តារា​សម្ដែង​តួ​ប៉ាជេ ធ្លាប់​គិត​បោះ​បង់​អាជីព​ទៅ​លក់​ប្រហិត​វិញ

ជីវិត​របស់​តារា​ដែល​​មើល​ទៅ​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គល​នោះ​គឺ​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​វា​បង្ហាញ​នៅ​លើ​ទូរទស្សន៍​នោះ​ទេ។

 

នៅ​ក្នុង​រង្វង់​សិល្បៈ​ប្រមាណ ៣០ ឆ្នាំ តារា​សម្ដែង​ល្បី​ឈ្មោះ​ហុងកុង Wayne Lai បាន​ពុះពារ​អស់​ឧបសគ្គ​ជា​ច្រើន​ទម្រាំ​ទទួល​បាន​ជោគជ័យ​ដូច​សព្វ​ថ្ងៃ។ នៅ​ពេល​ចូល​សិល្បៈ​ដំបូង​តារា​ប្រុស​រូប​នេះ​ត្រូវ​គេ​ប្រគល់​ឲ្យ​ដើរ​តួ​កំប៉ិកកំប៉ុក​ដែល​គ្មាន​អ្នក​ណា​ស្គាល់​មុខ។ រហូត​ដល់​ឆ្នាំ ២០០៩ ជីវិត​របស់​តារា​អាយុ ៥១ ឆ្នាំ​ទើប​បាន​ប្រសើរ​ឡើង​ក្រោយ​ពេល​បាន​ដើរ​តួ​ឯក​ជា​លើក​ដំបូង​ក្នុង​រឿង “Rosy Business”។ រឿង​ភាគ​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​ជា​ខ្លាំង​ពី​សំណាក់​ទស្សនិកជន។ ចាប់​តាំង​ពី​ពេល​នោះ​មក Wayne បាន​រក​ឃើញ​សុភមង្គល​នៅ​ក្នុង​អាជីព​របស់​ខ្លួន។

 

តារា​សម្ដែង​តួ​ប៉ាជេ ធ្លាប់​គិត​បោះ​បង់​អាជីព​ទៅ​លក់​ប្រហិត​វិញ

នៅ​ក្នុង​បទ​សម្ភាសន៍​តារា​រៀម​ច្បង​របស់​ប៉ុស្តិ៍​ទូរទស្សន៍ TVB បាន​ចែក​រំលែក​ថា៖ “នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ធ្លាប់​ចង់​បោះ​បង់​ចោល​អាជីព​សម្ដែង​នេះ​​ជា​​ច្រើន​ដង។ លើក​ទី​មួយ​គឺ​នៅ​ពេល​ខ្ញុំ​ចូល​សម្ដែង​បាន​ប្រាំ​ឆ្នាំ។ នៅ​ពេល​នោះ កុងត្រា​របស់​ខ្ញុំ​ និង TVB បាន​ផុត ហើយ​ការងារ​របស់​ខ្ញុំ​នៅ​មួយ​កន្លែង​គ្មាន​អ្វី​ទៅ​មុខ បាន​ដើរ​ត្រឹម​តួ​អង្គ​កំប៉ិកកំប៉ុក​។ ដូច​នេះ​ហើយ​ខ្ញុំ​បាន​គិត​ថា​នឹង​មិន​ចុះ​កុងត្រា​បន្ត​ទៀត​ទេ​ហើយ​ទៅ​លក់​ប្រហិត​ឬ​ធ្វើ​ការ​នៅ​ផ្សារ​ទំនើប​វិញ។ នៅ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​ពេល​នោះ​បាន​គិត​ថា ការ​ងារ​អ្វី​ក៏​បាន​ដែរ​ឲ្យ​តែ​មាន​ចំណូល​គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ​សម្ដែង​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​ហើយ​វា​មាន​ន័យ​ពិសេស​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ចុង​បញ្ចប់​ខ្ញុំ​នៅ​តែ​បន្ត​អាជីព​សម្ដែង​ដដែល”។

 

តារា​សម្ដែង​តួ​ប៉ាជេ ធ្លាប់​គិត​បោះ​បង់​អាជីព​ទៅ​លក់​ប្រហិត​វិញ
Wayne បាន​នឹក​ដល់​កាល​ពី​ខ្លួន​នៅ​ក្មេង​ហើយ​ទទួល​ស្គាល់​ថា​លោក​មាន​អារម្មណ៍​ត្រូវ​គេ​​មិន​ទុក​ចិត្ត​ខ្លួន។ “នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី TVB ក្នុង​ឆ្នាំ ១៩៩៨ ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ធ្វើ​អ្វី​ដែល​ប្រសើរ​ជាង​នេះ។ មនុស្ស​យើង​តែងតែ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ខ្ពស់​ជាង​អ្នក​ដទៃ តែ​ខ្ញុំ​ជឿជាក់​ថា​វិថី​ដែល​យើង​ដើរ​គឺ​ត្រូវ​កំណត់​ដោយ​ព្រះ​រួច​ទៅ​ហើយ”។ តារា​សម្ដែង​ធ្លាប់​លើក​ពាន​តារា​ឯក​ប្រុស​ TVBបី​ដង​បន្ថែម៕

 

ចុចអាន៖ មើល​មុខ​តារា​ល្បីៗ​ទាំង​នេះ​​កាល​ពី​ក្មេង​ហើយ​ សឹង​មិន​ជឿ​ថា​​ពួក​គេ​អាច​ស្អាត​ដូច​ឥឡូវ​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars