សម្តេច​ក្រឡាហោម ស ខេង បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង

សម្តេច​ក្រឡាហោម ស ខេង បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៦ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​សិរ​ពោធិ​សាគរ ស្ថិតនៅ​ភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។ សម្តេច​បាន​សំដែង​នូវ​ភាព​សប្បាយ​រីករាយ និង​កក់ក្តៅ​ជាទីបំផុត ដែល​បងប្អូន មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ យាយជី តាជី លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ យុវជន​កាកបាទ យុវជន​កាយ​រិ​ទ្ធិ សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា យ៉ាង​ច្រើន​កុះករ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ទូទាំង​ស្រុក​ស៊ីធរ​កណ្តាល ក៏​ដូចជា​ទូទាំង​ប្រទេស មាន​សុខ​សន្តិភាព សុ​វត្ថ​ភាព ពេញលេញ​ក្នុង​ការរស់នៅ ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​នីមួយៗ​ផងដែរ។

ក្នុង​ឱកាស​សំណេះសំណាល សម្តេច​បាន​ធ្វើ​ការ​ក្រើនរំលឹក​ទៅដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង កងកម្លាំង​ទាំង​បី ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បំផុត ទៅលើ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ទាំង​ការបម្រើ និង​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់ មិន​ត្រូវ​គាបសង្កត់ យក​កម្រៃ​លើស​សេវា​ដែល​បាន​កំណត់ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​នូវ​សេចក្តី​ថ្លៃថ្នូរ របស់​ថ្នាក់ដឹកនាំ និង​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ជាពិសេស​ប៉ះពាល់​ដល់​ជីវភាព​ផ្ទាល់​របស់​បងប្អូន​។

សម្តេច​បាន​ណែនាំ​សមត្ថកិច្ច​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាច​រណ៍ ឲ្យ​នៅ​កម្រិត​មួយ​ទាប​បំផុត និង​ជំ​រុញ​ឲ្យ​សមត្ថកិច្ច​ចុះ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផង​ដែរ សម្តេច​បាន​បញ្ជាក់​ថា នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ក៏ដូចជា​ស្រុក​ស៊ីធរ​កណ្ដាល សម្រាប់​គ្រួសារ​អ្នកទទួល​មរណភាព និង គ្រួសារ​អ្នក​សម្រាលកូន មូលនិធិ​មនុស្សធម៌ ស ខេង នឹង​ផ្តល់​ជូន​មួយ​គ្រួសារ ២០០,០០០៛ ហើយ​សម្តេច​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​ទទួល​នូវ​សំណូមពរ​ទាំង​អស់ពី​ប្រជាពលរដ្ឋ និង ធ្វើការ​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេលវេលា តាម​លទ្ធភាព និង​ចំពោះ​បញ្ហា​ណា​ដែល​ដោះ​មិន​ចេញ​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ដើម្បី​ដោះស្រាយ​បន្ត​៕

សម្តេច​ក្រឡាហោម ស ខេង បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង សម្តេច​ក្រឡាហោម ស ខេង បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង សម្តេច​ក្រឡាហោម ស ខេង បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង