សំណង់​អត់​ច្បាប់​មួយ​នៅ​ច្រាំង​ទន្លេ​ត្រូវ​បាន​អាជ្ញាធរ​កម្ទេច​ចោល

សំណង់​អត់​ច្បាប់​មួយ​នៅ​ច្រាំង​ទន្លេ​ត្រូវ​បាន​អាជ្ញាធរ​កម្ទេច​ចោល



រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខណ្ឌ​ជ្រោយចង្វា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា បាន​ចុះ​រុះរើ​សំណង់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទី​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដែល​បាន​សាងសង់​រំលោភ​លើ​ច្រាំង​ទន្លេមេគង្គ​ពុំ​មានច្បាប់​អនុញ្ញាត និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ស្ថានីយ​បូមទឹក ទល់មុខ​រោងចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយចង្វា ដែល​បង្ក​អោយ​ខូចគុណភាព​ទឹក​ស្អាត​សម្រាប់​ផ្គត់ផ្គង់​ជូន​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ។

ប្រតិបត្តិការ​រុះរើ​សំណង់​អត់​ច្បាប់​នេះ ដឹកនាំ​ដោយ​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី និង​លោក ហ៊ុយ សា​រុណ អភិបាលរង​ខណ្ឌ​ជ្រោយចង្វា ព្រមទាំង​មានការ​ចូលរួម​ពី​អគ្គនាយករង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ផង​ដែរ ។ សំណង់​ដែល​សង់​រំលោភ​ត្រូវ​អាជ្ញាធរ​ប្រើ​វិធានការ​រដ្ឋបាល​នោះ​មាន​ម្ចាស់​ឈ្មោះ ជា ស៊ុន​ហាក់ ។

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បានអោយ​ដឹង​ថា ការ​ចុះ​រុះរើ​សំណង់​នោះ ធ្វើ​ឡើង​តាម​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ខាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ប្តឹង អោយ​ជួយ​អន្តរាគមន៍ ។

អាជ្ញាធរ​អោយ​ដឹង​ទៀត​ថា កន្លង​មក​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បាន​ចេញ​សេចក្តីជូនដំណឹង​អោយ​ម្ចាស់ រុះរើ​សំណង់​របស់​ខ្លួន​ដោយ​ខ្លួនឯង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​ម្ចាស់​ពុំ​ព្រម​ស្តាប់​តាម​ការ​ណែនាំ ទើប​អាជ្ញាធរ​ប្រើ​វិធានការ​រដ្ឋបាល ដោយ​ប្រើ​កម្លាំង​សមត្ថកិច្ច​និង​គ្រឿងចក្រ​ចុះ​មក​រុះរើ​តែ​ម្តង ។

នៅ​ព្រឹក​នោះ គេ​ឃើញ​អាជ្ញាធរ​បាន​ធ្វើការ​វាស់វែង និង​បាញ់ថ្នាំ​ត្រង់​ចំណុច​រំលោភ​ហើយ​ប្រើ​គ្រឿង​ចក
ខ្វេះ​កាយ​កម្ទេច​សំណង់​នោះ​តែ​ម្តង ។ ទោះបី​ម្ចាស់​បាន​ស្នើ​សុំ​រុះរើ​ដោយ​ខ្លួនឯង ក៏​គណៈកម្មការ​ពុំ​ុ​យល់
ព្រម​ដែរ ព្រោះ​គាត់​មិន​គោរព​ច្បាប់​។

លោក ហាក់ វិ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង នៃ​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​បានអោយ​ដឹង​ថា រោងចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយ​ចង្វា​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៨៩៥​មក​ម្លេះ​។ នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល​មាន​គម្រោង​ពង្រីក​សមត្ថភាព​ផលិត ។ លោក ឯក សុ​ន​ចាន់ ដែល​កាល​ណោះ​ជា​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ធ្វើ​លិខិត​ទៅ​សាលា​ខណ្ឌឫស្សីកែវ ដើម្បី​អោយ​អ​ន្គ​រាគ​មន៍​ប្តូរ​ទីតាំង​សា​ឡង់ ដែល​ចត​នៅ​ជាប់​ផ្នែក​ខាងត្បូង​រោងចក្រ​ផលិត​ទឹក​ស្អាត ។ លុះ​ក្រោយមក សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ម្ចាស់​សា​ឡង់ និង​ខាង​រដ្ឋាករទឹក​ស្វយ័ត​ទៅ​ជួប​ដោះស្រាយ និង​បាន​ណែនាំ​អោយ​ម្ចាស់​សា​ឡង់​យក​ចេញ តែ​ម្ចាស់​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​ឡើយ ។

លុះ​ក្រោយមក​នៅ​ឆ្នាំ​២០១៤ លោក ជា ស៊ុន​ហាក់ ក៏​បាន​សង់​ជា​សំណង់​រំលោភ​លើ​ច្រាំង​ទន្លេ​ទៀត ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ស្ថានីយ​បូមទឹក ។ ខណៈនោះ​ខាង​រដ្ឋាករទឹក​ស្វយ័ត ក៏​បាន​ប្តឹង​មក​អាជ្ញាធរ​អោយ​ជួយ​អន្តរាគមន៍​ហើយ​ត្រូវ​បាន​លោក ជា ស៊ុន​ហាក់ មិន​ស្តាប់​នៅ​តែ​បន្ត​សាងសង់​រហូត​ដល់​រួចរាល់ ទើប​អាជ្ញាធរ​ចុះ​មក​វាយ​កម្ទេច​ចោល​តែ​ម្តង ។

លោក ហាក់ វិ​ទ្ធី ក៏​បាន​បន្ត​ទៀត​ថា សំណង់​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ចរន្តទឹក​ហូរ អោយ​វិលវល់ និង​ធ្វើ​ឲ្យ​ដីដុះ ខ្សាច់​រាក់ ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សមត្ថភាព​ផលិត​ទឹក​ស្អាត​ថយ​ចុះ មិន​ដល់​១៣​ម៉ឺន​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​ផង​ដែរ ៕