត​​ដាក់​គេ​វិញ ​ឬ​អាច​និយាយ​បាន​ថា​ ដល់​ត្រើយ​សើយ​គូទ។ ​និយាយ​អី​ចឹង​ ក្នុង​ក្រសែ​ភ្នែក​នារីៗ​ តើ​កាយ​វិការ​​ព្រងើយ​កន្តើយ សោះ​កក្រោះ​​របស់​​​ប្រុសៗ​​បែប​ណា​ខ្លះ​​ទៅ​ ​ដែល​​​ជា​សញ្ញាណ​បង្ហាញ​ពី​ការ​ដោះ​ដៃ​​​ ហើយ​​ចរិត​​បែប​នេះ​ មាន​តែ​លើ​បុរសៗ​ទេ​ ឬ​យ៉ាង​ណា?

ទាក់​ទង​ទៅ​នឹង​រឿង​នេះ​ដែរ​​​ កញ្ញា​  ​កន្និកា​ អាយុ ​២២ ឆ្នាំ​ និស្សិត​នៃ​សាកល​វិទ្យាល័យ​​បញ្ញា​សាស្ត្រ​​កម្ពុជា​​​និយាយ​​ទាំង​ញញឹម​ញញែម​ថា​៖ “ប្រុសៗ​​​ភាគ​ច្រើន​អ៊ីចឹង​ឯង​​​ កាល​ពីតាម​ស្រលាញ់​គេ​ដំបូង​ផ្អែម​រលួយ​ តាម​គេ​ឡើង​ស្អិត​ ហើយ​ធ្វើ​ល្អ​​ជា​មួយ​យើង​ខ្លាំង​ណាស់​ តែ​ពេល​​ខាង​ស្រី​​គេ​បាក់​ចិត្ត​​ស្រលាញ់​ស៊ប់​វិញ​ តាំង​ធ្វើ​​ចរិត​ប្រុស​ស្អាត​។ ខ្ញុំ​ថា​ ការ​ដែល​គាត់​មិន​សូវ​ខល​ មិន​សូវ​ផ្ញើ​សារ​ តែង​តែ​រវល់​​គ្មាន​​ពេល​សម្រាប់​យើង​ ​​នេះ​ហើយ​ជា​សញ្ញា ​​គាត់​មិន​ចង់​នៅ​​ជា​មួយ​យើង​ ដូច​មុន​ទៀត”​។ ​កន្និកា​ ​ បញ្ជាក់​បន្ថែម។

ងាក​មក​ជួប​ជាមួយ​ កញ្ញា​ វឌ្ឍនា អាយុ​ ២៣ ឆ្នាំ​ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ បាន​លើក​ឡើង​​ដែរ​ថា ​មុន​និង​ក្រោយ​ពេល​ស្រលាញ់​ បុរសៗ​មួយ​ចំនួន​​ផ្លាស់​ប្ដូរ​បែប​​នេះ​មែន។​ “បុរស​ៗ​ផ្អែម​តែ​ពី​ដំបូង​ទេ មិន​ខុស​អី​ពី​គេ​និយាយ​លេង​ថា​ កាល​ពី​តាម​ស្រលាញ់​នារី​ដំបូង​ ពេល​មេឃ​​ងងឹត​ជិត​ភ្លៀង​ និយាយ​សុទ្ធ​តែ​មក​ពី​មេឃ​ហ្នឹង​ចាញ់​សម្រស់​អូន​ តែ​​ពេល​ខាង​នារី​​​គេ​បាក់​ចិត្ត​​​ស្រលាញ់​វិញ​ហើយ​ បែរ​ជា​ថា​មេឃ​ងងឹត​ គឺ​មក​ពី​វា​ជិត​ភ្លៀង​ទៅ​វិញ”។

យ៉ាង​ណា​មិញ​សម្រាប់​យុវជន គឹមឈុន អាយុ ២៤ ឆ្នាំ​ ​អតីត​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​ នៃ​សាកល​វិទ្យាល័យ​បៀល​ប្រាយ មិន​បាន​យល់​ឃើញ​ដូច្នេះ​នោះ​ទេ។  “រឿង​នេះ​មិន​អាច​ចោទ​ប្រកាន់​​​ខាង​បុរស​តែ​ម្ខាង​បាន​ទេ​ ស្នេហា​​តែង​តែ​បែប​នេះ​​ឯង។ ​ពី​ដំបូង​​ស្ថិត​ក្នុង​ដំណាក់​កាល​ស្វែង​យល់​ចិត្ត​គ្នា​ ដូច្នេះ​ហើយ​​មិន​ថា​ខាង​នារី ឬ​ខាង​បុរស​ទេ​ សុទ្ធ​តែ​ព្យាយាម​យក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​អស់​ហ្នឹង ជួន​កាល​ខាង​នារី​ៗ ​ក៏​មាន​​អ្នក​លេង​​ចរិត​​បែប​នេះ​ ដាក់​បុរស​វិញ​ដែរ”។ ​​​​​​

ជួប​ជា​មួយ​ អ្នក​ឯកទេស​ផ្គូផ្គង​ដៃ​គូ​ជីវិត​ ដែល​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ដំបូង​គេ​នៅ​កម្ពុជា​ ផ្នែក​ពិគ្រោះ​យោបល់​ស្វែង​រក​ដៃ​គូ​ជីវិត​ ពី​ទីក្រុង​ញីវយ៉ក​ សហរដ្ឋអាមេរិក​ លោក​ ហាស់ វាសនា បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ ​”ចារឹក​សោះ​កក្រោះ​ ចង់​ដោះ​ដៃ​ក្រោយ​ពេល​ស្រលាញ់​គ្នា​នេះ​ មិន​សំដៅ​តែ​លើ​ភាគី​បុរស​ដែល​ជា​អ្នក​ដោះ​ដៃ​តែ​ម្ខាង​នោះ​ទេ​ ពេល​ខ្លះ​​​ខាង​នារី​​​ក៏​អាច​ជា​​អ្នក​ដើរ​ចេញ​​មុន​ដែរ តែ​​គ្រាន់​តែ​ថា​ ភាគ​ច្រើន​ភាគី​នារី​ដែល​រងគ្រោះ​ច្រើន​ជាង​​”។ ហើយ​សកម្មភាព​នេះ​ អាច​មក​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​ក្រោយ​ពេល​ស្រលាញ់​គ្នា​ ស្វែង​យល់​ចិត្ត​គ្នា​ ឬ​ក៏​ខាង​ប្រុស​គាត់​គ្រាន់​តែ​ចង់​លេង​សើច​ជាមួយ​​តែ​ប៉ុណ្ណោះ​៕

ប្រភព៖sabay

  • ចរិត​បែប​​នេះ​​​ របស់​ប្រុសៗ​​ឬ​​​ហៅ​ថា​​ ដល់​ត្រើយ​សើយ​គូទ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: