អភិបាលខណ្ឌ​ចំការ​មន​សន្យា ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ដី​ក្រុមហ៊ុន SUNWAH ដែល​ឈ្មួញ​យក​ធ្វើជា​កន្លែង​ផ្ញើម៉ូតូ​យ៉ាង​អនាធិបតេយ្យ

អភិបាលខណ្ឌ​ចំការ​មន​សន្យា ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ដី​ក្រុមហ៊ុន SUNWAH ដែល​ឈ្មួញ​យក​ធ្វើជា​កន្លែង​ផ្ញើម៉ូតូ​យ៉ាង​អនាធិបតេយ្យ



ភ្នំពេញ ៖ អភិបាលខណ្ឌ​ចំការ​មន លោក ព្រំ សំខាន់ បាន អះអាង​និង​សន្យា ថា លោក​និង​អោយ​អាជ្ញាធរ ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ នៅ​តាម​ដង​ផ្លូវ​នានា ពិសេស ចិញ្ចើម​ផ្លូវ ដី​ក្រុមហ៊ុន SUNWAH ដែល ក្រុម​ឈ្មួញ​បាន​យក​ដី​ចិញ្ចើម​ផ្លូវ ព័ទ្ធ​របង យក​ធ្វើជា​កន្លែង​ផ្ញើម៉ូតូ យ៉ាង​អនាធិបតេយ្យ​នោះ​នៅ​ស​ប្តាហ៍​ក្រោយ។

ការសន្យា​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ របស់ លោក អភិបាលខណ្ឌ​ចំកា​មន បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បាន​រិះគន់​និង​ចោទប្រកាន់​អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់ និង​អាជ្ញាធរ ខណ្ឌ​ចំការ​មន បាន​ទទួល​ផល​ប្រ​យោ​ជន៍ ពី​ឈ្មួញ ក្នុង​ការ​អនុញ្ញាត​ឲ្យ​គេ​យក​ចិញ្ចើមផ្លូវ លើដី​ក្រុមហ៊ុន​បរទេស ធ្វើជា​កន្លែង​ផ្ញើម៉ូតូ។ ហើយ​កន្លងមក តំណាង​ម្ចាស់​ដី​ក្រុមហ៊ុន SUNWAH ធ្លាប់​បាន​រាយ​ការណ៍​អាជ្ញាធរ​ឲ្យ​ជួយ​រៀបចំ​សណ្តាប់​ធ្លាប់ កន្លែង​ធ្វើ​ម៉ូតូ​ជាច្រើន​សារ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​វិធានការ​ឡើយ ដោយ​ទុក​ឲ្យ​ឈ្មួញ​យក​ចិញ្ចើម​ផ្លូវ ធ្វើជា កន្លែង​ធ្វើ​ម៉ូតូ​រហូត​មក​ដល់​ពេល​នេះ។

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង ទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​រំលាយ និង​រុះរើ​ជាបន្ទាន់​នូវ​សំណង់ ដែល​សង់​រំលោភ​ស៊ី​ចំណី​ផ្លូវ និង​សួនច្បារ​សាធារណៈ ហើយ​អាជ្ញាធរ​នៅ​គ្រប់កន្លែង​មាន​សំណង់​រំលោភ​យក​ចំណី​ផ្លូវ និង​សួនច្បារ​សាធារណៈ គឺជា​អ្នកទទួលខុសត្រូវ​។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ស​ម្តេច​នៅ​លើ​ហ្វេ​ក​បុក​របស់​សម្តេច​។ សម្តេច​មិន​បណ្តោយ​ឲ្យ​មន្ត្រី​ខិលខូច​បំផ្លាញ​សង្គមជាតិ និង​ធ្វើ​ឲ្យ​ជាតិ​អាប់ឱន​តទៅទៀត​ជាដាច់ខាត​។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា ​រាល់​សំណង់​ដែល​មាន​លក្ខណៈ​រំលោភ​កេង​ស៊ី​ចំណី​ផ្លូវ​សាធារណៈ និង​សួនច្បារ​សាធារណៈ គឺ​ត្រូវ​រុះរើ​រំលាយ​ចេញ​ជាបន្ទាន់​។ ហើយ​បើ​ធ្វើ​នៅ​ទីតាំង​កន្លែង​ណា គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវតែ​ទទួលខុសត្រូវ​»។

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ អភិបាលខណ្ឌ​ចំការ​មន លោក ព្រំ សំខាន់ បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​កម្ពុ​ជាថ្មី​តាម​ទូ​រស័ព្ទ​ដោយ​សន្យា ថា​នៅ​ស​ប្តា​ហ៍ ក្រោយ​អាជ្ញាធរ​និង​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ទីតាំង ចិញ្ចើម​ផ្លូវដី​ក្រុមហ៊ុន SUNWAH ជាប់ ក្រសួងបរិស្ថាន ដោយ​មិន​មាន​ការយល់​យោគ​អ្វី​ឡើយ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​លើកឡើង​ថា ​អាជ្ញាធរ​ក៏​ដូច​រូបលោក ទទួល​បាន​ផល​ប្រ​យោ​ជ​ន៍​ពី​ឈ្មួញ​ទទួល​ផ្ញើ​ម៉ូតូ លើ​ដី​ក្រុមហ៊ុន​នោះ​លោក​អភិបាលខណ្ឌ​ចំការ​មន ស្បថ ថា​«​ប្រសិនបើ​លោក​បាន​លុយ​មួយ​កាក់​មួយ​សេន​ពី​ទីតាំង​នោះ សូម​ឲ្យ​ពេល​លោក​ចេញពី​កន្លែងធ្វើការ​រលាយសូន្យ​នៅ​លើ​លោក​នេះ​ចុះ​» ប៉ុន្តែ​បើ​ខាង​សង្កាត់​ទន្លេបាសាក់ យក​លុយ​លោក​មិនដឹង​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​រប​ស់លោក អភិបាលខណ្ឌ​ចំការ​មន លោក ព្រំ សំខាន់​។

លោក​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ច័ន្ទ ឬ អង្គារ ស​ប្តា​ហ៍​ខាងមុខ​លោក​និង​ហៅ​អ្នក​ពាក់​ព័ន្ធ​និង​សង្កាត់ មក​សាកសួរ និង​ធ្វើ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ធ្វើ​ការងារ ហ្នឹង​។ តាមរយៈ​នេះ​លោក អភិបាល​ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នក​សារ​ព័ត៍មាន​ដែល​បាន​ផ្តល់​ព័ត៌​មាន ដ៏​ល្អ​ដើម្បី​ឲ្យ​អាជ្ញាធរ​របស់​យើង​ធ្វើការ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។

សូម​រំលឹក​ថា ទីតាំង ចិញ្ចើម​ផ្លូវ លើ​ដី​ក្រុមហ៊ុន​សាន់ វ៉ា ក្បែ​ង ​ក្រសួងបរិស្ថាន ជាប់​និង​ផ្លូវ ក្រសួងការបរទេស ធ្វើ​របង​ហ៊ុមព័ទ្ធ​យក ធ្វើជា​កន្លែង​ផ្ញើម៉ូតូ យ៉ាង​អានាធិបតេយ្យ បំផុត​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​មិន​អាច​ឲ្យ​អ្នកស្នើ​ជើង​ដើរ​លើ​ចិញ្ចើម​ផ្លូវ​នោះ​បាន​ឡើយ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ទីតាំង នោះ​ក៏​ជា​កន្លែង​ទទួល​ផល​ចោរកម្ម​ផង​ដែរ ព្រោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ហើយ​បាន​បាត់​ម៉ូតូ​ដោយ​ចោរលួច​ ឬ​ ប្លន់​ក្រោយមក​បាន​រក​ឃើញ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នោះ រហូត​មានការ​ប្តឹង​ផ្តល់​ទៅ​សមត្ថកិច្ច​ប៉ុ​ស្តិ៍​ទន្លេបាសាក់​ឲ្យ​ធ្វើ​អន្តរា​គម​ន៍​ទៀត​ផង​។ ហើយ​កន្លែង នោះ​ក៏​ជា​កន្លែង ទទួល​បញ្ចាំ​ដ៏​ធំ​មួយ ហើយ​ម៉ូតូ​មួយ​ចំនួន ជា​ម៉ូតូ​បទល្មើស គ្មាន​ឯកសារ​ត្រឹមត្រូវ​ឡើយ ពោល​គឺ​ម៉ូតូ​ចោរ មក​បញ្ចាំ គឺ​អ្នកទ​ទួល​ផ្ញើ​នោះ​បាន​ដាក់​ទង​ទៅ​មេ​កើយ​របស់​គេ មក​ចរចា​តម្លៃ​គ្នា រួច​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​នោះ​ធ្វើ ជា​ធម្មតា។

ប្រភព​ដដែល​បញ្ជាក់​ថា ​កន្លង​មក លោក ឃួ​ង ស្រេង អភិបាលរង​ក្រុងភ្នំពេញ ធ្លាប់​បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ ខណ្ឌ​ចំការ​មន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ទីតាំង​ផ្ញើ​ម៉ូតូ​ចិញ្ចើម​ផ្លូវ លើ​ដី​ក្រុមហ៊ុន​សាន់ វ៉ា ម្តង​រួចហើយ​ប៉ុន្តែ ក្រោយពី​មានការ​អន្តរា​គម​ន៍ គេ​មិន​ឃើញ អាជ្ញាធរ​ក្រុង​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ទីតាំង​នោះ​ឡើយ​គេ​មិន​ដឹង​ថា​ អាជ្ញាធរ​ខ្លាច​ឈ្មួញ​ឬ​យ៉ាងណា​? ពលរដ្ឋ​ស​ង្ឃឹម​ថា​អាជ្ញាធរ​ក្រុង​ និង ​លោក​អភិបាលខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ទៅតាម​ការសន្យា​ចុះ៕

អភិបាលខណ្ឌ​ចំការ​មន​សន្យា ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ដី​ក្រុមហ៊ុន SUNWAH ដែល​ឈ្មួញ​យក​ធ្វើជា​កន្លែង​ផ្ញើម៉ូតូ​យ៉ាង​អនាធិបតេយ្យ អភិបាលខណ្ឌ​ចំការ​មន​សន្យា ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ដី​ក្រុមហ៊ុន SUNWAH ដែល​ឈ្មួញ​យក​ធ្វើជា​កន្លែង​ផ្ញើម៉ូតូ​យ៉ាង​អនាធិបតេយ្យ