​រក​ឃើញ​នាវា​​ដែល​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង តាំង​ពី​ឆ្នាំ​១៩២១

នាវាដឹកមនុស្ស​ របស់កងទ័ពជើងទឹកអាមេរិកមួយនេះ បានបាត់ខ្លួន តាំងពី៩៥ឆ្នាំមកម្លេះ។ កាលពី​ឆ្នាំ​២០០៩ នៅ​ក្នុង​ឈូង​សមុទ្រ ទល់​មុខ​ក្រុង សាន់ហ្វ្រាន់ស៊ីស្កូ តួនាវា​ដ៏គួឲ្យ​សង្ស័យ​មួយ ​​ត្រូវ​បាន​រក​ឃើញ ហើយ​កងទ័ព​ជើង​ទឹក​អាមេរិក ​ទើប​បាន​អះអាង កាល​ពី​ថ្ងៃពុធ​កន្លង​មក ថានោះ​ពិតជា​នាវាបាត់ខ្លួន។
​រក​ឃើញ​នាវា​​ដែល​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង តាំង​ពី​ឆ្នាំ​១៩២១

នាវាដឹកសម្ភារៈ របស់កងទ័ពជើងទឹកអាមេរិក ដែលបាត់ទៅជិត១សតវត្សន៍មកហើយ ទើបនឹងរកឃើញវិញ។ (រូបថតកងទ័ពអាមេរិក)

នាវា​ឈ្មោះ​«USS Conestoga» របស់កងទ័ពជើងទឹក​អាមេរិក ដែលបានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង ជា​មួយ​នឹង​ទាហានចំនួន ៥៦នាក់ កាលពី៩៥ឆ្នាំមុន ត្រូវបានរកឃើញមកវិញ នៅក្នុងឈូងសមុទ្រ សាន់ហ្វ្រាន់ស៊ីស្កូ កណ្ដាល​​មហាសាគរប៉ាស៊ីភិច។ នេះបើតាមការប្រកាសឲ្យដឹង របស់ទីភ្នាក់ងារអាមេរិក ឯកទេសខាងសមុទ្រ និង​​បរិយាកាស (ហៅកាត់ថា NOAA) កាលពីថ្ងៃពុធកន្លងទៅនេះ។ ការរកឃើញនេះ បានបិតបញ្ចប់ជាស្ថាពរ នូវ​ការ​សង្ស័យ​ជាច្រើនរាប់មិនអស់ និងរាប់សិបឆ្នាំ នៅក្នុងវិស័យនាវាចរណ៍ របស់ប្រទេសអាមេរិក។

លោក មេនសុន ប្រោន (Manson Brown) លេខារងផ្នែកពាណិជ្ជកម្ម និងការឃ្លាំមើលបរិស្ថាន ដែលជា​មនុស្ស​ខ្លាំងទីពីរ របស់ស្ថាប័ន NOAA បានថ្លែងឲ្យដឹងថា៖ «បន្ទាប់ពីមន្ទិល និងមនោរសញ្ចេតនា នៃ​ការ​បាត់បង់​ដែល​រក​ការ​ពន្យល់​មិនបាន និងដែលបានកើតឡើង ជិតមួយសតវត្ស៍មកនោះ នៅពេលនេះ ការ​បាត់​ខ្លួន​របស់​នាវា "Conestoga" លែង​នៅ​ជា​អាថ៌កំបាំង​ទៀតហើយ»។

តួនាវា ដែលមានបណ្ដោយប្រមាណជា ៥០ម៉ែត្រ ត្រូវបានរកឃើញក្នុងទឹកជម្រៅជាង៦០ម៉ែត្រ ក្នុងចំងាយ​៥​គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ «Farallon» កាលពីនៅឆ្នាំ២០០៩ ដោយនាវារបស់ NOAA។ ចំណុច​ដែល​រក​ឃើញ​នោះ ស្ថិតក្នុងកណ្ដាលមហាសមុទ្រប៉ាស៊ីភិច និងមានចំងាយប្រមាណជា ៥០គីឡូម៉ែត្រ ពីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។ ក្នុងខែកញ្ញា ឆ្នាំ២០១៤ ក្រុមការងារឯកទេស របស់ NOAA បានចាប់ផ្ដើមធ្វើការ​អង្កេត​មួយ ទៅ​លើ​ការ​បាត់​នាវា «Conestoga» ដោយចាប់ផ្ដើម ពីនាវាដែលទើបនឹងរកឃើញនេះ។ នៅទីបំផុត ក្រុម​ការងារ​នោះ បាន​កំណត់​ពី​អត្តសញ្ញាញ របស់តួនាវា (ដែលទើបនឹងរកឃើញ) នោះ ថាពិតជានាវា «Conestoga» ដែល​បាត់​​ទៅ​​តាំង​ពី៩៥ឆ្នាំ​មុន។

​រក​ឃើញ​នាវា​​ដែល​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង តាំង​ពី​ឆ្នាំ​១៩២១

ភិនភាគជាច្រើន របស់នាវា មានសភាពល្អនៅឡើយ ឬអាចមានការបាក់បែកខ្លះ ដោយសារអាយុកាល និង​ដោយសារ នាវានៅក្នុងទឹក អស់កាលដ៏យូរមកនោះ។ ប៉ុន្តែការអង្កេត ដែលធ្វើឡើងក្នុងទឹក ដោយកូន​មនុស្ស​យន្ដ បានអះអាងពីមូលដ្ឋានច្បាស់លាស់ ដែលគេអាចស្គាល់ថា វាពិតជានាវា «Conestoga» តាមរយៈ​ប្លង់​សាងសង់​នាវា ដែលផ្សាយឲ្យដឹង តាំងពីឆ្នាំ១៩០៤។ បើតាមទីភ្នាក់ងារ NOAA ដដែល បានបញ្ជាក់ទៀតថា គ្មាន​គ្រោង​ឆ្អឹងមនុស្ស​​សេសសល់​ណាមួយ ត្រូវបានរកឃើញនោះទេ។

ជាការរំលឹកឡើងវិញ...

ប្រវត្តិនៃការបាត់ខ្លួន របស់នាវា «Conestoga» បានធ្វើឲ្យគេនឹងឃើញ ដល់ការបាត់ខ្លួន របស់យន្ដហោះប៊ូអ៊ីង «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួន​យ៉ាងអាថ៌កំបាំងដូចគ្នា កាល​ពី​ឆ្នាំ២០១៤។ ខាងក្រោមនេះ ជាការរំលឹកឡើងវិញ នៃប្រវត្តិនៃការបាត់ខ្លួន របស់នាវា «Conestoga» របស់​កងទ័ព​​អាមេរិក។

នាវាដ៏អភ័ព ដែលមានដឹកទាហាន ៥៦នាក់ បានចាកចេញពីកំពង់ផែ ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅវេលារសៀល ក្នុងថ្ងៃសុក្រទី២៥ ខែមីនា ឆ្នាំ១៩២១ ឆ្ពោះទៅកាន់កំពង់ផែ​ក្រុង «Tutuila» ដែលស្ថិតក្នុងប្រជុំកោះ «Samoa» របស់អាមេរិក ដោយកាត់តាម មូលដ្ឋានយោធា «Pearl Harbor» ក្នុងប្រជុំកោះហាវៃ។ ការវិភាគ​ទៅលើ​ទិន្នន័យ​ឧត្តុនិយម បានបញ្ជាក់ថា នៅកណ្ដាលសមុទ្រ នាយប់ថ្ងៃនោះ មានខ្យល់បោកបក់យ៉ាងខ្លាំង បង្កឲ្យមាន​ជា​រលក​ធំៗ និងអាចវាយពន្លិច នាវា«Conestoga»បាន។

​រក​ឃើញ​នាវា​​ដែល​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង តាំង​ពី​ឆ្នាំ​១៩២១

បន្ទាប់ពីនាវា «Conestoga» មិនបានមកដល់មូលដ្ឋានយោធា «Pearl Harbor» តាមកាលកំណត់នោះ កងទ័ព​ជើងទឹករបស់អាមេរិក បានបើកការរុករក តាមផ្លូវទឹក និងផ្លូវអាកាសផង ដើម្បីស្វែងរកនាវា និងទាហាន​៥៦នាក់ ដែលស្ថិតនៅលើនាវា។ ប៉ុន្តែនៅពេលនោះ ការរុករកបានធ្វើឡើង តែនៅជុំវិញប្រជុំកោះហាវៃប៉ុណ្ណោះ ហើយ​មិនទទួលបានលទ្ធផលអ្វីនោះទេ។ ពីរខែក្រោយមក ការរុករកបានប្ដូរ ទៅក្នុងឈូងសមុទ្រម៉ិកស៊ិចវិញ បន្ទាប់​ពីទូក​សង្គ្រោះមួយ មានអក្សរ «C» (Editor's Note ៖ ជាទូកសង្គ្រោះផ្ទាល់ របស់នាវា) ត្រូវបាន​រក​ឃើញ​អណ្ដែត នៅ​ទីនោះ។

លុះត្រា​ដល់ខែមិថុនា ឆ្នាំ១៩២១ កងទ័ពជើងទឹកអាមេរិក បានបោះបង់ចោលការរុករក នាវានោះជាស្ថាពរ និង​មិនបាន​ផ្ដល់ក្ដីសង្ឃឹមអ្វី ទៅឲ្យក្រុមគ្រួសារ នៃជនរងគ្រោះ សូម្បីបន្តិចឡើយ៕