ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​សំងំ​នៅ​ក្នុង​សណ្ឋាគារ

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​សំងំ​នៅ​ក្នុង​សណ្ឋាគារ



​បាត់​ដំបង ៖ សណ្ឋាគារ​មួយ​កន្លែង ដែល​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​បាត់ដំបង កំពុង​ទទួល​រង​នូវ​សម្ពាធ​មួយ​យ៉ាង​ខ្លាំង​ ដោយសារតែ​កម្លាំង​សមត្ថកិច្ច​បាន​បើក​យុទ្ធនា​ការ​បង្ក្រាប​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នោះ​តែ​ម្តង ​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់ ដោយ​ដកហូត​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​ថែមទៀត​ផង។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ គឺ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ត្រង់​ចំណុច​សណ្ឋាគារ​មួយ​កន្លែង​យីហោ LA ស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​បង្ការ បង្ក្រាប នៃ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ដោយមាន​ការ​ឯកភាព​ពី​សំណាក់​ម្ចាស់​សណ្ឋាគារ​ផង​ដែរ ទើប​សមត្ថកិច្ច​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់​ដែល​កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​លេខ​២០៤ និង​២០៧។

លោក វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ បាន​និយាយ​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ពី​កម្លាំង​ភ្លាម​លោក​បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​ចូល​ទៅ​ក្នុង​សណ្ឋាគារ​និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន ដោយ​ដកហូត​នូវ​សារធាតុ​ញៀន​បាន​មួយ​ចំនួន​ដូចជា គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​ថង់ ស្មើនឹង​ទម្ងន់​៥,២៨​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំ​នួន​ដែរ​ រីឯ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​មានឈ្មោះ លី ផេង​អាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង និង​ឈ្មោះ យុន ប៊ុន​លីន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕