ដើរ​វង្វេងព្រៃ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ខ្មែរ​ម្នាក់ ខណៈ​ដើរ​រក​សត្វព្រៃ​វង្វេងផ្លូវ កាលពី​ថ្ងៃ​ទី​១៩ មីនា រហូត​មក​ទល់​ថ្ងៃ​ទី​២៦ មីនា ២០១៦ ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ក្នុងភូមិ​ជាំ  ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង  ខេត្តឧត្តរ​មាន​ជ័យ​។

បុរស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ទៅ​រក​សត្វ​ព្រៃ និង​ដាក់​អន្ទាក់​សត្វព្រៃ ស្រាប់តែ​វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ក៏​បាន​ជួប​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ ហើយ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​អស់​រយៈពេល​៧​ថ្ងៃ រួច​នាំ​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​។

មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៦ មីនា ក្រុម​អាជ្ញាធរ​ថៃ​បាន​នាំ​ខ្លួន​បុរស​ខ្មែរ​ម្នាក់​ឈ្មោះ​ ជន ជាំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រុំចេក  ឃុំ​ស្វាយ​លើ  ស្រុក​ស្វាយ​លើ ខេត្តឧត្តរមានជ័យ ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា ខណៈ​បុរស​រូប​នេះ​ដើរ​ព្រៃ​វង្វេង សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ រួច​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នា​ថ្ងៃ​ដដែល​៕