រឿង​ឈូស​យក​ភ្នំ​ពក យក​ដីស្រែ​អ្នកស្រុក បែក​ពាង​ប្រហុក​ហើយ

រឿង​ឈូស​យក​ភ្នំ​ពក យក​ដីស្រែ​អ្នកស្រុក បែក​ពាង​ប្រហុក​ហើយ



ខេត្តកោះកុង ៖ បន្ទាប់​ពី​កោះសន្ដិភាព បាន​ផ្សាយ​មួយ​ឈុត​រឿង​មន្ដ្រី​ធំ​២​នាក់​ជាប់ចោទ​ឈូស​ភ្នំ​ពក រំលោភ​យក​ដី​អ្នក​ភូមិ​រាប់រយ​ហិ​កតា​រួច​មក ឥឡូវ​រឿង​សង្ស័យ​អាស្រូវ ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​នោះ ប្រៀប​ដូច​ពាង​ប្រហុក​បែកធ្លាយ ជះក្លិន​តែ​ម្ដង ដែល​សង្ស័យ​ថា​បាន​ឃុបឃិត​រៀបចំ​ដី​លក់​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ ដោយ​ចង់​ប្រមូល​ទិញ​ថោក​លក់​ថ្លៃ ។ បើ​មិន​ចង់​លក់​ថោក​ឱ្យ​ទេ រួម​គ្នា​ឈូស​យក​តែ​ម្ដង ថ្ងៃក្រោយ​ឱ្យ​រាង !

មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ តៃ​ហ្វើ (​ខេ​ម​បូ​ឌា​) ដែល​ទើបតែ​លើក​ប៉ាយ​របស់​ខ្លួន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ហើយ​កំពុង​ឈូស​ឆាយ​ផ្លូវ​តម្រង់​ទៅ​ចំណុច​ភ្នំ​ពក​តែ​ម្ដង ដែល​អ្នកស្រុក​និយាយ​ថា មាន​ឈ្មួញកណ្ដាល​ជាម​ន្ដ្រី​ធានា​ថា​នឹង​រក​ផ្ទៃដី​ឱ្យ​បាន​គ្រប់​ចំនួន តាម​តម្រូវការ​របស់​ក្រុមហ៊ុន ។ បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​បញ្ជាក់​ថា ក្រុមហ៊ុន​តៃ​ហ្វើ (​ខេ​ម​បូ​ឌា​) ត្រូវការ​ផ្ទៃដី​រាប់​ពាន់​ហិ​កតា​ឯណោះ ជុំវិញ​តំបន់​ភ្នំ​ពក ។

ពាក់​ព័​ន្ទ​នឹង​ការ​ធ្លាយ​រឿងអាស្រូវ​ទាំងនេះ លោក ឈុ​ន ឈិ​ន ជា​ប្រធាន​ភូមិ​សា​រ៉ា​យ ដែល​គ្រប់គ្រង​ភ្នំ​ពក​នេះ​ផ្ទាល់ បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ មីនា នេះ​ថា រូប​លោក​ជា​មុខសញ្ញា​ដែល​ទទួល​រង​ការ​គំរាមកំហែង​មុនគេ ដោយសារ​តែ​រូប​លោក​មិន​ព្រម​បដិសេធ​ចំពោះ​ពលរដ្ឋ​៨៥​គ្រួសារ ដែល​មាន​ផ្ទៃដី​ជើងភ្នំ​ពក​១០០​ហិ​កតា ។ លោក​ថា បង្ខំ​ឱ្យ​លោក​បដិសេធ​ម៉េច​កើត បើ​ដី​នោះ​ជា​ដីស្រែ​ពលរដ្ឋ​របស់​លោក ។ 

លោក ឈុ​ន ឈិ​ន បញ្ជាក់​ទៀត​ថា ដើម​ឡើយ​ក្រុមហ៊ុន​ចិន​ខាងលើ​ត្រូវការ​ដី​ជា​ច្រើន​ពាន់​ហិ​កតា នៅ​ក្នុងភូមិ​សា​រ៉ា​យ និង​ភូមិ​ឈើ​នាង ឃុំ​ជ្រោយ​ស្វាយ ពេល​នោះ​ក៏​លេចមុខ​មន្ដ្រី​២​រូប គឺ​លោក​រដ្ឋលេខាធិការ ភឿ​ង សុ​ភ័​ណ្ឌ និង​លោក សួន មាន ចូល​មក​ឈូស​ឆាយ និង​កាន់កាប់​ដី​ខ្នងភ្នំ​ពក ពាក់កណ្ដាល​ម្នាក់ តែ​ដោយ​ផ្ទៃដី​ភ្នំ​ពក​មិន​គ្រប់​តាម​តម្រូវការ ពួក​គេ​បាន​ប្រើ​មនុស្ស​ម្នាក់​ឈ្មោះ ឆ​ន ម៉ៅ ជាម​ន្ដ្រី​ភូមិបាល​ស្រុកស្រែ​អំបិល ដើរ​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ថោក​ៗ ក្នុង​មួយ​ហិ​កតា​តម្លៃ​ពី​៣០០​ដុល្លារ​ទៅ​៥០០​ដុល្លារ ។ លោក​ថា តែ​តម្លៃ​ក្រុមហ៊ុន​ចិន​ទិញ​ពិតប្រាកដ គឺ​១.៥០០​ដុល្លារ​ក្នុង​មួយ​ហិ​កតា ។ លោក​ប្រធាន​ភូមិ​បញ្ជាក់​ប្រាប់​ទៀត​ថា ដោយ​មើលឃើញ​ការ​កិបកេង​លើ​ញើស​ឈាម​ពួក​គាត់​ច្រើន​ពេក ពលរដ្ឋ​ទាំង​៨៥​គ្រួសារ​ខាងលើ​បដិសេធ​មិន​ព្រម​លក់ ព្រោះ​ក្រុមហ៊ុន​ឱ្យ​១.៥០០​ដុល្លារ​ទៅ​ហើយ​មួយ​ហិ​កតា រឿង​អី​មន្ដ្រី​ឈ្មួញកណ្ដាល​អាង​អំណាច​ឱ្យ​ថ្លៃ​តែ​៣០០​ទៅ​៥០០​ដុល្លារ ។ ដោយ​ទិញ​ដី​ពលរ​ដ្ន​មិន​បាន ពួក​គេ​បាន​ប្រើ​វិធី​គម្រាម​វិញ​ម្ដង​ថា ដី​ពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ប្លង់​រឹង​របស់​ពួក​គេ ដូច្នេះ​គេ​ត្រូវ​តែ​ឈូស​ឆាយ​យក​តែ​ម្ដង ហើយ​បាន​បញ្ជា​ឱ្យ​ជំទប់​ទី​មួយ ឃុំ​ជ្រោយ​ស្វាយ​ឈ្មោះ ព្រំ ន​ន ដែល​ជា​មេឃុំ​ស្ដីទី​ចេញ​លិខិត​ជូនដំណឹង​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ ថា ដី​ភ្នំ​ពក សាលាឃុំ​មិន​ស៊ី​ញ៉េ​ឱ្យ​លក់ដូ ឬ​ផ្ទេរសិទ្ធិ​កាន់កាប់​ឡើយ ។ នេះ​ជា​លិខិត​ដើម្បី​គាប​ពលរដ្ឋ​កុំឱ្យ​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង ។ ប៉ុន្តែ​បើ​ពលរដ្ឋ​ណា​ព្រម​លក់​តាម​តម្លៃ​ពួក​គេ​ឱ្យ គេ​ក៏​ទិញ​យក​ដែរ ។ លោក​ថា គឺ​ធ្វើ​មើល​តែ​អ្នកស្រុក​សបាយ​ត្រឡោក ។

លោក​មេ​ភូមិ ឈុ​ន ឈិ​ន បាន​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ភាព​ចម្រូងចម្រាស់​បញ្ហា​ដីធ្លី​បែប​នេះ​ពី​មុន​មក ទើប​មេឃុំ​ចាស់​ឈ្មោះ ហា​យ ស៊ី​ន ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ កាលពីដើម​ឆ្នាំ​២០១៥ ហើយ​ឡើង​ជំទប់​ទី​១-​ឈ្មោះ ព្រំ ន​ន ជា​មេឃុំ​ស្ដីទី ។ មេ​ភូមិ​បញ្ជាក់​ទៀត​ថា ទំនង​ដោយ​ខ្លាច​ជាប់គុក​ដូច​មេឃុំ​ចាស់ ទើប​មេឃុំ​ស្ដីទី​ឈ្មោះ ព្រំ ន​ន សុខចិត្ត​ធ្វើ​តាម​បញ្ជា​មន្ត្រី​ដែល​ជា​ឈ្មួញកណ្ដាល ហើយ​គេច​មុខ​ពី​ប្រជាពលរដ្ឋ ខណៈ​ដែល​ពលរដ្ឋ​ចូល​ទៅ​សាលាឃុំ​សុំ​ហត្ថលេខា​មេឃុំ​ស្ដីទី​លក់​ដី​ឱ្យ​អ្នក​ផ្សេង ដែល​គេ​ហ៊ាន​ទិញ​បាន​ថ្លៃ​ជាង ។ ដោយ​ខ្លាច​បាត់បង់​ប្រាក់​ចំណេញ ក៏​គំរាម​ថា ជា​ដី​រដ្ឋ​មិន​អាច​លក់ដូរ​បាន ។

លោក​ប្រធាន​ភូមិ ឈុ​ន ឈិ​ន បញ្ជាក់​ទៀត​ថា ផ្ទៃដី​ពលរដ្ឋ​ទាំង​៨៥​គ្រួសារ គាត់​មាន​លិខិត​លក់​ទិញ​ត្រឹមតែ​មេ​ភូមិ​ប៉ុណ្ណោះ តាំងពី​១០​ឆ្នាំ​មុន គាត់​បាន​ធ្វើ​ស្រូវចម្ការ​ជា​រៀង​រាល់​ឆ្នាំ ។ លុះដល់​ឥឡូវ​លោក ភឿ​ង សុ​ភ័​ណ្ឌ លោក សួន មាន លោក ឆ​ន ម៉ៅ គំរាម​ថា មាន​ប្លង់​រឹង ប៉ុន្តែ​ពលរដ្ឋ​លើក​ឡើង​ថា ឱ្យ​មន្ដ្រី​នោះ​យក​ប្លង់​រឹង​មក​បង្ហាញ បែរ​អត់​ឃើញ​មាន​ទៅ​វិញ ។

លោក រស់ វី​រ៉ា​វុ​ឌ្ឍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់ បាន​ប្រាប់​កោះសន្តិភាព នៅ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មីនា ២០១៦ នេះ​ថា លោក​អត់​បានដឹង​ពី​ការ​រំលោភ​យក និង​ឈូស​ឆាយដី​ភ្នំ​នេះ​ទេ ម្យ៉ាងទៀត ដី​ភ្នំ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជំនាញ​រ៉ែ និង​ថាមពល ។

អ្នក​យក​ព័ត៌​មាន​យើង​​បាន​ទាក់ទង​ទៅ​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ។ បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក ភឿ​ង សុ​ភ័​ណ្ឌ ដែរ តែ​ទូរស័ព្ទ​រោ​ទិ៍​ចោល អត់​មាន​អ្នក​លើក​ទទួល ម្ល៉ោះហើយ​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​តួ​ឯ​ក្នុង​រឿង​នេះ​បាន​ឡើយ ។

ក្រុម​អ្នកវិភាគ​យល់​ថា ដំណោះស្រាយ ល្អ​មាន​តែ​មួយ​ទេ គឺ​ហាមឃាត់​អ្នក​ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ភ្នំ​ពក និង​កុំឱ្យ​ឈូស​ដីស្រែ​ពលរដ្ឋ​ទៅ វា​ចប់​ទៅ​ហើយ ទុក​ភ្នំ​ពក​ជា​សម្បត្ដិ​របស់​រដ្ឋ ។

ឱ ! ឈ្មួញកណ្ដាល​អើយ​... សម័យ​តេ​ជោ​សែន​ទៅ​ហើយ​... អ្នកស្រុក​ស្រែ​ចម្ការ​លែង​ល្ងង់​ដូច​មុន​ហើយ​...

នយោបាយ​ទិញ​ថោក លក់​ថ្លៃ​... ទិញ​មិន​បាន​នាំ​គ្នា​ឈូស​យក​... លក់​មិន​លក់​ហី​ទៅ​បែប​នេះ​... មិន​ទទួល​បាន​ជោគជ័យ​ទេ​... សង្ស័យ​បែក​ពោះ​ខ្លួនឯង​ក៏​មិនដឹង​... ហេ ! ហេ !