លោក ស ថា​វី គួរពិនិត្យមើល​កុងត្រូលជជុះ​របស់​យោធា​២​កន្លែង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ដែល​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​

មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​រិះគន់​ខ្លាំង​ទៅលើ​កុងត្រូលជជុះ​២​កន្លែង​ដែលមាន​ចម្ងាយ​ពីគ្នា​៣០០​ទៅ​៤០០​ម៉ែត្រ ដែល​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​។ កុងត្រូល​ទី​១​ត្រូវបាន​គេ​ដឹងថា​ជា​របស់​យោធា​សឹក​រង ស្រុក​ត្រពាំង​ប្រាសាទ និង​កុងត្រូល​ទី​២​ជា​របស់​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ ដែល​គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ឯក ស៊ុំ សារឿន​។ កុងត្រូល​ទាំង​២​កន្លែង​នេះ​មិនបាន​ហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​នោះទេ គឺ​គេ​បង្កើតឡើង​ដើម្បី​គាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែលមាន​កុងត្រូលជជុះ​២​កន្លែង​នៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ គឺ​ដោយសារតែ​ក្នុង​តំបន់​នេះ មាន​ច្រករបៀង​ដែល​ប្រជាពលរដ្ឋ​អាច​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម និង​ស៊ីឈ្នួល​ស្ពាយ​ឈើ​គ្រញូង​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ តាមរយៈ​កុងត្រូលជជុះ​នេះ​យោធា​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ និង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥​របស់លោក ស៊ុំ សារឿន អាច​រកចំណូលបាន​យ៉ាងច្រើន​សម្រាប់​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ មានន័យថា កុងត្រូលជជុះ​ទាំង​២​កន្លែង​នេះ​មិនមែន​បង្កើតឡើង​សម្រាប់​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ឬ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ផ្ទុយទៅវិញ​គឺជា​កុងត្រូលជជុះ​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​និង​បទល្មើស​ឆ្លងដែន​កាន់តែខ្លាំង​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ បាន​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​យោធា​ផង​នោះ ចាត់វិធានការ​ទប់ស្កាត់​និង​លុបបំបាត់​ជាបន្ទាន់​។ ដោយហេតុថា​កុងត្រូលជជុះ​ដែល​បង្កើតឡើង​នៅក្នុង​ឃុំ​អូរ​ស្វាយ មិនបាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​នោះទេ គឺ​ថែមទាំង​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ឈើ​គ្រញូង​និង​ស្ពាយ​ឈើ​គ្រញូង​ពី​ទឹកដី​សៀម​កាន់តែ​ច្រើនឡើងៗ​។ ហេតុនេះហើយ​ទើប​តម្រួត​និង​យោធា​ការពារ​ព្រំដែន​សៀម បាន​បាញ់សម្លាប់ បាញ់ប្រហារ​ឲ្យ​រងរបួស និង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​លើទឹក​ដី​សៀម​។ ចំណែក​មេបញ្ជាការ​យោធា​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ និង​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

12729225_1566285493685816_5474617902313425014_nលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ