វិធានការ​​មានតែនៅលើបបូរមាត់ ! ​យប់មិញប្លន់ថៅកែដំឡូងមី

ខេត្តរតនគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​ក្រុមចោរ៣នាក់ប្រដាប់ដោយអាវុធវែងខ្លី០២ដើម ​បានសម្រុកចូលប្លន់ផ្ទះថៅកែដំបូងមី ​ដោយប្រមូលយក​លុយ​៧ពាន់ដុល្លារ ​លុយខ្មែរប្រមាណ៩០លានរៀល ​និងចិញ្ចៀន០២វង់ ​គេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះ​ ​បានកើតឡើងនៅយប់ថ្ងៃទី២៦ មីនា ២០១៦ ​នៅក្នុងភូមិ៣​ ឃុំត្រពំាងក្រហម ស្រុកកូនមុំ ។

សេចក្តីរាយការណ៍បានបន្តថា​ ជនរងគ្រោះដែលពុំទទួលរងនូវគ្រោះថ្នាក់​ដោយអំពើប្លន់ខាងលើប្តីឈ្មោះ​ ម៉ិល សាមឿន ​អាយុ៤០ឆ្នាំនិងប្រពន្ឋឈ្មោះ​ មឿង សោភ័ណ្ឌ ​អាយុ៣៦ឆ្នាំ មុខរបរជាអ្នក​ទិញ-លក់ដំឡូងមី ​រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។

នៅព្រឹកថ្ងៃអាទិត្យនេះ ​សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ​ ដើម្បីនំាខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕