មនុស្ស​បី​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ការវាយឆ្មក់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក្នុង​រដ្ឋធានី​ប៊្រុចសែល

មនុស្ស​បី​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ការវាយឆ្មក់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក្នុង​រដ្ឋធានី​ប៊្រុចសែល

រដ្ឋមន្រ្តីការបទេស​អាមេរិក​លោក John Kerry ដាក់កម្រងផ្កា​នៅ​ឯព្រលានយន្តហោះក្រុង​ប្រ៊ុចសែល​នៅ​ក្នុង​ការ​រំឮក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​ការ​វាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី២៥ ខែ​មិនា ឆ្នាំ​២០១៦។

រដ្ឋអាជ្ញា​ប៊ែលហ្ស៊ិក​បាន​ថ្លែង​ថា មនុស្ស​បី​នាក់​ត្រូវ​បានឃុំ​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក្នុង​រដ្ឋធានី​ប៊្រុចសែល។ ក្រុមអាជ្ញាធរ​បាន​និយាយ​ថា ការវាយឆ្មក់​នោះ​ត្រូវ​បាន​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ស្រប​ពេល​ដែល​ចាប់​ខ្លួន​បុរស​ជនជាតិ​បារាំង​ម្នាក់​ក្នុង​ទីក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ថ្មី​មួយ​ទៀត។ ​

ការិយាល័យ​រដ្ឋអាជ្ញា​ប៊ែលហ្ស៊ិក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមអ្នកស៊ើប​អង្កេត​បាន​ធ្វើ​តេស្ត DNA ដើម្បី​កំណត់​ថា​តើ Naijm Laachraoui គឺ​ជា​អ្នកបោកគ្រាប់​បែក​អត្តឃាត​ម្នាក់​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​អាកាសយានដ្ឋាន​ប៊្រុចសែល​ឬ​យ៉ាងណា។ ក្រុមមន្រ្តី​បាន​ថ្លែង​ថា អាកាសយានដ្ឋាននោះប្រហែល​ជា​នឹង​ចាប់​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។

ជនឈ្មោះ Laachraoui នេះ​ក៏​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកានៅ​ក្នុង​ទីក្រុង​ប៉ារីសដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​១៣០​នាក់​ផង​ដែរ។ ​DNA ​ របស់​ជន​ម្នាក់​នេះ​បាន​រកឃើញ​នៅ​លើ​អាវ​និង​នៅ​លើ​ក្រណាត់មួយ​ផ្ទាំង​ដែល​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​សាល​ប្រគុំ​តន្រ្តី Bataclan ដែល​នៅ​ទីនោះ​មនុស្ស​ចំនួន​៩០​ត្រូវ​បាន​សម្លាប់។ ​

លោក John Kerry ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ប៊្រុចសែល​កាល​ពី​ថ្ងៃ​សុក្រ ​ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​អំពី​ការវាយប្រហារ​ភេរវកម្ម​ទាំង​នេះ​ជាមួយ​នឹង​ក្រុមមេដឹកនាំ​ប្រទេស​ប៊ែលហ្ស៊ិក​និង​សហភាព​អឺរ៉ុប។

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ លោក​ Kerry បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​និង​សមាជិក​ក្រុមសម្ព័ន្ធមិត្តមានសារ​មួយ​ផ្ញើ​ដល់​ជន​ទាំងឡាយ​ណា​ដែល​មាន​បំណង​ចង់​សម្លាប់​និង​ធ្វើ​ឲ្យ​ជនស៊ីវិល​រង​របួសថា៖ យើង​នឹង​មិន​ត្រូវ​បានគេ​កម្លាចនោះ​ទេ។ យើង​នឹង​ត្រឡប់​មកវិញ​ជាមួយ​នឹង​ភាពអង់អាចជាងមុន ខ្លាំង​ក្លា​ជាងមុន ​ហើយ​យើង​នឹង​មិន​ឈប់​នោះ​ទេ​រហូត​ដល់​យើង​បាន​កម្ចាត់នូវ​ជំនឿ​សាសនា​ដ៏​គ្មាន​ន័យ និង​ភាពកំសាក​នៅ​លើ​ពិភពលោក​នេះ៕