អ្នក​​ប្រកប​​របរ​​តូច​តាច ​​អាច​យក​ផល​​ចំណេញ​ពី​ហ្វេ​ស​ប៊ុ​ក​ដោយ​​របៀប​​ណា​?

នៅ​​ក្នុង​​ជំនួញ​វា​ចាំបាច់​ណាស់ ​ដែល​ត្រូវ​មាន​ការ​ឃោសនា​ឱ្យ​​បាន​​ត្រឹមត្រូវ​​បន្ថែម​​ទៅ​លើ​គុណភាព​​នៃ​ផលិតផល ​ឬ​សេវា​ ។

ការ​​មាន​ផលិតផល​ ឬ​សេវាកម្ម​ដ៏​មាន​គុណ​ភាព​មួយ​ ដោយ​មិន​បាន​ធ្វើការ​​ឃោស​នា នឹង​​មិន​អាច​​ជោគជ័យ​​នោះ​​ឡើយ ដោយ​សា​​រ​តែ​អតិថិជន​​មិន​បានដឹង​ ។ ​ការ​ឃោសនា​​ពាណិជ្ជកម្ម​ តាម​បណ្តាញសារព័ត៌មាន​​ដូច​ជា​​កាសែត ទូរទស្សន៍ និង​វិ​ទ្យុ​​ជា​ដើម មាន​​តម្លៃ​​ថ្លៃ ដូច្នេះ​ ក្រុម​ហ៊ុន​តូច​ៗ​ មិន​មាន​ល​ទ្ធ​​ភាព​​បង់​តម្លៃ​​ដ៏​ថ្លៃ​នោះ​​ឡើយ ​។

ប៉ុន្តែ​​នៅ​​សម័យកាល​​នេះ​ បណ្តាញ​​សង្គម​ដូច​ជា​ហ្វេ​ស​ប៊ុ​ក ​និង​បណ្តាញ​សង្គម​ផ្សេង​ទៀត ​មាន​បើកផ្លូវ​​កាន់តែ​ទូលាយ​ សម្រាប់​ការ​ឃោសនា​​ទៅ​កាន់​មហាជន​ ។ ឧទាហរណ៍​យ៉ាង​​សាមញ្ញ​ គឺ​ហ្វេ​ស​ប៊ុ​កបាន​ផ្តល់​ល​ទ្ធ​​ភាព​ឱ្យ​​ក្រុមហ៊ុន​តូច​ៗ​ មាន​ល​ទ្ធ​ភាព​ធ្វើការ​ឃោសនា​​ទៅ​កាន់​មនុស្ស​រាប់​​ពាន់ ​ឬ​ម៉ឺន​នាក់​ ។ ក្រុមហ៊ុន​តូច​ៗ​​អាច​បង្កើត​​ជា​ផេ​ក (page) ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ​ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​​ផេ​​ក​នោះ​ អាច​មាន​អ្នកគាំទ្រ​ច្រើន​ ។ ដើម្បីឱ្យ​​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ ដែល​មាន​អ្នកគាំទ្រ​ច្រើ​ន​នោះ គេ​ត្រូវ​ដាក់​ផ្សាយ​​នៅ​ក្នុង​​ផេ​ក​នោះ នូវ​អត្ថបទ​​រូប​ថត និង​វី​ដេ​អូ ដែល​មាន​លក្ខណ​​:​ទាក់ទាញ​ និង​មាន​ប្រយោជន៍​ ។

ដូច្នេះ​ បណ្តាញ​សង្គម​បាន​​ផ្តល់ឱ​​កាស​​កាន់តែ​ច្រើន​​ដល់​ក្រុមហ៊ុន​តូច​ៗ​ ដើម្បី​ធ្វើការ​ឃោសនា​​ផលិតផល​ ឬ​សេវា​របស់​ពួក​គេ ​ទៅ​ដល់​សាធារណជន​ ។ កាលពី​​ពេល​​មុន ក្រុមហ៊ុន​តូច​ៗ​​មិន​មាន​សំណាង​បែប​នេះ​​ឡើយ​ ។ ម្យ៉ាងទៀត​នោះ មាន​​មនុស្ស​ជា​ច្រើន ​ក៏​បាន​លក់​​ផលិតផល​ ឬ​សេវាកម្ម​របស់​ពួក​គេ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ត្រូវការ​មានផ្ទះ ​ឬ​តូប​សម្រាប់​លក់​​ផលិតផល​ទាំង​នោះ​​ឡើយ​ ។

ដូច្នេះ ​ក្រុមហ៊ុន​តូច​ៗ​ ត្រូវ​មានចំណេះ​ដឹង​​ជា​មូលដ្ឋាន​​អំពី​ការ​ប្រើប្រាស់​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​កឱ្យ​​មាន​ប្រ​សិ​ទ្ធ​​ភាព ​។ បើ​ពុំនោះ ក្រុម​ហ៊ុន​តូច​ៗ​ទាំងនោះ​ នឹង​មិន​អាច​ទទួល​ប្រយោជន៍​បាន​ច្រើន​ពី​បណ្តាញ​សង្គម​នោះ​ឡើយ​ ៕