បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តស្ទឹងត្រែង បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​

​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែលជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធន​គារ និង​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​តាម​ដីកា​តុលាការ​នោះ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាប់ខ្លួន​ដើម្បី​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ​មានឈ្មោះ វ៉ា ចៀន អាយុ​៤៦​ឆ្នាំ និង​រឹបអូស​បាន​វត្ថុតាង​គ្រឿងញៀន​៣៥៥​គ្រាប់​ផងដែរ ដោយ​បង្ក្រាប​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

​ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ា ចៀន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​តា​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ហើយ​ជននេះ​ត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ថា ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ឃុំ​ព្រះនេត្រព្រះ​។ ក្រោយពេល​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ទើប​កងរាជអាវុធហត្ថ​ខេត្ត​បើក​ប្រតិបត្តិការ​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ឈ្មោះ វ៉ា ចៀន ធ្លាប់​ជាប់ពន្ធនាគារ​ជាង​៣​ឆ្នាំ​ពីបទ​ជួញដូរ​គ្រឿងញៀន ហើយ​ពេល​ចេញពី​ពន្ធនាគារ​ជននេះ​វិល​ទៅ​ប្រកប​របរ​ដូចដើម​វិញ និង​ត្រូវ​បង្ក្រាបបាន​ទាន់ពេលវេលា​។ គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បានជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY៣៥៥​គ្រាប់ និង​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​។

ដោយឡែក​នៅ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី​ក្នុងព្រៃ​ចំណុច​ត្រពាំង​គ្រៀន ភូមិ​ខាំ​ផាន់ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយ​រកឃើញ​គ្រឿងញៀន​៤​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។ ប្រភពពី​សមត្ថកិច្ច​នគ​របាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ខាំ​សៃ​ញ៉ា វង្សា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​ឡាវ​។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​សាកសួរ​ធ្វើ​កុស​ល្យ​វិច័យ​ទៅលើ​គ្រឿងញៀន​ទាំង​៤​គីឡូក្រាម​នោះ​។ ទាក់ទង​ទៅនឹង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តស្ទឹងត្រែង ជា​ភស្តុតាង​បង្ហាញថា បទល្មើស​គ្រឿងញៀន​នៅក្នុង​ខេត្ត​ទាំង​២​នេះ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

76a37a281e0226bb75cbb519406a324d 909 IMG_2602 IMG_2610