រឿង​ឧកញ៉ា ឡោក ហួរ រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​

រឿង​ឧកញ៉ា ឡោក ហួរ ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ជាង​៦០០​ហិកតា​នៅ​ឃុំ​សំរោង​ធំ និង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ លាតសន្ធឹង​ទៅដល់​ស្រុក​ស្អាង ខេត្តកណ្ដាល​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​រងគ្រោះ​បើក​កកាយ​ជា​សាធារណៈ​។ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ក្នុងខណៈដែល​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចុះទៅ​ធ្វើ​វេទិកាសាធារណៈ​នៅ​លើដី​ឧកញ៉ា ឡោក ហួរ ដែល​រំលោភ​យក​ពី​ប្រជាពលរដ្ឋ​និង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ឡូត៍​នេសាទ​លេខ​៤ និង​លេខ​៦ ស្ថិតនៅក្នុង​ឃុំ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​យ៉ាងខ្លាំង​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ឃុំ​សំរោង​ធំ បាន​ឲ្យ​ដឹងថា នៅពេល​ក្រុមការងារ​ដឹក​សម្ភារៈ​ស​ម្រា​ប់​សាង​សង់រោង​វេទិកា គឺ​អ្នកយាម​ដី​ឲ្យ​ឧកញ៉ា ឡោក ហួរ ឈ្មោះ ម៉ែន សុធី និង​ឈ្មោះ ខុម បាន​បិទ​របង​មិន​ឲ្យ​ចូលទៅ​ខាងក្នុង​ឡើយ ប៉ុន្តែ​ក្រោយមក​ក៏​អនុញ្ញាត​ឲ្យ​ចូលទៅ​សាងសង់​វេទិកា​ក្នុង​ដី​នោះ​វិញ​។ តា​មក​ផែនការ​របស់​អាជ្ញាធរ​ស្រុក គឺមាន​គម្រោង​អញ្ជើញ​ប្រជាពលរដ្ឋ​តែ​២០០​នាក់​ប៉ុណ្ណោះ​ឲ្យ​ចូលរួម​ក្នុង​វេទិកាសាធារណៈ តែដោយសារ​មាន​អ្នករងគ្រោះ​ដោយសារ​ស្នាដៃ​ឧកញ៉ា ឡោក ហួរ ច្រើន​នោះ​ទើប​មាន​អ្នកចូលរួម​សរុប​ជាង​៥០០​នាក់​។ ក្នុងចំណោម​អ្នកចូលរួម​ភាគច្រើន​គឺ​អ្នករងគ្រោះ​ដោយសារ​ឧកញ៉ា ឡោក ហួរ ទន្ទ្រាន​កាន់កាប់​ដីធ្លី​ជាង​៦០០​ហិកតា​ចាប់ពី​ឃុំ​បន្ទាយដែក ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ រហូតដល់​ឃុំ​ប្រាសាទ​តា​យោ ស្រុក​ស្អាង ខេត្តកណ្ដាល​។ អ្វីដែល​គួរ​ឲ្យ​កត់​ស​ម្លា​ល់​នោះ គឺ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា ឡោក ហួរ ឆក់​ប្លន់​យក​ដីធ្លី​នៅក្នុង​ស្រុក​ស្អាង ក៏​មក​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ដែល​ធ្វើឡើង​ក្រោម​អធិបតេយ្យភាព​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល​ផងដែរ​។

នៅក្នុង​វេទិកាសាធារណៈ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​សំណូមពរ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ជួយ​ដោះស្រាយ​ដកហូតយក​ដីធ្លី​ពី​ឧកញ៉ា ឡោក ហួរ មកវិញ​ជាពិសេស​ដែន​ឡូត៍​នេសាត​លេខ​៤​និង​លេខ​៦ នៅ​ភូមិ​ព្រែក​តាកែវ ស្រុក​កៀនស្វាយ​។ សំណើ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ឧកញ៉ា ឡោក ហួរ ឆក់​ប្លន់​ដីធ្លី​គឺ​សំណូមពរ​ឲ្យ​លោក ម៉ៅ ភិ​រុណ ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់ ព្រោះ​ឧកញ៉ា ឡោក ហួរ បាន​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ពួកគាត់​ជាច្រើន​ឆ្នាំ​មកហើយ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក ម៉ៅ ភិ​រុណ អាចជួយ​ដោះស្រាយ​ដល់​ពួកគាត់​ក្នុងពេល​ឆាប់ៗ ព្រោះ​អភិបាល​ខេត្តកណ្ដាល​មុនៗ​មិនដែល​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​ឡើយ​៕

aes-2-19 aes-4-7 aes-33