អតីត​សិស្ស​ធ្វើ​ពិធី​ជួបជុំ​សិស្ស​និង​គ្រូ និង​បាន​ជួយ​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ ​ហ៊ុន សែន​រលាប្អៀរ ចំនួន​១៥០​នាក់

អតីត​សិស្ស​ធ្វើ​ពិធី​ជួបជុំ​សិស្ស​និង​គ្រូ និង​បាន​ជួយ​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ ​ហ៊ុន សែន​រលាប្អៀរ ចំនួន​១៥០​នាក់



កំពង់ឆ្នាំង ៖ លោក ស៊ុប រ៉ា អគ្គនាយក​អន្តរជាតិ​ទទួលបន្ទុក​អាហារ​ហា​ឡា​ល់​នៃ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​នាយក​ក្លឹប​យុវជន​មូស្លីម​កម្ពុជា​បាន​ថ្លែងថា​«សិស្សានុសិស្ស​ទាំងអស់​ត្រូវ​តែ​ខិត​ខំរៀន​សូត្រ ព្រោះ​ពេលវេលា​គឺជា​មាសប្រាក់ ចំណែក​លោកគ្រូ​អ្នកគ្រូ​ជា​ដំបូល​ដែល​យើង​ជ្រក​សំរាប់​ក្រេបជញ្ជក់​យកចំណេះ​វិជ្ជា​កសាង​អនាគត​របស់ខ្លួន និង​កសាង​ជាតិ » លោក​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ជួបជុំ និង​សំណេះសំណាល​អតីត​សិស្ស​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ជាមួយ​សាស្ត្រាចារ្យ និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ជាង​២០០​នាក់ នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦​។​

លោក​បាន​បន្តទៀត​ថា មនុស្ស​គ្រប់រូប​កើតមក គ្មាន​អ្នកណា​ចេះដឹង​ខ្លួនឯង​នោះ​ទេ គឺ​ចេះ​មកពី​ប្រឹងរៀន ហើយ​ក្លាយ​ជា​អ្នកមាន​មកពី​ប្រឹងរក​។ លោក​ផ្តាំផ្ញើ​ផងដែរ​ដល់​សិស្សានុសិស្ស​ទាំងអស់​អោយ​តស៊ូ​ខិតខំ​រៀនសូត្រ ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង ព្រោះ​បញ្ហា​ទាំងអស់​នេះ​ជា​កត្តា​នាំ​ឲ្យ​បាត់បង់​ការរៀនសូត្រ បាត់បង់​អនាគត និង​ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម​។ ម្យ៉ាងទៀត​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ទើប​រៀន​សូត្រ​ពូកែ ពិសេស​ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ទើប​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មាន​សេចក្តីសុខ​។

ដោយឡែក​នៅក្នុង​ពិធី​សំណេះសំណាល​នេះដែរ សមាគមន៍​យុវជន​មូស្លីម​កម្ពុជា​និង​អតីត​សិស្ស​បាន​ជួយ​ផ្តល់​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដល់​សិស្ស​ថ្នាក់​ទី​១២​ក្នុង​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​រលាប្អៀ​រ ដែល​ប្រឡង​ជាប់​ចំនួន​១៥០​នាក់ សម្រាប់​ឆ្នាំ​សិក្សា​២០១៦ , ២០១៧​ខាងមុខនេះ និង​ក៏បាន​ជួយ​ឧបត្ថម្ភ​អណ្តូង​ស្នប់​១​គ្រឿង​ផង​ដែរ សម្រាប់​ប្រើប្រាស់​នៅក្នុង​វិទ្យាល័យ​មួយ​នេះ។

លោក ខៀវ រិទ្ធី នាយក​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​អតីត​សិស្ស​វិទ្យាល័យ​ដែល​បាន​រៀប​ចំ​ពិធី​ជួបជុំ​នេះ​ឡើង ដើម្បី​រំលឹក​គុណ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​ឲ្យ​ពួក​លោក​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ និង​មាន​ការងារ​ធ្វើ​ដ៏​ល្អ​ប្រសើរ​នៅ​ក្នុង​ពេលនេះ ទន្ទឹម​នេះដែរ​ ក៏បាន​ចូលរួម​ផ្តល់​បទពិសោធន៍​ល្អ​ៗ​ដល់​សិស្ស​ជំនាន់​ក្រោយ​នៅ​ក្នុង​វិទ្យាល័យ​ឲ្យ​ខិតខំ​រៀន​សូត្រ ដើម្បី​មាន​អនាគត​ល្អ​ប្រសើរ ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​សំបូរ​សប្បាយ​រុងរឿង ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុង​ពេល​នោះ​ដែរ អតីត​សិស្ស​ដែល​រៀន​ពូកែ​នៅ​ក្នុង​វិទ្យាល័យ​ចំនួន​២​នាក់ បាន​ឡើង​បង្ហាញ និង​ចែករំលែក​បទពិសោធន៍​ល្អៗ​នៃ​ការខិតខំ​រៀនសូត្រ​រប​ស់​ពួកគាត់​រហូត​ក្លាយជា​បណ្ឌិត និង​ជា​គ្រូ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​មាន​ប្រាក់ខែ​ខ្ពស់ ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ថា ដើម្បី​ទទួលជោគជ័យ​ក្នុង​ការ​សិក្សា ជា​ដំបូង​យើង​ត្រូវ​មាន​សុខភាព​ល្អ ជៀសវាង​គ្រឿងញៀន គ្រឿង​ស្រវឹង អំ​ពើ​អបាយមុខ​ផ្សេងៗ និង​ត្រូវ​មក​រៀនសូត្រ​ឲ្យ​ទាន់ពេល​វេលា ត្រូវ​ស្តាប់​លោកគ្រូ​អ្នកគ្រូ​ក្នុងពេល​សិក្សា ត្រូវ​មាន​ទិសដៅ និង​គោលដៅ​របស់​ខ្លួន ដោយ​រៀន​ផង​ស្រាវជ្រាវ​ផង ដើម្បី​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។

នៅ​ក្នុង​ពិធី​នេះ​ដែល​លោក ស៊ុប រ៉ា និង​អតីត​សិស្ស​បាន​ចែក​កាដូ​អនុស្សាវរីយ៍ ដល់​លោកគ្រូ​អ្នកគ្រូ​ក្នុង​វិទ្យាល័យ​ចំនួន​៦០​នាក់ ដើម្បី​ជា​ការ​ដឹងគុណ​គ្រូ​ដែល​បាន​ខិតខំ​ផ្តល់​ចំណេះដឹង​ឲ្យ​ពួកគាត់​មាន​អ​នា​គតល្អ និង​មាន​ការងារ​ធ្វើ​ដ៏​ប្រសើរ​នៅ​ក្នុង​ពេលនេះ​៕

អតីត​សិស្ស​ធ្វើ​ពិធី​ជួបជុំ​សិស្ស​និង​គ្រូ និង​បាន​ជួយ​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ ​ហ៊ុន សែន​រលាប្អៀរ ចំនួន​១៥០​នាក់ អតីត​សិស្ស​ធ្វើ​ពិធី​ជួបជុំ​សិស្ស​និង​គ្រូ និង​បាន​ជួយ​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ ​ហ៊ុន សែន​រលាប្អៀរ ចំនួន​១៥០​នាក់