ករណី​ក្មេង​ទំនើង​ផ្ទុះ​អា​វុធ​ និង ​កាប់​ចាក់​គ្នា​នៅ​ឃ្មួញ ប៉ូលិស​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មនុស្ស៣នាក់

ករណី​ក្មេង​ទំនើង​ផ្ទុះ​អា​វុធ​ និង ​កាប់​ចាក់​គ្នា​នៅ​ឃ្មួញ ប៉ូលិស​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មនុស្ស៣នាក់



ភ្នំពេញ ៖ បុរស​ក្មេងៗ ចំនួន​៣​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពី​ពួកគេ​បាន​កេណ្ឌ​បក្ខពួក​មក​បង្ក​ជម្លោះ​កាប់​ចាក់​គ្នា​រហូត​ឈាន​ដល់​ផ្ទុះអាវុធ បង្ក​ឲ្យ​មាន​របួស​ស្នាម​កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ក្នុង ភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

ប៉ូលិស​និយាយ​ថា នៅ​ក្នុង​ហេតុ​ការ​ណ៍​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២​នាក់​ រង​របួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ សង្គ្រោះ​ទាន់​ពេល​វេលា​ភ្លាមៗ​និង​បាន​រឹបអូស​យក​ម៉ូតូ​របស់​ក្រុម​ជន​ល្មើស​បាន​ចំនួន​២​គ្រឿង បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ​ដោយសារ​ពួកគេ​ភ័យ​រត់​គេច​ខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន។

​ដោយ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​និង​ការ​សហការ​គ្នា​រវាង​កម្លាំង​នគរបាល​អធិការ​​ខណ្ឌ និង​នគរបាល រដ្ឋបាល​ប៉ុ​ស្ត៍​សង្កាត់​ឃ្មួញ បាន​ឈាន​ទៅ​ឃាត់ខ្លួន​បក្ខ​ពួកគេ​ចំនួន​៣ នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦​ និង​ កំពុង​តាម​ចាប់ខ្លួន​ជន​ពាក់​ព័​ន្ធ​មួយ​ចំនួន​ទៀត​ជាពិសេស ជន​ដែល​បាន​ផ្ទុះ​អាវុធ​ខ្លី បាញ់បោះ​នៅ​ក្នុង​ហេតុការណ៍​នោះ។

​ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​៣​នាក់​ខាង​លើ ១/ ឈ្មោះ ឈឺ​ន រ៉ា​ឆាន់ អាយុ​២០​ឆ្នាំ មុខរបរ​ជាង​​ឈើ មាន​ទីលំនៅ​ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួញ។ ២/ ឈ្មោះ ចាន់ មករា ហៅ​ឆាង អាយុ​១៨​ឆ្នាំ មុខរបរ​អ៊ុត​និង​បិទ​តែម៍​ម៉ូតូ មាន​ទីលំនៅ​ភូមិ អន្លង់​ក្ងាន សង្កាត់​ឃ្មួញ។ ៣/ ឈ្មោះ ម៉ៅ រ៉ាវី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ។

តាម​ច​ម្លើយ​សាកសួរ​ជន​ទាំង​៣​នាក់ ​និង​ជនរងគ្រោះ​២​នាក់ ​១/​ឈ្មោះ សៀក សយ អាយុ​១៨ឆ្នាំ​ (​របួស​ក្បាល​ដេរ​១២​ថ្នេរ​) ២/​ឈ្មោះ​ហេង រតនា​អាយុ​២៤​ឆ្នាំ​ (​របួស​ខ្នង​ប្រអប់​លេ​ី​ជេ​ី​ង​ឆ្វេង​) ប៉ូលិស​បាន​ប្រាប់​ពី​ដំណើរ​រឿងហេតុ​នេះ​ថា នៅមុន​ពេល​កើ​ត​ហេតុ​ជនរងគ្រោះ​ឈ្មោះ សៀក​ សយ បាន​មក​អង្គុយ​ហូប​បង្អែម​បាន​មើល​ចំ​មុខ​ឈ្មោះ​ឈឺ​ន រ៉ា​ឆាន់ ពេលនោះ​ឈឺ​ន រ៉ា​ឆាន់​ ខឹង​ក៏​មក​រក​រឿង ជជែក​គ្នា​ចុះ​ឡើង​ៗ មក​នាំ​បក្ខពួក​កាប់​លើ​ឈ្មោះ​សៀក សយ ពេលនោះ​ឈ្មោះ សៀក សយ បាន​ហៅ បក្ខពួក​ឈ្មោះ ចាន់​មករា ហៅ​ឆាង មក​ជួយ ហើយ​ចាន់ មករា ​ក៏បាន​ជិះ​ម៉ូតូ​ជាមួយ​គូកន មកកាន់​កន្លែង​កើត​ហេតុ​ដើ​រ​ស្រែក​ឡូឡា​សួ​ររក​អ្នកណា​ហ៊ាន​មក​កាប់​បក្ខ​ពួក​ខ្លួន ? នៅ​ពេល​នោះ​ឈ្មោះ ឈឺ​ន រ៉ា​ឆាន់ មាន​ផ្ទះ​នៅក្បែរ​នោះ​ស្រាប់​ក៏​ស្រែក​ដោយ​គោះ​ទ្រូង​ថា មិន​ចាំ​បាច់​ដើររកមុខ​ទេ គឺ​អញ ថា​ជា​អ្នក​កាប់​… ភ្លាម​នោះ​ឈ្មោះ ចាន់ មករា និយាយ​តប​ថា មិន​អី​ទេ​យើង​នៅ​ភូមិ​ជាមួយគ្នា​ទេ ចង់​យ៉ាងម៉េច​ក៏បាន​ដែរ រួច​ជិះ​ម៉ូតូ​ត្រឡប់​មក​ក្រោយ​វិញ ក៏​ស្រាប់តែ មាន​មនុស្ស មួយ​ហ្វូង ជិះ​ម៉ូតូ​ប្រមាណ​ជា​៦​ទៅ​៧​គ្រឿង​កាន់​ដាវ ដំបង​មក​ឡោម​ព័​ទ្ធ វាយ​កាប់​ចាក់​គ្នា​រហូត​មាន​ផ្ទុះ​អាវុធ​ខ្លី បណ្តាល​ឲ្យ​រង​របួស ​ហើ​យ​នៅពេល​នោះដែរ ​កម្លាំង​ប្រជា​ការពារ ភូមិ បាន​ស្រែក​តាម​វិទ្យុ​ទាក់ទង​បោះដៃ​អោយ​មេ​ប៉ូលិស​ប៉ុ​ស្តិ៍​ឃ្មួញ​ដឹង​ ក៏​សុំ​កេណ្ឌ​កម្លាំង​ប៉ូលិស​ខ្លា​ហោះ​របស់​ខណ្ឌ​មួយ​ក្រុម​មក​ជួយ​អន្តរា​គមន៍​ភ្លាមៗ តែ​ម្តង​បំបែកហ្វូង​ពួកគេ​ទាន់​វេលា​ និង ​ឡោម​ព័​ទ្ធ​តំបន់​នោះ​ស្ទើរ​១​យប់​ទល់​ភ្លឺ​។

ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​គ្មាន​កម្លាំង​ប៉ូលិស​មក​អន្តរា​គមន៍​ទាន់​ពេល​វេលា​ទេ វា​អាច​នឹង​មាន​អ្នក​ស្លាប់​និង​របួស​ច្រើន​ ហើ​យ​ពីព្រោះ​ស្ថានភាព​នៅ​ពេល​នោះ​ច្របូក​ច្របល់ ហាក់​ដូច​ជា​សង្គ្រាម​មួយ​កើត​ឡើ​ង​ដែល​ម្នាក់ៗ​មាន​ដំបង​គ្រប់​ដៃ៕