កូរ៉េ​ខាងជើង​ចេញ​វី​ដេ​អូ​មួយ​ធ្វើ​ត្រាប់​វាយប្រហារ​នុយក្លេអ៊ែរ​លើ​អា​មេ​រិ​ក

ប្រទេស​កូរ៉េ​ខាងជើង​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ មីនា នូវ​វី​ដេ​អូ​ឃោសនា​ថ្មី​មួយ ដែល​បង្ហាញ​ពី​ការ​វាយប្រហារ​នុយក្លេអ៊ែរ​មួយ​លើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ហើយ​គំរាម​កូរ៉េ​ខាងត្បូង​ពី​ការ​វាយប្រហារ​ពុំ​ត្រា​ប្រណី​មួយ ព្រោះតែ​ហ៊ាន​មួលបង្កាច់​មេដឹកនាំ​របស់​ខ្លួន​លោក​គី​ម ជុង​អ៊ុ​ន ។

មាន​ចំណងជើង​ថា «​ភ័ព្វវាសនា​ចុង​ក្រោយ​» វី​ដេ​អូ​រយៈពេល​៤​នាទី​នេះ ចេញផ្សាយ​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​បង្ហាញ​មី​ស៊ី​ល​នុយក្លេអ៊ែរ​មួយ​បាញ់​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង​កម្ទេច​ក្រុង​វ៉ា​ស៊ី​ន​តោន បន្ទាប់​មក​បង្ហាញ​ពី​ទង់ជាតិ​អា​មេ​រិ​កមួយ​កំពុង​ត្រូវ​ភ្លើង​ឆេះ ។

នៅ​ចុងបញ្ចប់​នៃ​វី​ដេ​អូ​នេះ បង្ហាញ​មី​ស៊ី​ល​មួយ​ហោះ​ជ្រែក​ពពក ហើយ​ផ្ទុះ​នៅ​លើ​ដី​មុខ​វិមាន LINCOLN MEMORIAL ជា​វិមាន​កិត្តិយស​របស់​ប្រធានាធិបតី​ទី​១៦​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​រដ្ឋធានី​អា​េ​ម​រិ​ក ។ គេ​ឃើញ​វិមាន​កា​ពី​តូ​ល​ផ្ទុះ​ខ្ទេច ហើយ​លេច​សារ​លើ​អេ​ក្រង់​ជា​ភាសា​កូរ៉េ​ថា «​ប្រសិនបើ​ពួក​ចក្រពត្តិនិយម​អា​មេ​រិ​ក​ហ៊ាន​ឈាន​ជើង​ជាន់​ទឹកដី​យើង​មួយ​ចំអាម​នោះ​យើង​នឹង​វាយប្រហារ​ភ្លាម​ៗ​ជាមួយ​កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​» ។

កាលពីមុន កូរ៉េ​ខាងជើង​ក៏​ធ្លាប់​ចាក់​ផ្សាយ​វី​ដេ​អូ​បែប​នេះ​ដែរ​ក្នុង​នោះ​មាន​វី​ដេ​អូ​មួយ​កាលពី​ឆ្នាំ​២០១៣ ដែល​បង្ហាញ​សេត​វិមាន​រង​ការ​វាយប្រហារ ព្រមទាំង​វិមាន​កា​ពី​តូ​ល​ផ្ទុះ​បាក់ ។

ក្រោយ​ការ​សាកល្បង​នុយ​អ៊ែ​រលើ​ក​ទី​៤​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៦ មក​រា បរិយាកាស​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ ដោយ​លោក​គី​ម ជុង​អ៊ុ​ន គំរាម​ធ្វើការ​សាកល្បង​នុយ​កេ្ល​អ៊ែ​រ​ថ្មី​ៗ ព្រមទាំង​បាញ់​បណ្តា​មី​ស៊ី​ល ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​សហរដ្ឋ​អា​មេ​រិ​ក ៕