រយៈពេល​២៤​ម៉ោង​ អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៣៨​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម​

រយៈពេល​២៤​ម៉ោង​ អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៣៨​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម​



ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស/ស្រី​សរុប​ចំនួន​៣៨​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​មាន​ការចូលរួម​ជាមួយ​ខាង​ព្រះរាជអាជ្ញា​សាលាដំបូង ​បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ក្នុង​ផ្ទះសំណាក់ និង​កន្លែង​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​ទីតាំង នៅ​ខណ្ឌ​ដូនពេញ ​និង​មួយ​ទីតាំង​ទៀត​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ និង​ដកហូត​ថ្នាំញៀន​សរុប​ជិត​កន្លះ​គីឡូក្រាម។

លោក​វរសេនីយ៍ ​ប៉ាន់ សុភាព​ នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​នឹង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​១៤​និង​៤០​នាទី ​ថ្ងៃ​ទី​២៦​មីនា​ថា ការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ទីតាំង​ខាងលើ​ កាលពី​វេលា​ម៉ោង​២៣​យប់​ ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦ ខាង​ក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ អតីត​រោងចក្រ​ឆ្នាំង​ជាប់​ផ្លូវ​រទេះភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះចក ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១៥​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤២​កញ្ចប់​តូច និង​វត្ថុតាង​ប្រើប្រាស់​មួយចំនួន​។​

ប្រភព​បន្ត​ថា ​ការ​បង្ក្រាប​ទីតាំង​ទី​២​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​២៥​មីនា នៅ​ចំណុច​ផ្ទះសំណាក់​ផ្កាយ​៩ តាម​បណ្ដោយ​ផ្លូវ​លេខ​៨១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ប្រើប្រាស់ និង​ចែកចាយ​១៩​នាក់ រួម​នឹង​ម្ចាស់ផ្ទះ និង​អ្នក​មើលការខុសត្រូវ​២​នាក់ ដកហូត​ថ្នាំញៀន​ជាច្រើន​កញ្ចប់​តូច​-​ធំ រួម​នឹង​វត្ថុតាង​ប្រើប្រាស់​ជាច្រើន​ទៀត​។ នៅ​យប់​ថ្ងៃ​ដដែល ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​៤​កញ្ចប់ ​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួនទៀត​។​

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​បន្តថា មុន​ឈានដល់​ការចុះ​បង្ក្រាប​ទីតាំង​៣​កន្លែង​ខាងលើនេះ កម្លាំង​ការិយាល័យ​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ជាក់ស្ដែង ​ដោយមាន​ការ​សហការ​ល្អ​ពី​ខាង​តុលាការ​ផង​ដែរ​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ និង​វត្ថុតាង​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម​រួចមក ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​និង​កំពុងតែ​តាម​ប្រមាញ់​មុខសញ្ញា​នៅ​សេសសល់​ ពិសេស​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំៗ​តែម្ដង​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​បន្ត​ទៀត៕
រយៈពេល​២៤​ម៉ោង​ អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៣៨​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម​
រយៈពេល​២៤​ម៉ោង​ អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៣៨​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម​