ជម្លោះដីធ្លី​ក្នុងស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង មិនទាន់មាន​ដំណោះស្រាយ​

រឿងរ៉ាវ​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​អ្នកមាន​លុយ អ្នកមានអំណាច ក្នុង​ឃុំ​៤ នៃ​ស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទុម​សាគរ ដែល​អូសបន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​នោះ មិនទាន់​ត្រូវបាន​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​៥០០​គ្រួសារ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​២ បាន​ប្រមូល​ផ្ដុំគ្នា​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​សាលាស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទុម​សាគរ ដើម្បី​ឲ្យ​អភិបាលស្រុក​ទាំង​២​នេះ​ជួយ​ដោះស្រាយ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដល់​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ​។

តំណាង​ប្រជាពលរដ្ឋ​ទាំង​៤​ឃុំ​នៅក្នុង​ស្រុកស្រែ​អំបិល និង​ស្រុក​បុ​ទុម​សាគរ បាន​ឲ្យ​ដឹងថា ពួកគាត់​ជំរុញ​ឲ្យ​អភិបាលស្រុក​ទាំង​២​ជួយ​អន្តរាគមន៍​កាត់​ខ្វៀ​ល​ដី​កសិកម្ម ចេញពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ស្ករអំពៅ​កោះកុង​(Koh Kong Sugar) និង​ក្រុមហ៊ុន​ផ្លែ​ន​ថេ​សិន អ៊ិន​ដាស​ស្ទ្រី​(Plantation Industry) ឲ្យ​ស្របទៅតាម​គោលនយោបាយ​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល​។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ក្រុមហ៊ុន​ទាំង​២​នេះ ទទួលបាន​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ គឺ​ក្រុមហ៊ុន​បាន​ធ្វើទុក្ខបុកម្នេញ​ឆក់​ប្លន់​យក​ដីធ្លី​កសិកម្ម​ពី​ពួកគាត់​ជា​បន្តបន្ទាប់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ នៅតែ​មិនទាន់មាន​ដំណោះស្រាយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ធ្លាប់​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ជាតិ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​ឡើយ​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​និង​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មិនដែល​យកចិត្តទុកដាក់​ទៅលើ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទុម​សាគរ ដែល​ត្រូវ​ក្រុមហ៊ុន​ស្ករស​ចំនួន​២​បំពាន​លើដី​ធ្លី​យ៉ាង​កំរោល​នោះទេ​។ ផ្ទុយទៅវិញ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ហាក់ដូចជា​ខំប្រឹង​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យ៉ាង​គឃ្លើន ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ត្រូវ​ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។ ប្រជាពលរដ្ឋ​ខ្លះ​បាន​ឲ្យ​ដឹងថា ពួកគាត់​រស់នៅក្នុង​តំបន់​នេះ​តាំងពី​ដូនតា​មក ស្រាប់តែ​ក្រោយពេល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដាំ​អំពៅ​នៅក្នុង​តំបន់​នេះ គឺ​ក្រុមហ៊ុន​បាន​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ពួកគាត់​យ៉ាង​កំរោល​បំផុត​៕

09លោក ប៊ុន លើត អភិបាលខេត្តកោះកុង 3e481172-34f3-4488-933a-1db9d1c723bd