លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចូលរួម​ប្រកាស​ទទួលស្គាល់​សកម្មជន ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រុង​បាត់ដំបង

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចូលរួម​ប្រកាស​ទទួលស្គាល់​សកម្មជន ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រុង​បាត់ដំបង



បាត់ដំបង ​៖​ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៧២៨ នាក់ នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦។

តាម​របាយ​ការណ៍​របស់​លោក ជាម ច័ន្ទ​សោភ័ណ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​បានឲ្យដឹងថា ក្រុមការងារ​យុវជន ឃុំ​-​សង្កាត់ និង​ភូមិ​ទូទាំង​ក្រុង​បាត់ដំបង​ដែល​ត្រូវ​ប្រកាស​នាពេលនេះ​ មាន​ចំនួន​៧២៨ ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច និង​របៀបរបប​ការងារ ក្នុងការ​ក្តាប់ជាប់​កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និង​សេចក្តី​សម្រេចចិត្ត​នានា​របស់​គណបក្ស ដើម្បី​បញ្ជ្រាប​ទៅក្នុង​ស្រទាប់​យុវជន ព្រមទាំង​ការកសាង​ផែនការ​សកម្មភាព និង​របប​ប្រជុំ​ក្នុងការ​ជំរុញ​និង​សកម្មភាព​ការងារ​សង្គម​ផ្សេងៗ​ប្រកបដោយ​គុណភាព។

ចំណែក​លោក ច័ន្ទ​សុផល សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​យុវជន​ជា​ធនធាន​ដ៏​សំខាន់ និង​ការចូលរួម​ជា​កម្លាំង​បន្តវេន​សម្រាប់​គណបក្ស និង​បន្តវេន​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ នាពេល​អនាគត​។ ការយកចិត្តទុកដាក់​ចំពោះ​ការអប់រំ​ចំណេះដឹង ចំណេះធ្វើ សីលធម៌ អត្តចរិត​ល្អ​ប្រពៃ មាន​កាយសម្បទា​រឹងមាំ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការងារ​ដើម្បី​ដើម្បី​លើកកម្ពស់​តួនាទី​សិទ្ធិ​របស់​យុវជន​អោយ​ក្លាយជា​កម្លាំង​ស្នូល សសរទ្រូង​របស់​គណ​បក្ស​។ ទន្ទឹមនេះ​គណបក្ស​ខេត្ត​បាន​និង​កំពុង​ប្រគល់​តួនាទី​ដឹកនាំ អង្គភាព​មួយ​ចំនួន​ដល់​យុវជន​គណបក្ស ​ដែល​មាន​ស្នាដៃ បទពិសោធន៍​ការងារ និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បន្ត​និរន្តរភាព​របស់​គណបក្ស។

មានប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អំណរ​គុណ និង​អបអរសាទរ​បងប្អូន ដែល​ជ្រើសរើស​គណបក្ស​ប្រជាជន ជា​ជម្រើស​របស់​បងប្អូន នេះ​គឺ​សម័យនេះ គឺជា​សង្គម​ប្រជាធិបតេយ្យ យុវជន​មាន​ជម្រើស គឺ​មិន​មាន​អ្នកណា​ទៅ​បង្ខំ​បងប្អូន​ទេ​។ ដូច្នេះ​ការដែល​យុវជន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន គឺជា​ជ្រើសរើស​ដោយ​ខ្លួនឯង ការ​ស្រឡាញ់ និង​ឆន្ទៈ​ចូលរួម​ជា​សកម្មជន​គណបក្ស​។​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ទៀតថា ជា​កិត្តិយស​របស់​យុវជន ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ធំជាងគេ ចាស់ទុំ​ជាងគេ មាន​ស្នាដៃ​ច្រើនជាងគេ​។ លើសពីនេះ​យុវជន​មានឱកាស​ជួយ​ដល់​បក្ស​ដឹកនាំ​ប្រទេស ជួយ​ដល់​សង្គម និង​ខ្លួនឯង​។ យើង​ជួយ​ឲ្យ​បក្ស​ឈ្នះ បក្ស​មានលទ្ធភាព​ដឹកនាំ​រដ្ឋាភិបាល និង​អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន ដើម្បី​បាន​ផលប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា​ និង​បង្កលក្ខណៈ​ឲ្យ​យុវជន​ទាំងអស់​មានឱកាស​មិន​គិត​ថា​យុវជន​គណបក្ស​ណា​ទេ​គឺ​បាន​ផល​ប្រយោជន៍​ពី​ការ​រីកចម្រើន​នេះ​។ ដូច្នេះ​យុវជន​យើង​អាច​ចូលរួម​គ្រប់​សកម្មភាព​ដើម្បី​ជួយ​ដល់​គណបក្ស​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ប្រជាជន​ មាន​ឱកាស​បន្ត​បម្រើប្រជាជន​តទៅទៀត។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដែរ​ថា យុវជន​ជំនាន់​មុន ដែល​បច្ចុប្បន្ន​ជា​ថ្នាក់ដឹកនាំ​ជាតិ រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ផ្សេងៗ​មាន​ភាពក្លាហាន និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម ​ដែល​បាន​តស៊ូ​រំដោះ​ជាតិ​នៅ​ក្នុង​ដំណាក់កាល​ ដ៏​លំបាក​បំផុត​​​ក្នុង​របប​ប៉ុលពត ​បាន​ធ្វើឲ្យ​យើង​រស់រាន​មានជីវិត​ឡើងវិញ និង​កសាង​ប្រទេស​ឲ្យ​រីកចម្រើន​តាំងពី​បាតដៃ​ទទេ។ នេះ​ហើយ​គឺជា​អ្វី​ដែល​យុវជន​មាន​មោទនភាព​ ដែល​យុវជន​ជំនាន់​មុន​បាន​ផ្តល់​ឱកាស​ដល់​យើង​សព្វថ្ងៃនេះ​។ ដូច្នេះ​ភារកិច្ច​របស់​យុវជន​ក្រោយ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ថែរក្សា​ឲ្យបាន​នូវ​សមិទ្ធផល​ទាំងឡាយ​ ដែល​ជា​ស្នាដៃ​យុវជន​ជំនាន់​មុន​បាន​បន្សល់ទុក ជាពិសេស​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជាតិ​ និង​បន្ត​ចូលរួម​កសាង​សមិទ្ធផល​បន្ថែម​ទៀត​សម្រាប់​ជាតិ​របស់​យើង​ទៅ​ថ្ងៃ​អនាគត៕

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចូលរួម​ប្រកាស​ទទួលស្គាល់​សកម្មជន ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រុង​បាត់ដំបង

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចូលរួម​ប្រកាស​ទទួលស្គាល់​សកម្មជន ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រុង​បាត់ដំបង