ជំពាក់​លុយ​ធនាគារ​ច្រើន លេប​ថ្នាំ​សម្លាប់​ខ្លួន​

ជំពាក់​លុយ​ធនាគារ​ច្រើន លេប​ថ្នាំ​សម្លាប់​ខ្លួន​



កំពង់ចាម ៖ ស្ត្រី​ម្នាក់​ព្រោះតែ​ជំពាក់​លុយ​ធនាគារ​ច្រើន​គ្មាន​អ្វី​សង​ ក៏​សម្រេចចិត្ត​ផឹក​ថ្នាំ​បំពុល​ធ្វើ​អត្តឃាត ហើយ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រងគ្រោះ ឈ្មោះ ថៃ ស អាយុ ៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ បាន​ដើរមក​ផ្ទះ​បងថ្លៃ​របស់​ខ្លួន ​ដែល​នៅ​ក្បែរ​គ្នា​ហើយ​ផ្តាំ​ថា បើ​ខ្លួន​មានរឿង អី​ជួយ​មើល​កូន​ឲ្យ​ផង។

បន្ទាប់មក​ស្ត្រី​រងគ្រោះ​ក៏​ដើរមក​ផ្ទះ​វិញ​ ហើយ​ពេលនោះ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ មឿ​ន ស្រ៊ា​ន អាយុ​៤៦ ឆ្នាំ បាន​ត្រឡប់​មកពី​រាយ​មង​វិញ ហូបបាយ​ហើយក៏​ដេក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។បន្តិច​ក្រោយមក​ប្តី​របស់​ស្ត្រី​រងគ្រោះ​ បាន​លឺ​សំឡេង​ក្តុងក្តាំង​ក៏​ភ្ញាក់​ឡើង​មើល​ឃើញ​ប្រពន្ធ​របស់​ខ្លួន​កំពុង​ប្រកាច់​ ទើប​ដឹង​ថា ​ប្រពន្ធ​ផឹកថ្នាំ​បំពុល​សត្វ​ធ្វើ​អត្តឃាត ក៏​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្រី​សន្ធរ។

ពេល​ទៅដល់​មន្ទីរពេទ្យ​ស្ត្រី​រងគ្រោះ​ឈ្មោះ ថៃ ស បាន​អង្វរ​គ្រូពេទ្យ​ថា ជួយ​គាត់​ផង​។ ចំណែក​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ធ្វើការ​សង្គ្រោះ​បន្ទាន់​ តែ​ដោយសារ​ថ្នាំពុល​ជ្រាបចូល​បេះដូង​ទៅ​ហើយ​ស្ត្រី​រងគ្រោះ​ក៏​ស្លាប់​នៅ​មន្ទីរ ពេទ្យ។

ឈ្មោះ មឿ​ន ស្រ៊ា​ន បាន​ឲ្យ​ដឹង​ថា គ្រួសារ​គាត់​មាន​កូន​៨​នាក់ ហើយ​មាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង រក​ព្រឹក ខ្វះ ល្ងាច ព្រោះ​គាត់​គ្មាន​មុខរបរ​ធំ​ដំ​ទេ គឺ​គាត់​នេសាទ​ត្រី ​ដើម្បី​ចិញ្ចឹម​គ្រួសារ​តែប៉ុណ្ណោះ ហេតុនេះ​ហើយ​គ្រួសារ​របស់ លោក ក៏​ទៅ​ខ្ចី​លុយ​ធនាគារ​ដោយ​បង់​រំលោះ​ខ្លះ ដោយ​គ្មាន​លទ្ធភាព​សង ទើប​ប្រពន្ធ​របស់​លោក​ធ្វើ​អត្តឃាត។

លោក ហេង ផល្លា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ជំពាក់​លុយ​ធនាគារ​មិន​ដឹង​ប៉ុន្មាន​នោះ​ទេ តែ​ដឹងថា ឈ្មោះ ថៃ ស ធ្លាប់​ខ្ចីលុយ​បង់ រំ​លោះ​ខ្លះៗ ហើយ​នាង​ក៏​ថ្លាប់​ធ្វើ​អត្តឃាត​ម្តង​ហើយ​ដែរ ​តែ​ត្រូវ​គេ​សង្គ្រោះ​ទាន់​ពេលវេលា។

​លោក អធិការ បញ្ជាក់​ថា ស្ត្រី​រងគ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ប្រាកដ​មែន សព​ត្រូវ​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕