ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD)​ ស្តារ​ព្រែក​ពីរ​ខ្សែ​ក្នុងស្រុក​លើកដែក

ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD)​ ស្តារ​ព្រែក​ពីរ​ខ្សែ​ក្នុងស្រុក​លើកដែក



កណ្ដាល ៖ ឆ្លើយ​តម​តាម​តម្រូវការ​ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ​ដាំ​ដុះ​របស់​ប្រជាកសិករ​នោះ​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​​​(AFD)​ជាមួយរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​ស្តារ​ព្រែក​២​ខ្សែ​ ក្នុងស្រុក​លើកដែក។ ខ្សែ​ទី​១​ស្ថិតនៅ​ចំណុច​ព្រែក​ថ្មី ​ក្នុង​ភូមិ​ថ្មី​ ឃុំ​ពាម​រាំង​ ស្រុក​លើកដែក ​ខេត្ត​កណ្ដាល​ ដែល​មាន​ប្រវែង​សរុប​៤២០០​ម៉ែត្រ​ ចាប់​ស្តារ​ពី​មាត់ទន្លេ​ឆ្ពោះ​ទៅ​បឹង​មាន​ប្រវែង​៣៤០០​ម៉ែត្រ ​និង​កាច់​ទៅ​រក​ព្រែក​តា​ទួន ​មាន​ប្រវែង​៨០០​ម៉ែត្រ​ និង​មាន​ការ​សាងសង់​ទ្វារ​ទឹក​១ ​បង្កប់​លូ​ភ្លោះ​១។ ឯ​ខ្សែ​ទី​២​ស្ថិតនៅ​ចំណុច​ព្រែក​កុង​លាប ​ក្នុង​ភូមិ​កណ្ដាល ​និង​ភូមិ​ដងក្ដោង ​ឃុំ​សណ្តា​ ស្រុក​លើកដែក​ ខេត្ត​កណ្តាល ​មាន​ប្រវែង​៣៧៤៧​ម៉ែត្រ​ សាងសង់​ទ្វារ​ទឹក​១ ​ក្បាលហុង​១​និង​បង្កប់​លូ​៦​កន្លែង។

គម្រោង​នេះ​នឹង​រួចរាល់​នៅ​ខែ​៩ ​ឆ្នាំ​២០១៦​ខាងមុខនេះ។ លោកពូ ស្រ៊ន ជា​ប្រជាកសិករ​រស់នៅ​ភូមិ​ថ្មី​ឃុំ​ពាម​រាំង​ ស្រុក​លើកដែក​ ខេត្ត​កណ្តាល ​បាន​មាន​ប្រសាសន៍​ថា ​គាត់​សូម​ថ្លែង​នូវ​អំណរ​អគុណ​យ៉ាង​ខ្លាំង​ដល់​ទី​ភ្នាក់ងារ​បារាំង​ និង​រដ្ឋាភិបាល ​ក៏ដូចជា​រដ្ឋ​អំណាច​មូលដ្ឋាន ​ដែល​បាន​ខិតខំ​ដោះស្រាយ​នូវ​មធ្យោបាយ​ទឹក​គ្រប់គ្រាន់​ដល់​ដំណាំ​ដាំ​ដុះ​របស់​ពួកគាត់។

លោក​បាន​បន្ថែម​ថា ​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ ​នៅ​ពេល​ដែល​ពួកគាត់​ដាំ​ដុះ​បាន​ផល​ច្រើន​ ដោយសារ​មាន​ទឹក​គ្រប់គ្រាន់​ ព្រោះ​មានការ​យកចិត្តទុកដាក់​របស់​រដ្ឋអំណាច​មូលដ្ឋាន​រួម​ជាមួយ​គណៈ​ពង្រឹង​ស្តារ​ព្រែក​ និង​បូម​ទឹក​បញ្ចូល​ព្រែក​នោះ​ តែ​បែរ​ជា​តម្លៃ​កសិផល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ពួកគាត់​ខាត លក់​កសិផល​ហើយ​សង​ថ្លៃ​ថ្នាំ ជី ពូជ​ និង​តម្លៃ​ពលកម្ម​ផ្សេងៗ​ស្ទើរ​ពុំ​គ្រប់​ផង។ ​អាស្រ័យហេតុនេះ​លោក​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​មេត្តា​រក​ទីផ្សារ​សមស្រប​ដល់​ពួកគាត់​ផង​ បើ​ពុំ​ដូច្នោះ​ទេ​ទោះបីជា​មាន​ទឹក​គ្រប់គ្រាន់​ក៏​ពួកគាត់​មិន​ដាំ​ដុះ​បាន​ដែរ ​សុខចិត្ត​ទុក​ដី​ទំនេរ​ចោល​ប្រសើរ​ជាង៕

​​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD)​ ស្តារ​ព្រែក​ពីរ​ខ្សែ​ក្នុងស្រុក​លើកដែក