មាន​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​នៅ​សមរភូមិ​ដណ្តើម​យក​ក្រុង Palmyra នៅ​ស៊ីរី

មាន​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​នៅ​សមរភូមិ​ដណ្តើម​យក​ក្រុង Palmyra នៅ​ស៊ីរី

នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ទាហាន​របស់​រដ្ឋាភិបាល​ចូល​កាន់កាប់​ច្រក​ចូល​នៃ​ក្រុង Palmyra។

កាល​ពី​ថ្ងៃ​សៅរ៍​ កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​ចលនា​ចូល​ជ្រៅ​ជាង​មុន​ទៅ​ក្នុង​ក្រុង​ Palmyra ដែល​ត្រួតត្រា​ដោយ​ពួក​រដ្ឋ​ឥស្លាម ដោយ​វាយ​យក​បាន​មក​វិញ​នូវ​សង្កាត់​មួយ​ចំនួន។​

អង្គការ​ Syrian Observatory for Human Rights មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​ និង​បណ្តាញ​ផ្សាយ​ព័ត៌មានក្នុង​តំបន់​បាន​រាយការ​ណ៍​អំពី​ការ​វាយប្រហារ​តាម​អាកាស​ និង​ការ​បាញ់​ផ្តក់​ដោយ​បាន​និយាយ​ថា​មាន​ការ​ផ្ទុះ​ជាច្រើន​ត្រូវ​ចំ​អាគារ​ហើយ​ថា​គេ​បាន​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​កន្លែង​ជា​ច្រើន​ផង​ដែរ។

អង្គការ​ Observatory បាន​ពណ៌នា​ការ​ប្រយុទ្ធដណ្តើម​ក្រុង​បុរាណ​ក្នុង​តំបន់​រហោដ្ឋាន​នេះ​ថា​ ជា​ការ​វាយ​លុក​ធំ​បំផុត​នៅ​ក្នុង​យុទ្ធនាការ​មួយ​ដោយ​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​និង​ពួកយុទ្ធជន​ជីវពល​ជា​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​ដែល​មាន​ការគាំទ្រ​ពី​កងកម្លាំង​ជើង​គោក​ និង​កងទ័ព​អាកាស​រុស្ស៊ី។

បើ​តាម​អង្គការ​នេះ​ដែល​បាន​តាម​ឃ្លាំ​មើល​ស្ថានការណ៍​ក្នុង​ប្រទេស​ស៊ីរី​ ការ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ក្រុង​ Palmyra ដែល​នៅ​ពេល​នេះ​បាន​ចូល​ក្នុង​សប្តាហ៍ ទី​បួន​ហើយ​នោះ ​បាន​នាំ​ឱ្យ​មាន​ការ​ខូចខាត​ច្រើន​ដល់​កង​កម្លាំង​រដ្ឋាភិបាល​ដែល​មាន​ទាហាន​យ៉ាង​តិច​ណាស់​១០​នាក់​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍។​គេ​រាយការណ៍​ថា​កាលពី​ថ្ងៃ​សុក្រ​មាន​ទាហាន​រដ្ឋាភិបាល​ស៊ីរី​១៨​នាក់​បាន​បាត់បង់​ជីវិត។

ក្រុង​ Palmyra ដែល​គេ​ដាក់​ឈ្មោះ​ថា​ជា «កូន​ក្រមុំ​នៃ​ទី​រហោដ្ឋាន» បាន​ទាក់ទាញ​ទេសចរណ៍​រាប់​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

ពួក​រដ្ឋ​ឥស្លាម​បាន​វាយ​យក​បាន​ក្រុង​នេះ​ពី​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃកាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៥​ហើយ​បន្ទាប់​មក​ពួកគេ​បាន​បំផ្លាញ​កន្លែង​បុរាណ​ល្បី​ល្បាញជា​ច្រើនក្នុង​សម័យ​ចក្រ​ភព​រ៉ូម៉ាំង​នៅ​ក្នុង​កន្លែង​កេរ្តិ៍ដំណែល​ពិភពលោក​នេះ​របស់​អង្គការ UNESCO៕