លោក Raoul-Marc Jennar៖ CPP មាន​កំហុស ដោយសារតែ​មិនបាន​ស្តាប់​ពលរដ្ឋ​គ្រប់គ្រាន់​

​លោក Raoul-Marc Jennar គឺជា​អតីត​ទីប្រឹក្សា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​កម្ពុ​ជា​។ អ្នកជំនាញ​វិទ្យា​ស្ត្រ​នយោបាយ​ជនជាតិ​ប៊ែ​ល​ហ្សី​ក​រូបនេះ បានផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​ដល់​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ ស្តីអំពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​ដែល​សម្រេច​ដោយ​សម្តេច ហ៊ុន សែន និង​កំហុស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម​។ ជាទី​ប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា លោក Raoul-Marc Jennar មិនបាន​ខ្លាច​រិះគន់​គណបក្សកាន់អំណាច​នេះឡើយ​។

សូម​លោក​អ្នកអាន​បទសម្ភាសន៍​ដូចខាងក្រោម​នេះ​៖

​លោក គី សុខ​លីម​៖ ទាក់ទង​នឹង​គម្រោង​រុះរើ​គណៈរដ្ឋមន្ត្រី មតិ​មួយចំនួន​បន្ទាប់ពី​បានឃើញ​សមាសភាព​នៃ​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ពី​ក្រសួង​ទៅ​ក្រសួង​មួយ បាន​អត្ថាធិប្បាយ វា​គ្រាន់តែ​ទម្រង់​តែប៉ុណ្ណោះ ប៉ុន្តែ​វា​មិនមាន​ខ្លឹមសារ​នោះឡើយ​។ តើ​លោក​យល់​យ៉ាងណាដែរ​?

​លោក Raoul-Marc Jennar៖ តាមពិត​ការរុះរើ​គណៈរដ្ឋមន្ត្រី វា​ជា​ទិដ្ឋភាព​ផ្លូវការ​មួយ​នៅក្នុង​រដ្ឋាភិបាល​មួយ ដោ​យេ​ហ​តុ​ថា គេ​ត្រូវ​ដោះដូរ​ឥស្សរជន​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ជា​រឿង​ធម្មតា​។ ប៉ុន្តែ​គេ​ត្រូវ​តាមដាន​មើលថា​មាន​អ្វី​នៅក្រោយ​ការរុះរើ​នេះ​។ យើង​អាច​មើល​ព្រឹត្តិការណ៍​ក្នុង​ទិដ្ឋភាព​វិជ្ជមាន​។ សម្តេចនាយក​រដ្ឋមន្ត្រី​ប្រហែល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សមាជិក​រដ្ឋាភិបាល​មួយចំនួន​ដែល​បានធ្វើ​ការងារ​យ៉ាង​ល្អ​នៅក្នុង​ក្រសួង​របស់​ពួកគេ​។ ខ្ញុំ​យក​ឧទាហរណ៍​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ហើយ​ដែល​នឹង​ក្លាយជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។ គាត់​បានធ្វើ​កំណែទម្រង់​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​ទៅតាម​អ្វីដែល​គួរតែ​ត្រូវធ្វើ​។ ឥឡូវ​ការងារ​កែទម្រង់​ក្រសួង​នេះ គឺ​ចប់​អស់ហើយ​។ ដូច្នេះ​វា​នៅសល់តែ​ការអនុវត្ត​ការងារ​ជាក់ស្តែង​ប្រចាំថ្ងៃ​ដែល​អ្នកផ្សេង​អាចមក​គ្រប់គ្រង ដឹកនាំ​បន្តបាន​។ ដូចគ្នានេះដែរ លោក ប្រាក់ សុខុន កន្លងមក​បានរៀបចំ​កែទម្រង់​ការងារ​ចាំបាច់​ជាច្រើន​នៅក្នុង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​ឥឡូវនេះ​ការងារ​កែទម្រង់​បាន​ចប់សព្វគ្រប់​ហើយ ហើយក៏​ព្រោះតែ​លោក ហោ ណាំហុង យល់ព្រម​ចូលនិវត្តន៍​ដែរនោះ ដូច្នេះ​ក្រសួងការបរទេស​ត្រូវ​មាន​អ្នកដឹកនាំ​ថ្មី​ដែលមាន​ពិសោធន៍​។ លោក ប្រាក់ សុខុន ធ្លាប់ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​។ លោក​បាន​បង្ហាញថា លោក​ចេះ​រៀបចំ​ដឹកនាំ​ក្រសួង ហើយ​លោក​ក៏​ជា​ឥស្សរជន​ថ្មី​មួយ​នៅក្នុង​ការរុះរើ​គណៈរដ្ឋមន្ត្រី​នេះ​។​

​ខ្ញុំ​យល់បាន​ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​ម្តងៗ តែងតែ​ទទួលបាន​រិះគន់ ហើយ​ថា​ការរុះរើ​គណៈរដ្ឋមន្ត្រី វា​គឺជា​លំ​ហាត់​ដ៏​ពិបាក និង​ស្មុគស្មាញ ពីព្រោះ​វា​តែង​គ្មាន​តុល្យភាព​នៅក្នុង​រដ្ឋាភិបាល​នីមួយៗ​ក្នុង​ពិភពលោក​។ ហើយ​យើង​ក៏​មិនអាច​ផ្លាស់ប្តូរ​ដោយ​ងាយ​នូវ​អតុល្យភាព​នេះដែរ​។​

​ប៉ុន្តែ​ខ្ញុំ​ចង់​និយាយថា សូម​កុំអាល​កាត់សេចក្តី​ដោយ​ការគិត​ទុកជាមុន​។ យើង​កុំ​ចាំតែ​ចាប់កំហុស​។ យើង​ត្រូវ​កាត់សេចក្តី​ទៅលើ​លទ្ធផល ដែល​វា​នឹង​ហុច​ឲ្យ​នៅក្នុង​ដំណើរការ​ថ្មី​នេះ​។​

​លោក គី សុខ​លីម​៖ ខ្ញុំ​ចង់​ត្រឡប់​ទៅក្រោយ​វិញ​បន្តិច​។ លោក​បានលើកឡើង​ពី​លោក ស៊ុន ចាន់ថុល​។ សំណួរ​របស់ខ្ញុំ​គឺថា បើ​លោក ស៊ុន ចាន់ថុល ស្គាល់​ការងារ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ច្បាស់​យ៉ាងនេះ គាត់​គួរតែ​នៅ​បន្តធ្វើ​កិច្ចការ​ក្នុង​ក្រសួង​នេះ​ទៀត​។ ចុះ​ហេតុអ្វី​បានជា​ត្រូវ​ដូរ​គាត់​ទៅ​ក្រសួង​ផ្សេង​?

​លោក Raoul-Marc Jennar៖ ពីព្រោះ គាត់​បានធ្វើ​កិច្ចការ​កែទម្រង់​របស់​ក្រសួង​នេះ​រួចរាល់​ហើយ​។ លោក​ដឹង​ទេ តើ​អ្វី​ជា​ក្រសួងពាណិជ្ជកម្ម​? ក្រសួងពាណិជ្ជកម្ម​គឺជា​កន្លែង​ដែល​ជំរុញ​ការនាំចេញ ការលក់ដូរ​ផលិតផល​កម្ពុជា​ទៅ​បរទេស​។ ខ្ញុំ​អាច​និយាយបានថា ការងារ​នេះ មិនមែន​ថា អ្នកណា​ក៏​អាចធ្វើ​បាន​នោះទេ​។ ខ្ញុំ​មិន​នៅក្នុង​គំនិត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ពី​គំនិត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​។ សម្រាប់​សម្តេច លោក ស៊ុន ចាន់ថុល គឹជា​អ្នក​កំណែទម្រង់​ម្នាក់ ក៏ដូចជា​លោក ប្រាក់ សុខុន អ៊ីចឹង​ដែរ​។ លោក ស៊ុន ចាន់ថុល ជា​មនុស្ស​ដែល​មិនដែល​ភ័យខ្លាច​នឹង​ការរៀបចំ ចាត់ចែង ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​ក្រសួង​ឡើយ​។ នៅក្នុង​ក្រសួង​សាធារណៈការ វា​ពិត​ជាមាន​បញ្ហា​មែន​។ បញ្ហា​សាធារណៈការ គឺ​វា​ពាក់ព័ន្ធ​មនុស្ស​គ្រប់គ្នា​។ រាល់ថ្ងៃនេះ យើង​គ្រប់គ្នា​ក៏​អាច​ដឹងថា មាន​អ្វី​ដែលជា​បញ្ហា និង​មិនមាន​បញ្ហា នៅក្នុង​គោលនយោបាយ​សាធារណៈការ​នោះ​។ ដូច្នេះ វា​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ដោយ​ចៀស​មិន​រួច ហើយ​សម្តេចនាយក​រដ្ឋមន្ត្រី​ត្រូវ​រក​ឥ​ស្សជន​ណា​ដែល​ក្លាហាន​ហ៊ាន​កែទម្រង់​នៅក្នុង​ក្រសួង​សាធារណៈការ​នេះ​។ ឥឡូវ​យើង​រង់​ចាំមើល ថា​តើ​វា​នឹងមាន​លទ្ធផល​យ៉ាងណា​។ ខ្ញុំ​រង់ចាំ​មើល​ដែរ​។ ពួកគេ​មិនទាន់​ចាប់ផ្តើម​ការងារ​នៅឡើយ​។​

លោក Raoul-Marc Jennar៖ CPP មាន​កំហុស ដោយសារតែ​មិនបាន​ស្តាប់​ពលរដ្ឋ​គ្រប់គ្រាន់​

​លោក គី សុខ​លីម​៖ តែបើ​តាម​ខ្ញុំ​ស្តាប់ និង​យល់​ពី​លោក លោក​ហាក់​សង្ឃឹម​ច្រើន​ថា ការរុះ​គណៈរដ្ឋមន្ត្រី​លើក​នេះ នឹងមាន​ហុច​ផ្លែផ្កា​?

​លោក Raoul-Marc Jennar៖ ការរុះរើ​គណៈរដ្ឋមន្ត្រី ត្រូវបាន​ធ្វើឡើង​ដើម្បី​ទទួលបាន​ផ្លែផ្កា​។ គ្រាន់តែ​ថា ក្នុងពេល​ឥឡូវនេះ យើង​មិនអាច​និយាយ​អ្វី​បាន​នៅឡើយ ព្រោះ​វា​លឿន​ពេក​។ បើ​គេ​រុះរើ​គណៈរដ្ឋមន្ត្រី​មួយ គ្រាន់តែ​ដើម្បី​ជា​រូបភាព​ទម្រង់ វា​គ្មាន​ប្រយោជន៍​នោះទេ​។​

​លោក គី សុខ​លីម​៖ ខ្ញុំ​ចង់​និយាយ​អំពី​ក្រសួងកសិកម្ម​។ លោក អ៊ុក រ៉ាប៊ុន ត្រូវបាន​ស្តីបន្ទោស​ខ្លាំងៗ និង​ជា​សាធារណៈ​ផង ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី​។ ប៉ុន្តែ លោក អ៊ុក រ៉ាប៊ុន មិន​ត្រូវបាន​បញ្ឈប់​ពី​ការងារ តែ​ត្រូវ​ទៅកាន់​ក្រសួង​ថ្មី​មួយទៀត​ទៅវិញ​។ តើ​លោក​អាច​មើលឃើញ​យ៉ាងណា​ពី​ចំណុច​នេះ​?

​លោក Raoul-Marc Jennar៖ ខ្ញុំ​មិនបាន​ស្ថិតនៅក្នុង​រឿង​អាថ៌កំបាំង​នៃ​ការសម្រេចចិត្ត​នេះនោះ​ទេ​។ ខ្ញុំ​គ្រាន់តែ​យល់ថា សម្តេចនាយក​រដ្ឋមន្ត្រី​បានសម្រេច​ចិត្ត​ធ្វើ​អ្វីមួយ ដែល​ត្រូវធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​។ ប៉ុន្តែ​យើង​នៅ​រង់​ចាំមើល​។ យើង​ពិបាក​និយាយ​ណាស់ នៅពេលដែល​ការរុះរើ​គណៈរដ្ឋមន្ត្រី​មិនទាន់​ចាប់ផ្តើម​ផង​នោះ​។​

​លោក គី សុខ​លីម​៖ មតិ​មួយចំនួន​និយាយថា សម្តេច​ហ៊ុន សែន ហាក់​មិន​ហ៊ាន​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ទេ​។ បានន័យថា សម្តេច​មិន​ហ៊ាន​បញ្ចូល​សមាសភាព​រដ្ឋ​មន្ត្រី​ថ្មី ឬ​មិន​ហ៊ាន​បញ្ចូល​អ្នកជំនាន់ក្រោយ ដោយសារតែ​ខ្លាច​ការរិះគន់​។ មតិ​ទាំងនោះ​លើកឡើង​ទៀតថា សម្តេច ហ៊ុន សែន ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​បញ្ហា​ផ្ទៃក្នុង​បក្ស​។ តើ​លោក​អត្ថាធិប្បាយ​យ៉ាងណាដែរ​?

​លោក Raoul-Marc Jennar៖ រដ្ឋាភិបាល​មួយ​ទាំងមូល ដែល​កើតចេញពី​គណបក្ស​មួយ វា​តែងមាន​អតុល្យភាព​ផ្ទៃក្នុង​។ ហើយ​នេះ​មិនមែន​មានតែ​ករណី​កម្ពុជា​តែមួយ​នោះទេ (​អស់សំណើច​)​។ នៅពេល​រដ្ឋាភិបាល​រប​ស់លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក មួយខែ​ក្រោយមក ទើប​លោក​មើលឃើញថា វា​មាន​អតុល្យភាព​នៅក្នុង​គណបក្ស​របស់លោក​ក​។ ខ្ញុំ​មិនមាន​អ្វី​អត្ថាធិប្បាយ​ច្រើន​លើ​បញ្ហា​នេះ​ទេ​។​

​លោក​ដឹង​ទេ សុន្ទរកថា​ស្តីពី​យុវជន គឺជា​សុន្ទរកថា​ដ៏​ទំនើប​មួយ​ក្នុងពេល​បច្ចុប្បន្ន ហើយ​ដែល​បាន​ដើរ​រំលង​វប្បធម៌​ខ្មែរ​។​

​លោក គី សុខ​លីម​៖ លោក​ចង់​មានន័យ​យ៉ាងដូចម្តេច​?

​លោក Raoul-Marc Jennar៖ វប្បធម៌​ខ្មែរ គឺថា​អ្នក​ត្រូវតែ​បង្ហាញ​ស្នាដៃ​របស់​អ្នក ថា​អ្នកមាន​សមត្ថភាព សម្រាប់​កម្រិត​ណាមួយ​។ ប្រហែល​សម្តេច ហ៊ុន សែន គឺជា​ករណី​ពិសេស​របស់​កម្ពុជា ពីព្រោះ​គាត់​បាន​ក្លាយជា​នាយករ​ដ្ឋ​មន្ត្រី​ដ៏​ក្មេង​ជាងគេ​នៅ​អាស៊ី នៅក្នុង​ឆ្នាំ​១៩៨៥​។ ប៉ុន្តែ​នេះ វា​មិនមែនជា​ទម្លាប់​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ នៅក្នុង​វប្បធម៌​ខ្មែរ គឺ​អតីតភាព អាយុ និង​បទពិសោធន៍​ឯណោះ​ទេ ដែល​បង្ហាញថា​អ្នកណាម្នាក់​អាច​ទទួលខុសត្រូវ​លើ​តួនាទី​អ្វីមួយ នៅ​កម្រិតណា​នោះ​។​

​លោក គី សុខ​លីម​៖ ប៉ុន្តែ​កន្លងមក​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯងបាន​ប្រកាសថា គណបក្ស​នេះ​នឹង​លើកស្ទួយ​យុវជន​។​

លោក Raoul-Marc Jennar៖ ខ្ញុំ​យល់ស្រប​។ ប៉ុន្តែ​ពាក្យ​ថា លើកស្ទួយ​យុវជន គឺ​បានន័យថា ជាដំបូង យើង​ត្រូវ​ស្តាប់​ពួកគេ​។ ប្រហែល​ពេលមុន​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ស្តាប់​យុវជន​គ្រប់គ្រាន់​ល្មម​។ ពោលគឺ​ស្តាប់​ពី​កង្វល់​របស់​យុវជន ស្តាប់​ពី​សេចក្តី​ត្រូវ​របស់​ពួកគេ​ជាដើម​។ ដូច្នេះ វា​មិន​បានន័យថា យុវជន​ម្នាក់​ដែល​ទើប​ចប់​ពី​មហាវិទ្យាល័យ ត្រូវ​ធ្វើជា​រដ្ឋមន្ត្រី​នោះទេ​។ អ៊ីចឹង​ហើយ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​បញ្ចូល​បេក្ខជន​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​ជា​យុវជន​ជាច្រើន​។ ពីព្រោះ​ពួកគេ​ត្រូវ​រៀនធ្វើការ​ងារ​នៅក្នុង​ក្រសួង​។​
​ខ្ញុំ​គិតថា សម្រាប់​គណបក្សនយោបាយ​ទាំងអស់ ពួកគេ​ត្រូវ​ស្តាប់​មហាជន គឺ​មិនមែន​ផ្តាច់ខ្លួន​ចេញពី​ប្រជាជន​នោះទេ​។ បញ្ហា​ធំ​មួយ​របស់​គណបក្ស​សង្គម​និយម​នៅ​ប្រទេស​បារាំង ដែល​គេ​មើលឃើញ​យ៉ាងច្បាស់ គឺ​គណបក្ស​សង្គមនិយម​នេះ​បាន​កាត់​ផ្តាច់ខ្លួន​ពី​ប្រជាពលរដ្ឋ​។ គណបក្ស​នេះ​ជឿថា ខ្លួនឯង​គិត​ត្រឹមត្រូវ​តែម្នាក់ឯង​។​
លោក គី សុខ​លីម​៖ កម្ពុជា​កំពុងមាន​ករណី​ដូចគ្នានេះ​ដែរឬទេ​?

​លោក Raoul-Marc Jennar៖ កម្ពុ​ជាមាន​ករណីនេះ នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​២០១៣​។ គេ​មិនបាន​ស្តាប់​ប្រជាជន​ច្រើន​ល្មម​នោះទេ​។ គេ​ជឿថា គេ​បានឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០០៨ ហើយ​ថា​គេ​គិត​ត្រូវ​ទាំងអស់​។ គេ​ចេះ​ជាង​អ្នកណា​ទាំងអស់​។ ប៉ុន្តែ​ក្រោយមក ទើប​យើង​ឃើញ ថា​ពួកគេ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ជួប​ពលរដ្ឋ ស្តាប់​ពលរដ្ឋ​។​

​លោក គី សុខ​លីម​៖ បានន័យថា សម្តេច ហ៊ុន សែន ស្តាប់​ពលរដ្ឋ​ហើយ​ឥឡូវនេះ ? ឧទាហរណ៍​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

លោក Raoul-Marc Jennar៖ សម្តេច ហ៊ុន សែន តែង​ស្តាប់​ពលរដ្ឋ​។ លោក​ស្តាប់​ច្រើន​ទៀតផង​។ ប៉ុន្តែ​ខ្ញុំ​គិតថា បញ្ហា​បានកើត​ឡើង​ចាប់ពី​ឆ្នាំ​២០០៨​។ វា​ចាប់ផ្តើម​មាន​ភាព​ទំយើ​ចាប់ពីពេលនោះ​។ បើ​យើង​ក្រឡេកមើល​ចន្លោះ​ទស្សវត្សរ៍​១៩៩៨ ដល់ ២០០៨ វា​គឺជា​ទស្សវត្សរ៍​នៃ​ការរីកចម្រើន​នៅក្នុង​គ្រប់​វិស័យ ហើយ​ត្រូវបាន​ទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ​ថែមទៀត​ផង​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានទទួល​ជោគជ័យ​ក្នុងការ​ស្វែងរក​សន្តិភាព​។ នេះ​គឺជា​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ ដោយបាន​នាំ​សន្តិភាព​មកដល់​កម្ពុជា​។ បន្ទាប់​ស្ថិរភាព​បានកើត​មាន​។ តែ​ក្រោយមក ចាប់ពី​ឆ្នាំ​២០០៨ វា​កំហុស​មួយ​។ គណបក្ស​ប្រជាជន​កម្ពុជា​មិនសូវ​ស្តាប់​ប្រជាពលរដ្ឋ ដូច្នេះ​គណបក្ស​នេះ​បានទទួល​ទណ្ឌកម្ម​នៅក្នុង​ឆ្នាំ​២០១៣​។​

​លោក គី សុខ​លីម​៖ បច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្តាប់​ពលរដ្ឋ​ហើយ​មែន​ទេ​?

លោក Raoul-Marc Jennar៖ ខ្ញុំ​ធ្លាប់​និយាយប្រាប់​លោក​នៅក្នុង​បទសម្ភាសន៍​លើក​មុន​ម្តង​ហើយ​ថា អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវធ្វើ គឺ​ត្រូវ​រៀនសូត្រ​ពី​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣​។ ខ្ញុំ​ឃើញ​មានការ​ប្រឹងប្រែង​ខ្លាំង​មែនទែន​។ សូម​លោក​មើល លោក​រដ្ឋមន្ត្រី​អប់រំ ហង់  ជួនណា​រ៉ុ​ន​! គាត់​ធ្វើ​ការងារ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ សូម​លោក​មើល​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​!

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​