លោក អេង ឆៃអ៊ាង ចាត់ទុក​ករណី​រដ្ឋសភា​កោះហៅ​លោក កឹម សុខា ថា​គ្មាន​ច្បាប់​ចែង​

​នៅ​ចុង​សប្តាហ៍​នេះ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល បាន ចាត់ទុក​ករណី​រដ្ឋសភា​កោះហៅ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​គ្មាន​ច្បាប់​ចែង​។ លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា រដ្ឋសភា​ពុំ​អាច​កោះអញ្ជើញ​តំណាងរាស្ត្រ​ឲ្យ​ចូល​បំភ្លឺ​ករណី​ណាមួយ ដូច​ការកោះហៅ​តំណាង​រាជរដ្ឋាភិបាល​ចូល​បំភ្លឺ​បញ្ហា​ការងារ​ពួកគេ​នោះទេ ពីព្រោះ​ច្បាប់​ពុំមាន​ចែង​។​

គួរ​បញ្ជាក់ថា​កន្លងមក​មាន​យុវជន​មួយក្រុម​តូច​ដែល​អះអាងថា​ពួកគេ​ជា​និស្សិត​នោះ​បានស្នើ​ប្រធានរដ្ឋសភា លោក ហេង សំរិន ជួយ​ព​ន្លឿ​ន​ការកោះហៅ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បកស្រាយ​បំភ្លឺ​ករណី​សំឡេង​ខ្សែអាត់ ដែល​ពួកគេ​សង្ស័យថា ជា​សំឡេង​លោក កឹម សុខា និង​នារី​ម្នាក់​ឈ្មោះ ស្រី មុំ ។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា នៅក្នុង​រដ្ឋធម្មនុញ្ញ ក៏ដូចជា​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា អត់​មាន​មាត្រា ឬ​ប្រការ​ណាមួយ ដែល​ចែង​អនុញ្ញាត​ឲ្យ​រដ្ឋសភា​កោះហៅ​តំណាងរាស្ត្រ​គ្នាឯង​ឲ្យ​ទៅ​បំភ្លឺ​នោះទេ គឺ​មានតែ​ការអនុញ្ញាត​ឲ្យ​កោះហៅ​តំណាង​រាជរដ្ឋាភិបាល រដ្ឋមន្ត្រី ដើម្បី​មក​បំភ្លឺ​ក្នុង​វិស័យ​ទទួលខុសត្រូវ​របស់ខ្លួន​តែ​ប៉ុណ្ណឹង​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា កន្លងមក​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ថា​សូម​ឲ្យ​សកម្មជន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ផ្ដោតលើ​គោលដៅ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​គឺ ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ ។ លោក កឹម សុខា បានស្នើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ចាប់អារម្មណ៍​នឹង​រឿង​អត់​ប្រយោជន៍​ដែល​បង្កឡើង​ដោយ​គូបដិបក្ខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ចេតនា​មិនល្អ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង់​ប្រជាប្រិយភាព និង​បង្វែរ​គោលដៅ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​បាន​មើលឃើញ​ពី​ឥរិយាបទ និង​ចេតនា​មិនល្អ​របស់​អ្នកបង្ក​បញ្ហា​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ខិតខំ​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដោយស្មោះ​ស្ម័គ្រ ហើយ​ប្រជាពលរដ្ឋ​នឹង​កាត់ទោស​ពួកគេ​តាមរយៈ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខនេះ​៕

12803077_770600196375278_1526024699358237526_n​    ​