គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​នឹង​បោះឆ្នោត​ក្នុង​រដ្ឋ​ចំនួន​បី

គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​នឹង​បោះឆ្នោត​ក្នុង​រដ្ឋ​ចំនួន​បី

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton ឈរ​ជិត​លោក Bernie Sanders។

នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋ​នៅ​ប៉ែក​ខាង​លិចសហរដ្ឋអាមេរិក​ចំនួន​៣ គឺ​រដ្ឋ Alaska រដ្ឋ Hawaii និង​រដ្ឋWashington ​នឹង​ធ្វើការ​បោះឆ្នោតcaucuses នៅ​ក្នុង​ការប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​ជំហាន​ឆ្ពោះ​ទៅ​កាន់​មហាសន្និបាត​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ស្រី Hillary Clinton អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​គឺ​ជា​ អ្នកនាំមុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​ចំនួន​ប្រតិភូ​ច្រើន​ជាងគេ​ ប៉ុន្តែ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋVermont ​មិន​ព្រម​ឈប់​ត្រឹម​នេះ​នោះ​ទេ ​ហើយ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ លោកSanders ​ជា​ដៃ​គូ​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​របស់​លោក​ស្រី Clinton។

នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​មាន​ការវាយប្រហារ​ដ៏​ប្រល័យ​ក្នុង​រដ្ឋធានី​ប៊្រុចសែល លោកស្រី Clinton ​បាន​ផ្តោត​យកចិត្តទុកដាក់​លើ​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាងគណបក្ស​សាធារណរដ្ឋ​គឺ​លោក Donald Trump ​និង​លោក Ted Cruz ​និង​អ្វី​ដែល​លោកស្រី​ហៅថា​ជា​គោលនយោបាយ​ការបរទេស​ដ៏​ព្រហើន​ដោយ​គ្មាន​កោតក្រែង​របស់​ពួកគេ​ទាំង​២។

លោកស្រី Clinton បាន​មាន​ប្រសាសន៍​ថា «​យើង​ត្រូវ​ពឹងផ្អែក​លើ​អ្វី​ដែល​ធ្វើ​បាន​ពិតប្រាកដ​ មិនមែន​ជា​ការក្អេងក្អាង​ដែល​ធ្វើ​ឲ្យ​ចំណង​ទាក់ទង​របស់​យើង​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ប្រេះឆា​នោះ​ទេ ហើយ​វា​ក៏​មិន​ធ្វើ​ឲ្យ​យើង​មាន​សុវត្ថិភាព​ជាង​មុន​នោះ​ទេ។
លោក Sanders ដែល​មាន​ប្រជាប្រិយភាពចំពោះ​មនុស្ស​ជំនាន់​សហស្សវត្សរ៍​ ​និង​អ្នកបោះឆ្នោត​លើក​ដំបូងនោះ បាន​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​ការបដិវត្តន៍​នយោបាយ​»។​

ក្រុមអ្នកវិភាគ​និយាយ​ថា ការបោះឆ្នោតcaucuses ​ក្នុង​រដ្ឋ​ទាំង​៣​នៅ​ថ្ងៃ​សៅរ៍​នេះ​ អាច​នឹង​មាន​លទ្ធផល​ល្អ​សម្រាប់​លោក Sanders ពីព្រោះ​ថា ការប្រជែង​នៅ​ក្នុង​ការបោះឆ្នោត caucuses ទំនង​ជា​ទាក់ទាញ​អ្នកប្រជាធិបតេយ្យ​សេរី​ដែល​សកម្ម​បំផុត។ ជាង​នេះ​ទៅ​ទៀត លោក Sanders ​ទទួល​បាន​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​វ័យ​ក្មេង ដែលជាក្រុម​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Barack Obama កាន់​តំណែង​២​អាណត្តិ​ជាប់​គ្នា​នៅ​ក្នុង​សេតវិមាន។ ​

លោកស្រី Clinton ​ត្រូវ​ការប្រតិភូ​ចំនួន​៦៧២​ទៀត​ដើម្បី​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី។ លោក Sanders ​ត្រូវការប្រតិភូ​លើស​ពី​លោកស្រីClinton ​ទ្វេដង ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ​លោក​ត្រូវការ​ប្រតិភូ​យ៉ាងហោច​ណាស់​ចំនួន​១៤២​ដើម្បី​ទទួល​បានប្រតិភូគោលដៅ​ចំនួន​២៣៨៣៕​