លើកគ្នា​តវ៉ា​ប្រឆាំង​បណ្តឹង​យក​ដី​កំពុង​រស់នៅ

លើកគ្នា​តវ៉ា​ប្រឆាំង​បណ្តឹង​យក​ដី​កំពុង​រស់នៅ



ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជិត​២០០​នាក់​មក​ពី​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា បាន​លើកគ្នា​ទៅ​កាន់​សាលាក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់ បន្ទាប់​ពី​មាន​បុគ្គល​២​រូប
បាន​ដាក់​បណ្តឹង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សុំ​ដីកា​ក្សា​ការពារ​លើ​ដី​ដែល​ពូក​គាត់​រស់នៅ ហើយ​ថែម​ទាំង​កោះហៅ​ពួក​គាត់​មួយ​ចំនួន​ឲ្យ​ចូលខ្លួន​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត​ផង ។

ក្រុម​អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ពួក​គាត់​មាន​ចំនួន​៥៨៩​គ្រួសារ រស់នៅ​ភូមិ​ព្រៃ​ព្រិច​នោះ​តាំងពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​បុគ្គល​២​នាក់ មាន​ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ បាន​ចេញ​មុខ​មក​ដាក់​បណ្តឹងសុំ​ដីកា​ក្សា​ការពារ​ពី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អះអាង​ថា ដី​ដែល​ពួក​គាត់​មួយ​ចំនួន​កំពុង​រស់នៅ​ប៉ះ​លើ​ដី​របស់​គេ​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ (​ប្លង់​រឹង​) រួច​ហើយដោយ​អះអាង​ថា គ្នា​ពួក​គាត់​ចំនួន​១៧​នាក់​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ទៀត​ផង ។ ក្រុម​ពលរដ្ឋ​បន្ត​ថា ដីកា​កោះហៅ​នោះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​២​ដង​ក្នុង​ខែមីនា​នេះ​ដោយ​កាលពី​ថ្ងៃ​ទី​១៨ មីនា ត្រូវ​បាន​កោះហៅ​ចំនួន​៧​នាក់ និង​កាលពី​ថ្ងៃ​ទី​២៤ មីនា បាន​កោះហៅ​អ្នក​ភូមិ​ចំនួន​១០​នាក់​ទៀត ។

ពេល​ពលរដ្ឋ​លើកគ្នា​មក​រក​អាជ្ញាធរ​ឲ្យ​ជួយ ឃើញ​មាន​តែ​មន្ត្រី​សាមញ្ញ​របស់​សាលាក្រុង ដែល​ហៅ​ពលរដ្ឋ​ចូល​សាល​ប្រជុំ ចំណែក​មន្ដ្រី​ថ្នាក់ដឹកនាំ​ដូច​ជា អភិបាលរង ឬ​អភិបាលក្រុង មិនឃើញ​មាន​វត្តមាន​ទេ ។ ក្នុង​ជំនួប​ប្រជុំ ភាគី​ខាង​ដើមចោទ គេ​ឃើញ​មាន​មេធាវី ក្នុង​នោះ​ក៏​មាន​ទាំង​មន្ត្រី​មក​ពី​សាលាដំបូង​ខេត្ត​ផង​ដែរ​។ ក្រុម​ពលរដ្ឋ​និយាយ​ថា ក្នុង​កិច្ចប្រជុំ​ក្រៅពី​អ្នកមាន​ដីកាកោះ គេ​មិន​អនុញ្ញាតិ​ឲ្យ​និយាយ​អ្វី​នោះ​ទេ ។ ពួក​គាត់​បន្ត​ថា​បុរស​២​នាក់​ដែល​ប្ដឹង​ពលរដ្ឋ​១៧​គ្រួសារ​នោះ​មិន​បាន​ចេញ​មុខ​ទេ ហើយ​ក្នុង​បណ្តឹង​នោះ​គេ​មិន​ដាក់​ពី​ទំហំ​ដី​ទេ ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារ​ម្ម​ខ្លាច​ថ្ងៃក្រោយ​ប៉ះ​ដល់​ពួក​គាត់ ទើប​លើកគ្នា​មក​សាលាក្រុង​ទាំង​ភូមិ​តែ​ម្តង​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ ។

លោកស្រី​ហុ​ក លឿម មេ​ភូមិ​ព្រៃ​ព្រិច​ដែល​បាន​ទៅ​កាន់​សាលាក្រុង​ព្រោះតែ​ព្រួយបារម្ភ ពី​ការ​បាត់បង់​ដី​ដែរ​នោះ បាន​ប្រាប់​ថា ពលរដ្ឋ​ក្នុងភូមិ​គាត់​ចំនួន​១៧​នាក់ ត្រូវ​បាន​គេ​ប្តឹង​ទៅ​តុលាការ​សុំ​ដីកា​រក្សា​កា​ពារ មិន​ឲ្យ​ពលរដ្ឋ​របស់​គាត់​ធ្វើ​អ្វី​លើ​ដី​ដែល​កំពុង​រស់នៅ​ឡើយ​។ មិនតែប៉ុណ្ណោះ​អ្នក​ភូមិ​ទាំង​១៧​នាក់​នោះ​ត្រូវ​បាន​គេ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ទៀត​។ មេ​ភូមិ​រូប​នេះ​បន្ត​ថា​ពលរដ្ឋ​៥៨៩​គ្រួសារ​លើកគ្នា​ទៅ​សាលាក្រុង​ក្នុង​បំណង​ប្រាប់​អាជ្ញាធរ​ថា ពួក​គាត់​មិន​បាន​រស់នៅ​លើ​ដី​អ្នក​ណា​នោះ​ទេ ធាតុ​ពិតជា​ដី​ដែល​ទទួល​បាន​ដោយ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល សម្រេច​តាម​រយៈ​គណៈកម្មការ​ខេត្ត​ប្រគល់​ឲ្យ​ពួក​គាត់​នា​ពេល​កន្លង​មក ថែម​ទាំង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​គ្រប់​គ្រួសារ​អស់​ទៅ​ហើយ ។

ចំពោះ​ភាគី​ដើមបណ្តឹង​ទាំង​២​រូប​ខាងលើ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។ ប៉ុន្តែ​មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ហាក់​មាន​ប្រតិកម្ម​តប​នឹង​គេហទំព័រ​កោះសន្តិភាព​ក្រោយ​ពី​មានការ​បង្ហោះ ដោយ​បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ​ចេញ​សំដី​ថា «​សរសេរ​ឲ្យ​ត្រូវ​ណា​ប្រយ័ត្ន​គេ​ប្តឹង​» ទោះជា​ឃើញ​ថា មានការ​ព្រមាន​បែប​នេះ​ក្ដី ក៏​បុគ្គល​រូប​នោះ​មិន​បាន​ធ្វើការ​បំភ្លឺ​បែប​ណាមួយ​នោះ​ទេ ទាក់ទិន​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ ។

ប្រភព​ពី​ក្រុម​អ្នក​តវ៉ា​ប្រាប់​ថា មនុស្ស​មួយ​ក្រុម​នោះ​ជា​បក្ខពួក​ខាង​ដើមបណ្តឹង ។ អាជ្ញាធរ​ក្រុង​ដែល​មក​ដល់​បន្ទប់​ប្រជុំ​ទាន់ដង្ហើម​ចុង​ក្រោយ​បន្តិច​នោះ មិន​បាន​និយាយ​អ្វី​ឲ្យ​ស៊ីជម្រៅ​ទេ បាន​ត្រឹមតែ​សុំ​អាជ្ញាធរ​ភូមិ​ធ្វើ​របាយការណ៍​ឱ្យ​តែ​ប៉ុណ្ណោះ ៕