មូលហេតុ​៧​យ៉ាង​ដែល​ស្ត្រី​គួរ​បំបៅកូន​ដោយ​ទឹក​ដោះ​

មូលហេតុ​៧​យ៉ាង​ដែល​ស្ត្រី​គួរ​បំបៅកូន​ដោយ​ទឹក​ដោះ​

​អ្វី​ដែល​បាន​ផ្តល់​ផល​ល្អ​ចំពោះ​ទារក វា​ក៏​បាន​ផ្តល់​នូវ​ផល​ល្អ​ដល់​ម្តាយ​ផងដែរ​។ នៅពេលដែល ម្តាយ​រាល់​រូប​បាន ធ្វើតាម​ច្បាប់ធម្មជាតិ និង ធ្វើការ​បំបៅកូនៗ​របស់​ពួកនាង ដោយ​ទឹកដោះ នោះ​រាងកាយ របស់​ពួកនាង ក៏​ត្រូវបាន​ទទួល​នូវ​អត្ថប្រយោជន៍​រួមជាមួយ នឹង​កូនៗ​របស់​ពួកនាង បាន​ផង​ដែរ ។​

១. កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​
ស្ត្រី​ដែល​បាន​បំបៅកូន ដោយ​ទឹកដោះ ត្រូវបាន​កាត់បន្ថយ​នូវ​ការ​ប្រឈម​គ្រោះថ្នាក់​របស់​ពួកគេ ក្នុង វិវត្ត​មាននូវ ជំងឺមហារីក​សុដន់ បាន​ច្រើន​ដល់ ២៥​ភាគរយ​។ ការកាត់បន្ថយ​នូវ​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់ នេះ  បាន​កើតមាន​ដោយ​ស​មាម្រា​តទៅ​នឹង រយៈពេល​នៃ​អាយុកាល ដែល​ស្ត្រី​បាន​ធ្វើ​ការបំ​បៅដោះ ដល់​កូន​នាង​។ ដូចនេះ វា​មានន័យថា កាល​បើ​អ្នក បាន​បំបៅ​ដោះកូន​បាន​កាន់តែ​ច្រើន​ខែ ឬ ច្រើន​ឆ្នាំ នោះ​អ្នកនឹង​កាន់តែ​មាន​អត្រា​ទាប នឹង​ការ​ប្រឈម​នឹង ជំងឺមហារីក​សុដន់ ។​

២. កាត់បន្ថយ​នូវ ប្រឈម​នឹង​ជំងឺមហារីក​ស្បូន និង ជំងឺមហារីក​អូវែ​
មូលហេតុ​មួយ នៃ​ឥទ្ធិពល​នៃ​ការ​បំបៅកូន​ដោយ​ទឹក​ដោះ អាច​ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក បាន​នោះ គឺ​ដោយសារតែ កម្រិត​នៃ​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន ត្រូវ​បាន​ចុះ​ទាប នៅក្នុង​អំឡុងពេល នៃ​ការកកើត មាននូវ​ទឹកដោះ​ម្តាយ​នេះ​។ វា​ត្រូវ​បាន គេ​គិត​ថា​កាល​បើ​កម្រិត​អឺ​ស្ត្រូ​ហ្សែ​ន នឹង​មិន​សូវ​មាន ក្នុង​ការភ្ញោ​ច ដល់​ស្រទាប់​ខាងក្នុង​នៃ​ស្បូន និង ប្រហែលជា អាច​ទៅ​រួច​ផង​ដែរ ចំពោះ​ជាលិកា​របស់​សុដន់ នោះ​អ្នក នឹង​មាន​អត្រា​តិច​បំផុត ក្នុងការ​ប្រឈម​ទៅ​នឹង​ការប្រែប្រួល របស់​ជាលិកា​ទាំងនេះ ទៅ​ជា​ជាលិកា មហារីក ។​

៣. បន្ថយ​នូវ​ឱកាស នៃ​ការកើតមាន​នូវ​ជំងឺ​ពុក​ឆ្អឹង​
ស្ត្រី​ដែល​មិន​បាន​ធ្វើការ បំបៅកូន​ដោយ​ទឹក​ដោះ គឺ​អាច​មាន​ឱកាស​ដល់​ទៅ​៤​ដង ក្នុង​ការកើតមាន នូវ​ជំងឺ​ពុក​ឆ្អឹង ច្រើន​ជាង​ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ទឹក​ដោះ ។ ហើយ​ពួកគេ ហាក់​ងាយ​នឹង ទទួលរង នូវ​ការបាក់​ឆ្អឹងត្រគាក នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំក្រោយ នៃ​វ័យ​អស់​រដូវ ។​

៤.  មាន​អត្ថប្រយោជន៍ ចំពោះ​ការពន្យា​កំណើត​
ដោយសារតែ​ការបំ​បៅដោះ អាច​ជួយ​ពន្យា​ពេល​ដល់​ដំណើរការ នៃ​ការបញ្ចេញ​អូវុល នោះ​កាលបើ ស្ត្រី​បាន​បំបៅ​ដោះ​កូន​កាន់តែ​យូរ នោះ​នាង​នឹង អាច​ការពារ​ដល់​ការ​មាន​កូន​បាន តាម​បែប​លក្ខណៈ ធម្មជាតិ ប្រសិន​បើ​នាង​ចង់​។ រយៈពេល​ដែល​ស្ត្រី អាច​ស្ថិត​ក្នុង​ភាព​មិន​អាច​បង្ក​កំណើត​បាន គឺ​វា​អាស្រ័យ ទៅលើ រយៈពេល​នៃ​ការ​បំបៅ​ដោះ​របស់​ទារ​កនាង និង លក្ខណៈ​ជា​បុគ្គល​របស់​កូន​នាង​ម្នាក់ៗ ។​

៥. ជួយ​លើកស្ទួយ​ដល់ សុខភាព​ផ្លូវចិត្ត​
ការបំ​បៅដោះ មិន​ត្រឹមតែ​ផ្តល់​ផល​ល្អ​ចំពោះ​រាងកាយ​របស់​ម្តាយ​នោះទេ វា​ថែមទាំង​ផ្តល់​ផល​ល្អ ដល់​ផ្លូវចិត្ត​របស់​នាង​បាន​ផង​ដែរ​។ ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ម្តាយ​ដែល​បាន​បំបៅកូន​ដោយ ទឹក​ដោះ គឺ​មិន​សូវ​មាន​ស្ថានភាព​ផ្លូវចិត្ត​ថប់​បារម្ភ និង ធ្លាក់​ទឹកចិត្ត ដូចជា​ង ស្ត្រី​ដែល​បាន​បំបៅកូន ដោយ ម្ស៉ៅ​ទឹកដោះគោទេ​។​

៦. ជួយ​ជម្រុញ​ដល់​ការ សម្រក​ទំងន់​រាងកាយ ក្រោយពេល​សម្រាល​
ម្តាយ​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ ត្រូវ​បាន​បង្ហាញថា ពួកនាង មាន​ការកាត់បន្ថយ​នូវ​ទំហំ ត្រគាក និង ខ្លាញ់​ក្បាលពោះ​បាន​យ៉ាងច្រើន ដែល​គួរអោយ​កត់សម្គាល់ នៅក្នុង​រយៈពេល​១​ខែ ក្រោយ ពេល​សម្រាល នេះ​បើ​គេ​ធ្វើ​ការប្រៀបធៀប​ជាមួយនឹង ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ម្ស៉ៅ​ទឹកដោះគោ ។ ហើយ​ម្តាយ​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ​ទាំងនេះ ហាក់​នឹង ឆាប់​វិល​ត្រលប់​មក​រក រូបរាង និង ទំងន់​ដើម​របស់​នាង តាម​ដែល​មុនពេល​នាង​មាន​ផ្ទៃពោះ ។​

៧. វា​មិន​ចាំបាច់ អោយ​អ្នកចំណាយ​ថវិកា​អ្វី​នោះទេ​
វា​អាច​នឹង​ត្រូវ​ចំណាយលុយ ប្រហែលជា ១២០០​ដុល្លា ក្នុង​ការទិញ​ម្ស៉ៅ​ទឹកដោះគោ សម្រាប់​ចិញ្ចឹម ទារក​អ្នក​។ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក នៃ​ជំងឺ​ផ្នែក​កុមារ បាន​ធ្វើ​ការប៉ាន់ប្រមាណ ថា ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ​របស់​នាង​ផ្ទាល់ អាច​សន្សំ​លុយ​បាន​ជិត​ដល់ ៤០០​ដុល្លា ក្នុង រយៈពេល​១​ឆ្នាំ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ នេះ​បើ​យើង ធ្វើការ​ពិចារណា​ពី ការចំណាយ​ច្រើន​បន្តិច ទៅលើ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកនាង​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។