ឥស្សរជន​តែ​១​រូប​គត់ ដែល​ដាក់ពាក្យ​នៅ​រដ្ឋសភា ដើម្បី​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​

​រហូតមក​ដល់ពេល មាន​ឥស្សរជន​តែមួយ​រូប​គត់ ដែល​បានដាក់​ពាក្យ​ទៅកាន់​រដ្ឋសភា ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​លោក ឯក សំអុល ដែលជា​ប្រធាន​នៃ​ស្ថាប័ន​កំពូល​មួយ​នេះ​។ លោក ឯក សំអុល នឹង​លាលែង​ពី​ដំណែង បន្ទាប់ពី​រដ្ឋសភា បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ថ្មី ជា​ផ្លូវការ​។

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាងថា ចាប់ពី​ថ្ងៃ ដែល​រដ្ឋសភា​ប្រកាស​ព័ត៌មាន រហូតមកដល់​ពេលនេះ មាន​ឥស្សរជន​តែ​១​រូប​គត់ ដែល​បាន​បំពេញ​សំណុំបែបបទ​ពេញលក្ខណ និង​ដាក់​មក​រដ្ឋសភា ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ឥស្សរជន​រូបនោះ​គឺ លោក សំ ព្រហ្មនា ដែលជា​អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​។ លោក បន្តថា តាមពិតទៅ មាន​បេក្ខជន​ចំនួន​៤​ទៀត មក​សូម​លិខិត​ទៅ​បំពេញ​ដែរ តែ​រហូតមក​ដល់ពេលនេះ ពួកគេ​មិនទាន់​យកមក​ដាក់​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា ឥស្សរជន​ថ្មី​នេះ នឹង​កាន់តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ជំនួស​លោក ឯក សំអុល ក្រោយពី​រដ្ឋសភា​ជ្រើសរើស​រួចរាល់​។ លោក​ថា នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ ២០១៦ រដ្ឋសភា និង​បើក​កិច្ចប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៥ ដើម្បី​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី​នេះ​។

​លោក ឡេង ប៉េងឡុង បញ្ជាក់ថា ឥស្សរជន​ថ្មី​នេះ នឹង​ក្លាយជា​សមាជិក​ធម្មតា​ប៉ុណ្ណោះ ព្រោះ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​អាស្រ័យ​លើក​សមាជិក​ទាំង​៩​រូប ជា​អ្នកបោះឆ្នោត​ជ្រើសរើស​។ លោក​បន្ថែមថា ព្រះមហាក្សត្រ នឹង​តែងតាំង​សមាជិក​ថ្មី​១​រូប ចំណែកឯ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏​នឹង​ជ្រើសតាំង​សមាជិក​ថ្មី​១​រូប​ដែរ ព្រោះ​សមាជិក​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​៣​រូប តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ ជា​រៀងរាល់​៣​ឆ្នាំ​ម្តង​។
 
​យោងតាម​រដ្ឋធម្មនុញ្ញ  ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ឋានៈ​និង​បុព្វសិទ្ធិ ស្មើនឹង​ប្រធានរដ្ឋសភា​។ ចំណែកឯ​សមាជិក​មាន​ឋានៈ​និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា​។   សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ​ជ្រើស​តាំងពី​ចំណោម​ឥស្សរជន ដែលមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥​ឆ្នាំ មាន​បទពិសោធ​ការងារ​យ៉ាងតិច ១៥​ឆ្នាំ និង​មាន​សញ្ញាប័ត្រ​ឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច​។​
 
​សូម​បញ្ចា​ក់ថា សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១​រូប និង​សមាជិក​ចំនួន  ៨​រូប​។ ក្នុងចំណោម​សមាជិក​ទាំង​៩​រូបនោះ ៣​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​៣​រូប​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រីឯ​៣​រូប​ទៀត​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​