អគ្គ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន វី​តា​ល់​ ឧបត្ថម្ភ​ការ​ព្យាបាល​ទាំងស្រុង​​ដល់​បុរស​កម្សត់​ ដែល​មាន​កូន​កើត​ជំងឺ​រលាក​ស្រោមខួរ​ធ្ងន់ធ្ងរ

អគ្គ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន វី​តា​ល់​ ឧបត្ថម្ភ​ការ​ព្យាបាល​ទាំងស្រុង​​ដល់​បុរស​កម្សត់​ ដែល​មាន​កូន​កើត​ជំងឺ​រលាក​ស្រោមខួរ​ធ្ងន់ធ្ងរ



វៀតណាម​ ៖​ លោក​គុជ ប៊ុណ្ណា​រ៉ា ដែល​ទទួល​បាន​អាណិតអាសូរ​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​កូនស្រី ដែល​កើត​ជំងឺ​រលាកស្រោមខួរ​ធ្ងន់ធ្ងរ ពេលនេះ​បាន​ទៅដល់​ប្រទេស​វៀតណាម​ហើយ បន្ទាប់ពី​ទទួល​បាន​ការឧបត្ថម្ភ​ទាំងស្រុង ទាំង​ការចាយវាយ ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ព្យាបាល​ពី​បងស្រី​អគ្គ​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់។

ការផ្តល់​ជា​ការ​ឧបត្ថម្ភ​បែបនេះ ត្រូវ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​បងប្អូន បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក រាប់​ម៉ឺ​ន​នាក់ ដែល​ម្នាក់ៗ​បាន​សាទរ​ដល់​ក្រុមហ៊ុន វី​តា​ល់ ក៏​ដូច​ជា​លោកជំទាវ ជឹ​ង សុគន្ធា​វី ដែល​មាន​ចិត្ត​សន្តោស​ប្រណី​ដ៏​ថ្លៃថ្លា​រាល់​សកម្មភាព​សង្គម​នា​នា​នៅ​ប្រទេស​កម្ពុជា។

ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ និង​ទំនុកបម្រុង​យ៉ាង​យកចិត្តទុកដាក់ លោក ប៊ុណ្ណា​រ៉ា​សម្តែង​ការ​សេចក្តី​ថ្លែងអំណរគុណ​ជាខ្លាំង​ដល់​លោកជំទាវ ជឹ​ង សុគន្ធា​វី ដោយ​លោក​បាន​បង្ហោះ​នូវ​ចំណាប់អារម្មណ៍​មួយចំនួន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​មុននឹង​លោក​ចាក​ចេញទៅ​ប្រទេស​វៀតណាម​ថា ​៖ «​ដោយមាន​ការ​អាណិតអាសូរ​​ពី​លោកជំទាវ ជឹ​ង សុគន្ធា​វី ក្រុមប្រឹក្សាភិបាល និង​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន NVC Corporation (Vital) លោកជំទាវ​បាន​ផ្តល់​ជា​ថវិកា និង​បាន​ផ្តួចផ្តើម​បញ្ជូន តី​តី ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ជំនាញ​ផ្នែក​ខួរក្បាល។ នេះ​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់លោក​ជំទាវ ដោយបាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បានធ្វើ​នូវ​រឿង​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បញ្ជូន​កូន តី​តី ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ជា​យូរណាស់​មកហើយ។​

សូម​ជូនពរ​ដល់​លោកជំទាវ​ឲ្យ​ជួប​នូវ​ភាពជោគជ័យ​ជានិច្ច និង​ក៏​សូម​អរគុណ​ដល់​បងប្អូន​ប្រុស​ស្រី និង​មិត្តៗ​នៅក្នុង Facebook ដែលមាន​ចិត្ត​អាណិតអាសូរ​ដល់ តី​តី ដោយបាន​ធ្វើការ Comment ជូនពរ​ដល់ តី​តី ជា​ហូរហែ។ លទ្ធផល​យ៉ាងណា​នោះ ខ្ញុំ​នឹង​ផ្តល់​ជា​ព័ត៌មាន​នៅពេល​ក្រោយ​ទៀត សូម​អរគុណ។ ចំពោះ​ព័ត៌មាន​ពី​ស្ថានភាព​ជំងឺ​នៅ​បន្តទៀត យើង​នឹង​រាយការណ៍​ពេល​ក្រោយ៕